adverise with khmeread 1 %282%29

ទំនាយ ៖ ឆ្នាំនេះ​ស្រូវ ពោត និង​សណ្តែក​នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ

    សៀមរាប ៖ តាម​ការ​ផ្សង​របស់​គោ​ឧសភា​រាជ បាន​បង្ហាញថា​ឆ្នាំនេះ​(២០១៦-២០១៧)​ដំណាំ​កសិកម្ម​មាន​ជាអាទិ៍ ស្រូវ ពោត និង​សណ្តែក កម្ពុជា​នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ។ 

    ការលើកឡើង​បែបនេះ​ដោយ​លោកតា​អាចារ្យ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នៅ​ទីលាន​ព្រះ​ស្រែ​ខេត្ត​សមរាប បានបញ្ជាក់​ប្រ​ថ្នូ​ល ដែល​ផ្សង​តាមរយៈ​ការបរិភោគ​របស់​គោ​ឧសភរាជ​ថា «​គោ​ឧសភរាជ បាន​បរិភោគ​ស្រូវ ៩០​ភាគរយ ពោត ៩០​ភាគរយ និង​សណ្តែក ៩៥​ភាគរយ ដោយឡែក ល្ង ស្មៅ ទឹក និង​ស្រា មានការ​បរិភោគ​តិច​តួច​បំផុត​»​។ ​តែ​នេះ គ្រាន់តែ​ជាការ​ធ្វើតាម​ព្រះរាជ​ប្រពៃណី​របស់​ខ្មែរ តែ​ការ​បង្កបង្កើនផល ក៏ត្រូវ​ពឹងផ្អែក​ទៅលើ​ការខិតខំ​ថែទាំ​បន្ថែម​ពី​ប្រជាកសិករ ដែលជា​អ្នក​ដាំ​ដុះ​។​

    សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ទី​លានជល់ដំរី មុខ​ប្រាសាទអង្គរធំ ក្រោម​ព្រះរាជាធិបតី ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង មន្ទីរ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​។​

    លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​ត្រូវបានចាត់តាំង​ធ្វើជា​ស្តេច​មាឃ ព្រះរាជតំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ ខណៈ​ភរិយា​របស់លោក ឃឹម ប៊ុន​សុង គឺ​លោកស្រី គួ​យ ណា​លីន ធ្វើជា​មេ​ហួ​។ 

    នង្គ័ល​ទាំង​៣ ដែល​ភ្ជួរ​នា​ព្រឹក​នេះ នង្គ័ល​ទី​១ តំណាង​ក្រសួងកសិកម្ម កាន់​ដោយ លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​,​ន​ង្គូ​ល​ទី​២ តំណាង​ឲ្យ​ព្រះមហាក្សត្រ កាន់​ដោយ​លោក ឃឹម ប៊ុន​សុង និង​នង្គ័ល​និង​ទី​៣ នង្គ័ល​ព្រះបរមរាជវាំង កាន់​ដោយ​លោក ឥន្ទ រដ្ឋា​សេរី​។ 

    ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ​។ ព្រះរាជ​ពិធី​ដ៏​សំខាន់បំផុត​មួយ បន្ទាប់ពី​ព្រះរាជា​អភិសេក ជា​ពិធី​មួយ​ស្ថិត​ក្នុងចំណោម​ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ​។ 

    ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។ ម្យ៉ាងទៀត​ក៏​ជាការ​ដាស់តឿន​ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ​យើង​ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា​រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​។​

    សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​កសិក​រ​មាន​ទឹកភ្លៀង​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម និង​បាន​ទទួលផល​ល្អ​គ្រប់ៗ​គ្នា​ទូទាំងប្រទេស​កុំបី​ខាន​៕

adverise with khmeread

មតិយោបល់