adverise with khmeread Chow yun fat

ប្រវត្តិសង្ខេបរបស់ ចូវ យន់ហ្វាត

ចូវ យន់ហ្វាត (Chow Yun Fat) គឺជាតារាភាព​យន្ត​អាស៊ី​ដ៏មានទេពកោ​សល្យ​និងស្រស់សង្ហា​ ហើយលោកបានធ្វើ​ឲ្យ​ទស្សនិកជន​នៅ​បស្ចិម​ប្រទេ​ស​ចាប់អារម្មណ៍​តាមរយៈ​ការសម្តែង​របស់លោក​ក្នុងភាព​យន្ត​បែប​វាយ​តប់​លាយ​ឡំនឹងការប្រយុទ្ធ​គ្នា​ដោយកាំភ្លើង​ដ៏​អស្ចារ្យ​របស់​អ្នក​ដឹកនាំរឿង​ហុង​កុង​លោក ចន វូ (John Woo) ។

          ចូវ យន់ហ្វាត កើតនៅ​ឆ្នាំ​១៩៥៥​ នៅលើ​កោះឡាមម៉ាដ៏ស្ងាត់ជ្រងំ​មួយ​ ជា​ផ្នែក​នៃ​ទឹកដី​ដែលកាលនោះស្ថិតនៅក្រោម​អាណានិគមអង់គ្លេសនៃទីក្រុង​ហុង​កុង​ក្បែ​រកំពង់ផែ Victoria Harbour ។ ម្តាយរបស់​លោក​គឺជា​កសិករដាំបន្លែ​និង​ជា​អ្នក​បោសសម្អាត ហើយឪពុក​របស់​លោកធ្វើការងារ​នៅ​លើនាវា​ដឹកប្រេង​របស់​ក្រុម​ហ៊ុន​ Shell Oil Company ។

          ក្រុមគ្រួសារ​របស់​លោក ចូវ បានផ្លាស់ទៅរស់នៅ​ក្រុងហុងកុងកាលពី​ឆ្នាំ​១៩៦៥​  ហើយដើម​ឆ្នាំ​១៩៧៣​ លោកបានចូល​រួម​សម្តែង​ក្នុង​ភាព​យន្ត​ទូរទស្សន៍​របស់​ផលិត​កម្ម Shaw Bros ។ ជាមួយ​នឹងរូបរាង​ស្អាតនិងភាព​រស់​រាយរាក់​ទាក់ ចូវ ដំបូងឡើយគ្រាន់តែជាតារា​ភាព​យន្តម្នាក់​​ដែលសម្តែង​ក្នុង​ភាព​យន្ត​ទូរទស្សន៍​មិន​សូវល្បីមួយ​។

ទោះបីជា​យ៉ាងណា ប្រជាប្រិយភាព​របស់លោក​បាន​កើន​ឡើង​ជាមួយ​នឹង​ការបង្ហាញមុខ​ជា​តួអង្គអ្នក​លេង​ឈ្មោះ ហ៊ុយ ម៉ានគឿង (Hui Man Keung) នៅ​ក្នុង​ភាព​យន្ត​ភាគដ៏មានប្រជាប្រិយ​រឿង Shang Hai Tan កាលពីឆ្នាំ​១៩៨៣។

          នៅឆ្នាំ​១៩៨៥ ចូវ បានចាប់ផ្តើម​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​សម្រាប់​ការងារ​របស់​លោកនិងទទួលបាន​ពាន​សេះមាសសម្រាប់តារា​ឆ្នើម​ដាច់គេនៅតៃ​វ៉ាន់​និង​ពាន​តារាឆ្នើម​មួយទៀត​ពី​មហោស្រព​ភាព​យន្ត​អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការ​សម្តែង​របស់លោក​នៅក្នុងរឿង Dang doi lai ming កាលពីឆ្នាំ​១៩៨៤។

          ជាមួយនឹងពានរង្វាន់ទាំងនេះ ចូវ បានធ្វើឲ្យលោក វូ ចាប់អារម្មណ៍ ហើយ​​បាន​ជ្រើសរើស​ ចូវ ឲ្យ​សម្តែង​ក្នុងរឿង A Better Tomorrow កាលពី​ឆ្នាំ​១៩៨៦។ ភាព​យន្តនេះ​ទទួលបានជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម​ ហើយមានឥទ្ធិពល​​​លើ​យុវ​ជន​អាស៊ី​វ័យក្មេង មិនខុសពី​ជោគជ័យ​របស់តារាភាព​យន្ត ប៊្រូស លី និង ជែកឃី ចាន ដែលបានធ្វើ​កន្លងមក​នោះទេ។

បន្ទាប់ពី​សាងកេរ្តិ៍​ឈ្មោះនៅក្នុងវិស័យភាព​យន្តហុងកុង ចូវ បន្តឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យភាព​យន្តអាមេរិក ដោយបង្ហាញមុខក្នុងរឿង The Replacement Killers កាលពីឆ្នាំ​១៩៩៨​ រឿង The Corruptor និង​រឿង Anna and the King កាលពីឆ្នាំ​១៩៩៩។

ជា​តារាភាព​យន្តដ៏មានទេពកោសល្យ ចូវ នៅតែ​ជា​តារាភាព​យន្ត​ដែល​គេ​ត្រូវការខ្លាំង​សម្រាប់​ទីផ្សារភាព​យន្ត​ជា​ច្រើន៕

adverise with khmeread

មតិយោបល់