adverise with khmeread 1442b1f7 431c 41e4 b58b aff9a3146c66

រថយន្ត​ក្រុមហ៊ុន RPP បើក​លឿន​បុក​រង្វង់​មូល​ផ្តិល​ថ្មកែវ អ្នកដំណើរ​៥០​នាក់​ភ័យ​ស្ទើរ​លោះ​ព្រលឹង​

    ពោធិ៍សាត់ ៖ រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​(RPP )​ចំណុះ ៤៥​កៅអី ដឹក​អ្នកដំណើរ​បើក​លឿន​​​ដូច​ហោះ​វាក់​ជាមួយ​គោយន្ត​រេ​ចង្កូត​បុក​រង្វង់​មូល​ផ្តិល​ថ្មកែវ បណ្ដាលឱ្យ​ខូចខាត​ទាំង​រង្វង់​មូល និង​រថយន្ត​ប៉ុន្តែ​ពុំមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ គ្រាន់តែ​ភ័យ​ព្រលឹងចុងសក់​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០៩​នាទី​ល្ងាច​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​រង្វង់​មូល​ផ្តិល​ថ្មកែវ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិ៍សាត់។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​គា ពណ៌​ក្រហម ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-1743 ចំណុះ ៤៥​កៅអី ដឹក​អ្នកដំណើរ​ពេញ របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ (RPP) ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។​

    លុះ​ទៅដល់​ចំណុចកើតហេតុ បាន​វាក់​ជាមួយ​គោយន្ត​កន្ត្រៃ​១​គ្រឿង​បើក​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ធ្វើឱ្យ​រថយន្ត​បង្ក​ជាន់​ហ្វ្រាំង​រេ​ចង្កូត​ទៅបុក​រង្វង់​មូល​ពេញទំហឹង ប៉ុន្តែ​ពុំមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ គ្រាន់តែ​ព្រលឹង​ស្ទើរ​ចេញពី​ខ្លួន​ប៉ុណ្ណោះ ចំណែក​គោយន្ត​ឃើញ​ហេតុការណ៍​បែបនេះ​ក៏​បើក​គេចខ្លួនបាត់។​

    មន្ត្រីព៉ូលិស​ចរាចរណ៍​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ដែរ​ថា ករណីនេះ​ខាង​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ក្រុង​សុខចិត្ត​ជួលជុល​ការខូចខាត​រង្វង់​មូល​ឱ្យ​ដូចដើម​វិញ​ចប់សព្វគ្រប់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា​នេះ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់