adverise with khmeread La nina watch

បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា​បាតុភូត La Nina អាច​នឹង​មកដល់​នៅ​ខែកក្កដា​ខាងមុខ​

​    ​គេ​អាច​ហៅ​វា​ថា​ជាការ​ប្រែប្រួល​ចុះឡើង​មិន​ទៀង​នៃ​មាតា​ធម្មជាតិ​។ ការផ្លាស់ប្តូរ​ដ៏​អាក្រក់​បំផុត​រវាង​លក្ខណៈ​អាកាសធាតុ​ពីរ ដែល​គេ​ស្គាល់​ថា រលក​កម្តៅ El Nino និង រលក​ត្រជាក់ La Nino អាច​បង្ក​ភាពវឹកវរ​ទូទាំង​ពិភពលោក​។ 

​    ​បាតុភូត El Nino ដែល​បង្កឡើង​ដោយ​អាកាសធាតុ​ក្តៅ​ពី​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​បានធ្វើឱ្យ​ក្រៀម​ខ្លោច​ដំណាំ​ស្រូវ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ចម្ការ​កា​កាវ​នៅ​ប្រទេស​ហ្គា​ណា ចម្ការ​កាហ្វេ​នៅ​ឥណ្ឌូនេស៊ី និង​ចម្ការ​អំពៅ​នៅក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​ឆ្នាំមុន​មក​។ វា​បានរួម​ចំណែក​ធ្វើឱ្យមាន​ព្យុះសង្ឃរា​ខ្លាំង​បំផុត​នៅ​អឌ្ឍគោល​ខាងលិច​មិន​ធ្លាប់មាន​ពីមុនមក និង​ធ្វើឱ្យ​ផែនដី​ក្តៅ​បំផុត​ក្នុងឆ្នាំនេះ គិត​ចាប់តាំងពី​ទសវត្សរ៍ ១៨៨០ មក​។ 

​    ​ឥឡូវ​ផ្ទៃសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ចាប់ផ្តើម​ត្រជាក់​ហើយ ដែល​នេះ​អាចជា​សញ្ញា​នៃ​ការចាប់ផ្តើម​បាតុភូត​រលក​ត្រជាក់ La Nina​។ អ្នកវិទ្យាសាស្ត្រ​និយាយថា លំនាំ​អាកាសធាតុ​នេះ​អាចរួមចំណែក​ឱ្យមាន​ព្យុះសង្ឃរា​ច្រើន​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក រាំងស្ងួត​នៅ​ប្រេ​ស៊ី​ល និង​ភ្លៀង​ខ្លាំង​នៅ​ឥណ្ឌូនេស៊ី និង​ឥណ្ឌា​។ ខណៈដែល​វា​អាច​ជំរុញ​ដល់​ឧស្ម័ន​ធម្មជាតិ​នៅ​អាមេរិក វា​អាច​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ធ្យូងថ្ម​របស់​អូស្ត្រាលី និង​ទិន្នផល​ដូងប្រេង​ក្នុងប្រទេស​ម៉ាឡេស៊ី​។ សម្រាប់​តំបន់​ខ្លះ វា​អាច​អាក្រក់​ជាង​បាតុភូត​រលក​កម្តៅ El Nino ទៅទៀត​។ 

​    ​លោក Kevin Trenberth អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​បរិយាកាស​នៅ​ទីក្រុង Boulder រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​បាន​និយាយថា "​កម្តៅ​ខ្លាំង​របស់ El Nino មាន​កម្លាំង​ខ្លាំង​ជាង រីឯ La Nina មាន​រយៈពេល​យូរ​ជាង​"​។ 

​    ​លោក Trenberth បាន​និយាយថា វដ្ត​នៃ​អាកាសធាតុ​អាក្រក់​ទាំងពីរ​នេះ​កើតឡើង​រាល់ ២ ទៅ ៣ ឆ្នាំ​គិត​ជា​មធ្យម និង​ជួយ​សម្រួល​សីតុណ្ហភាព​ផែនដី ខណៈដែល​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ស្រូបយក​កម្តៅ​ព្រះអាទិត្យ​អំឡុង​បាតុភូត El Nino ហើយ​បន្ទាប់មក​នឹង​ព្រលែង​មក​បរិយាកាស​ផែនដី​វិញ​។ ការ​នេះ​អាចបង្កើត​បានជា​បាតុភូត La Nina ដែល​ធ្វើឱ្យ​ពិភពលោក​ត្រជាក់​ខ្លាំង​ជាង​មុន​។ 

​    ​អ្នក​ព្យាករ​មកពី​ទ្វីប​ពីរ​ផ្សេងគ្នា​បានចេញ​ការឃ្លាំមើល​បាតុភូត La Nina សម្រាប់​ឆ្នាំនេះ​។ ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​និយាយថា ឱកាស​កើត​បាតុភូត​នេះ​គឺមាន ៥០%​។ រីឯ​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​អាមេរិក​វិញ​ហ៊ាន​ភ្នាល់​ថា​បាតុភូត​នេះ​នឹង​កើតឡើង ៧៥% នៅត្រឹម​ខែធ្នូ ប៉ុន្តែ​ពួកគេ​បាន​និយាយថា តាម​រូបមន្ត​គណនា បាតុភូត​នេះ​អាច​កើតឡើង​ឆាប់​ជាង​នេះ ពោល​គឺអាច​កើតឡើង​នៅ​ខែកក្កដា ទៅ ខែកញ្ញា​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់