adverise with khmeread 5ed51806 84dd 416b bb7b 537500e4bc72

មេចោរ​ប្លន់​ម្នាក់ ធ្លាប់​ប្លន់​៣៧​លើក ត្រូវបាន​ចាប់ខ្លួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខេត្តព្រៃវែង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង​ព្រះរាជអាជ្ញារង សឿន មុ​នី្ន​រ័ត្ន នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប និង​ចាប់ខ្លួន​មេចោរ​ប្លន់​ដ៏​ធំ​ម្នាក់ ប្រចាំខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង ដែល​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​អ្នកស្រុក​៣៧​លើក។​

    ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង ដែលជា​ម្ចាស់​ករណី​ក្នុង​រឿងនេះ​បានឱ្យដឹងថា ជនជាប់ចោទ​រូបនេះ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ប្លន់ និង​លួច​ជា​ច្រើនដង​នាពេល​កន្លងមក ហើយ​ជននេះ​ជា​អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​វត្ត​ព្រៃម្លូរ​ទៀតផង​។​

    ប៉ូលិស​បន្តថា ជនជាប់ចោទ​ឈ្មោះ ម៉ឹង សារី ហៅ​គ្រូ​ម៉េង អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា កាលពីពេល​កន្លងទៅ​កម្លាំង​ប៉ូលិស​បាន​ចាប់​ខ្លូន​បក្ខពួក​របស់គេ ដោយ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម និង​អាកា​២​ដើម​ផងដែរ​។​ ជននេះ​មាន​កូនចៅ​មួយចំនួនទៀត ក្នុងនោះ​រួមមាន​ទី​១-​ឈ្មោះ នៅ ស័​រ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ក្រចាប់​ក្រោម ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​២- ឈ្មោះ ថោង យា អាយុ​ជាង​៥០​ឆ្នាំ ទាំងពីរ​នាក់​នេះ​ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​និង​គ្នា ត្រូវបាន​ចាប់ខ្លួន​មុនគេ ព្រមទាំង​នាំទៅ​គាស់ យក​កាំភ្លើង​ចំនួន​៣​ដើម ដែល​ពួកគេ​កប់​ទុក​ក្នុង​ដី​។  ក្នុងនោះ​មាន​កាំភ្លើង​អាកា​២​ដើម​និង​កាំភ្លើងខ្លី​១​ដើម ទី​៣- ឈ្មោះ នុត ថង ហៅ​កុ​ត អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំណង​ទាក ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​៤- ឈ្មោះ ងិន ថា អាយុ​៤២​ឆ្នាំ មាន​ទៅ​លំនៅ​ក្នុងភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​និង ទី​៥- ឈ្មោះ គង់ មករា ហៅ​បៀ​វ អាយុ​៣៤​ឆ្នាំ មាន​ទៅ​លំនៅ ក្នុងភូមិ​ជាមួយគ្នា ហើយ​ជន​ទាំង​៣នាក់​នេះ កំពុង​រត់គេចខ្លួន​ប៉ុន្តែ មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​អស់ហើយ​។​

    ប៉ូលិស​បន្តថា ក្រុមចោរប្លន់​ទាំងនេះ​បានធ្វើ​សកម្មភាព ប្លន់​ចំនួន​៣៧​លើក នៅក្នុង​ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ជាពិសេស​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​លើកចុងក្រោយ​ពួកគេ​បាន​ប្លន់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១ នៅក្នុង​ភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

    អំពើ​ប្លន់​នេះ​ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូបបាយ​ជុំគ្នា ស្រាប់តែ​ក្រុមចោរ​ទាំងនេះ ចាប់​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ​សំ ណាគ្រី និង​ឈ្មោះ ស ភា ចងវាយ​ធ្វើបាប និង​ប្លន់​យកបាន លុយ​ចំនួន​១២,០០០​ដុល្លារ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​។​

    មេខ្លោង​ម្នាក់នេះ គឺជា​មេ​កន្ទុយលេខ​ម្នាក់ មុនពេល​ប្លន់​ជនរងគ្រោះ ឲ្យ​តែ​ចាញ់​កន្ទុយលេខ តែង​បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ មានពេលខ្លះ​១​លាន​រៀល និង​ពេលខ្លះទៀត ២​លាន​រៀល​ទៀតផង​។​

    នៅ​លើកចុងក្រោយ​ខ្ចី​ទៀត មិនបាន​ក៏មាន​កំហឹង ​និង​បាន​បោះពាក្យ​សម្ដី​ថា "​មិន​អី​ទេ រកលុយ​ឯង​ប៉ុណ្ណឹង​មិនបាន ចាំ​អញ​ចាប់ជំរិត​ឯង ឲ្យ​អស់​រាប់ម៉ឺន​ដុល្លារ​" ។ បន្ទាប់មក​បាន​នាំ​បក្សពួក ចូល​ប្លន់​ជនរងគ្រោះ​តែម្ដង​។​

    ក្រោយមក​កម្លាំង​ប៉ូលិស​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង បាន​ចាប់ខ្លួន​ជន​សង​ស្ស័​យ បាន​២​នាក់​គឺមាន ឈ្មោះ ថោង យា និង​ឈ្មោះ នៅ ស័​រ ហើយ​ជន​ទាំងនេះ​បាន សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​ចំនួន​៣៧​លើក នៅក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែលមានឈ្មោះ ម៉ឹង សារី ហៅ គ្រូ​ម៉េង ជា​មេខ្លោង​ចង្អុលបង្ហាញ​កន្លែង​ប្លន់​និង​រៀប​គម្រោងការ​ប្លន់​។​

    ម្យ៉ាងទៀត​ពួកគេ ជិះ​ម៉ូតូ​អូស​រទេះ ធ្វើជា​អ្នក​ដើររក​ទិញ​ជ្រូក ប៉ុន្តែ​មិនដែល​ទិញ​នោះទេ​គឺ តថ្លៃ​ខុស​រហូត តាមពិត​ដើរ​មើលផ្លូវ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​តែប៉ុណ្ណោះ។ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​នោះ​ហើយ ទើប​ឈានដល់​ការចាប់ខ្លួន​មេខ្លោង​នេះ​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់