កំពត ៖ មានករណីអំពើហិង្សាក្នុងគ្រួសារ កើតឡើងគឺកូនស្រីបង្កើតជាមនុស្សគរបានយកកូនកាំបិតចុងស្រួច ចាក់ទៅលើឪពុករបស់ខ្លួន លិចមួយកូនកាំបិត ធ្លាយខ្នងរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ប៉ូលិសនិយាយថា ជនរងគ្រោះជាឪពុកឈ្មោះ ជ្រុន បេង អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ និងជនសង្ស័យជាកូនស្រីបង្កើត ឈ្មោះ ជ្រុន ស្រីនួន អាយុ២៥ឆ្នាំ។
ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យ(កូនស្រី) បានយកកូនកាំបិតចុងស្រួច ទៅលបចាក់ឪពុកបង្កើតរបស់ខ្លួនឯង ពីខាងក្រោយ ត្រូវឆ្អឹងខ្នងត្រង់ចំណុច បោះដៃផុតលិចមួយកូនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។
ប៉ូលិសបន្ដទៀតថា ជនសង្ស័យដែលលបចាក់ ឪពុកខ្លួនឯង ជាមនុស្សគរ ហើយមានសតិហាក់ មិនគ្រប់គ្រាន់ ពេលដែរ សមត្ថកិច្ចសាកសួរ មិនចេះនិយាយស្ដីគិតតែក្រវីក្បាល។ បន្ទាប់ពីមិនមានពាក្យបណ្ដឹងពីជនរងគ្រោះជាឪពុកបង្កើត ទើបលោកអធិការបាន ស្នើសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ដ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋានប៉ូលិសស្រុកអង្គជ័យ រងចាំគោលការណ៍ពីថ្នាក់លើ៕
