adverise with khmeread Single pregnant women

៥ចំណុចត្រូវដឹងនៅពេលមាន​ផ្ទៃពោះ​មិនទាន់រៀបការ

តើអ្នកនៅលីវ ហើយកំពុងមានគភ៌? តើអ្នកគិតថាអ្នកជាស្ត្រីវេទនាជាងគេបំផុតក្នុងលោក? ឈប់គិតរបៀបនេះទៀតទៅ។ រៀងរាល់ឆ្នាំ ស្ត្រីជាង ១ លាននាក់ (ទាំងវ័យក្មេង និងវ័យកណ្តាល) បានឆ្លងកាត់ការមានគភ៌តែម្នាក់ឯង។ វាមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ ហើយអ្នកគួរតែអរគុណទៅ ដែលអាចមានគភ៌នោះ ព្រោះស្ត្រីច្រើនណាស់មិនអាចមានលទ្ធភាពមានកូនបានផង។ ពីអតីតកាល ស្ត្រីមានក្តីអាម៉ាសណាស់ ដែលមានផ្ទៃពោះទាំងមិនទាន់រៀបការ។ សព្វថ្ងៃនេះ ស្ត្រីមានភាពរ៉ឹងប៉ឹងគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនៗរបស់ខ្លួនតែម្នាក់ឯង ហើយស្ត្រីទាំងឡាយគួរមានមោទនភាពចំពោះរឿងនេះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកគួរចងចាំ នៅពេលឆ្លងកាត់ការមានគភ៌ទាំងមិនទាន់រៀបការ។ 

១- ចូលរួមក្រុមអ្នកគាំពារស្ត្រីមានផ្ទៃពោះ
ដូចដែលខ្ញុំបាននិយាយខាងលើអ៊ីចឹង ស្ត្រី​មាន​ផ្ទៃពោះ​មិនទាន់រៀបការមានច្រើនណាស់ក្នុងពិភពលោក។ ស្ត្រីមួយចំនួនមានឪពុកម្តាយ និងមិត្តភក្តិ ខណៈអ្នកខ្លះទៀតពុំមាននរណាម្នាក់ដើម្បីនិយាយជាមួយនោះទេ។ ការចូលរួមក្រុមអ្នកគាំពារស្ត្រីមានផ្ទៃពោះនឹងជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តជាងមុន និងរីករាយនឹងកូនក្នុងផ្ទៃរបស់អ្នក។ ជាងនេះទៅទៀត អ្នកនឹងរៀនសូត្រនូវគន្លឹះមានប្រយោជន៍ជាច្រើន ដែលអ្នកនឹងត្រូវការចាំបាច់នៅពេលដែលកូនអ្នកកើតមក។ មិនថាអ្នកមានក្រុមបែបនេះនៅក្នុងទីក្រុងរបស់អ្នក ឬអ្នករកឃើញវានៅលើអនឡាញនោះទេ គឺអ្នកត្រូវចូលរួមជាមួយក្រុមបែបនេះ ហើយអ្នកនឹងច្បាស់ជាលែងមានអារម្មណ៍ឯកាតទៅទៀតជាមិនខាន។ 

២- បង្កើតមិត្តថ្មី
ដំបូន្មាននេះហាក់ដូចជាមិនអាចទៅរួចទេសម្រាប់ស្ត្រីដែលមានការខ្មាស់អៀនច្រើន...សូម្បីចំពោះមនុស្សដែលពូកែរួសរាយរាក់ទាក់ក៏ដោយ។ ហេតុអ្វី? ព្រោះសព្វថ្ងៃ មនុស្សរវល់ជាមួយនឹងទូរស័ព្ទ ថេប្លេត និងឡេបថប់របស់ពួកគេ រហូតដល់ថ្នាក់គ្មានពេល និងគ្មានអារម្មណ៍ជជែកជាមួយនរណាទាំងអស់។ ប៉ុន្តែកុំចុះចាញ់ឲ្យសោះ។ ត្រូវព្យាយាមបង្កើតមិត្តឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសប្រសិនបើអ្នកស្គាល់ម្តាយដែលមានកូនមិនបានរៀបការមួយចំនួន។ ពួកគាត់នឹងបំផុស និងជម្រុញទឹកចិត្តអ្នកឲ្យបន្តរ៉ឹងប៉ឹង គិតវិជ្ជមាន និងរីករាយជានិច្ច។ 

៣- ចំណាយពេលឲ្យបានច្រើននៅជាមួយសមាជិកគ្រួសាររបស់អ្នក
មិនមែនដោយសារតែអ្នកគ្មានស្វាមីមានន័យថាអ្នកជាមនុស្សឯកានោះទេ។ ប្រសិនបើគ្រួសាររបស់អ្នកគាំទ្រអ្នក សូមកុំបដិសេធវាឲ្យសោះ។ ចំណាយពេលឲ្យបានច្រើនជាមួយពួកគេ និងចែករំលែកក្តីរីករាយជាមួយគ្នា។ ឪពុកម្តាយរបស់អ្នកអាចនឹងសប្បាយចិត្តដែលបានក្លាយយាយតា ឬម្តាយមីងរបស់អ្នកក៏ប្រហែលជាចង់ក្លាយជាម្តាយធម៌កូនរបស់អ្នកផងក៏មិនដឹង។ ប្រសិនបើសមាជិកគ្រួសាររបស់អ្នកមិនយល់ព្រមចំពោះការមានផ្ទៃពោះរបស់អ្នក អ៊ីចឹងត្រូវនៅឆ្ងាយពីពួកគេមួយរយៈពេលសិន។ អ្នកត្រូវតែស្តាប់នូវអ្វីៗដែលវិជ្ជមានជំនួសឲ្យការនិយាយគំរោះគំរើយ។ ស្វែងរកនរណាម្នាក់ដែលមានក្តីរីករាយពិតប្រាកដសម្រាប់អ្នក។ អ្នកជិតខាង ឬមិត្តភក្តិអាចក្លាយជាផ្នែកមួយនៃកូនក្នុងផ្ទៃរបស់អ្នក ហើយអាចនឹងជួយយឹតយោងនៅពេលដែលអ្នកត្រូវការជំនួយ។ ពិភពលោកនេះគឺពោរពេញទៅដោយមនុស្សចិត្តល្អ ហើយជួនកាលមនុស្សប្លែកមិនដែលស្គាល់គ្នាសោះក៏អាចធ្វើឲ្យជីវិតរបស់អ្នករីករាយបានដែរ។ 

៤- ស្វែងរកឆ្មប
ឆ្មបគឺជាស្ត្រីម្នាក់ ដែលមានការបណ្តុះបណ្តាល និងមានបទពិសោធន៍ក្នុងការសម្រាលកូន។ ឆ្មបអាចជួយស្ត្រីមានផ្ទៃពោះតាមគ្រប់វិធី ដែលគាត់អាចធ្វើបាន ហើយគាត់តែងតែនៅទីនោះសម្រាប់អ្នក។ ឆ្មបក៏អាចក្លាយជាមិត្តល្អបំផុតរបស់អ្នកផងដែរ ប្រសិនបើគ្មាននរណាម្នាក់យល់ព្រមឲ្យអ្នកក្លាយជាម្តាយរបស់ក្មេងក្នុងផ្ទៃ។ អ្នកនឹងកាន់តែម្ចាស់ការលើខ្លួនឯងអំឡុងពេលពរពោះ និងឆ្លងទន្លេ។ 

៥- និយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក
គួរឲ្យសោកស្តាយ ស្ត្រីមានផ្ទៃពោះមិនទាន់រៀបការជាច្រើនបានកើតការព្រួយបារម្ភខ្លាំង និងបាក់ទឹកចិត្ត ហើយវាមានផលប៉ះពាល់ខ្លាំងណាស់ដល់ទារក។ ត្រូវនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នកគ្រប់ពេលដែលអ្នកមានអារម្មណ៍ភ័យព្រួយ និងបាក់ទឹកចិត្ត។ ពួកគាត់អាចជួយអ្នកដោះស្រាយជាមួយនឹងការគិត និងអារម្មណ៍អវិជ្ជមាន ហើយអ្នកនឹងដឹងថា កូនរបស់អ្នកមានសុខភាពល្អ និងមានភាពរីករាយ។ គេតែងជឿថា ស្ត្រីមានផ្ទៃពោះដែលមានភាពវិជ្ជមានផ្តល់កំណើតដល់កូនដែលមានភាពវិជ្ជមានដូចគ្នា។ 

វាមានការលំបាកណាស់ក្នុងការឆ្លងកាត់ការមានគភ៌តែម្នាក់ឯង ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃពិភពលោកទេ។ ខ្ញុំជឿថាគ្រប់ស្ត្រីទាំងអស់អាចមានភាពរីករាយដោយមិនចាំបាច់មានបុរសនោះទេ ជាពិសេសប្រសិនបើអ្នកមានកូន។ ប្រសិនបើអ្នកមានផ្ទៃពោះ ខ្ញុំពិតជាសប្បាយចិត្តជំនួសអ្នកណាស់ព្រោះការមានកូនគឺជាកាដូដ៏ល្អបំផុតក្នុងជីវិត។ បំភ្លេចទៅមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ ហើយអត់ឱនទោសឲ្យពួកគេ និងបន្តដំណើរជីវិតទៅមុខទៀត។ ឥឡូវជាពេលដែលអ្នកគួរគិតអំពីកូនរបស់អ្នក។ ត្រូវបន្តមានភាពវិជ្ជមាន ទទួលទានអាហារល្អដល់សុខភាព ដើរហើរឲ្យបានរាល់ថ្ងៃ និងបង្ហាញគ្រប់គ្នាថា ការដែលក្លាយជាស្ត្រីមានផ្ទៃពោះមិនទាន់រៀបការក៏នៅតែអាចមានភាពរីករាយដែរ៕  

adverise with khmeread

មតិយោបល់