adverise with khmeread 8dad2a76 94cc 4bc5 bbc3 5775ffc6b3b9

រើស​គ្រាប់​សល់​ពី​សង្គ្រាម​ទៅ​ដំ​ធ្វើ​ស្នឹងគោ ផ្ទុះ​ស្លាប់​ជីតា និង​ចៅប្រុស​ស្រី​២​នាក់​

    ព្រៃវែង ៖ ជីតា និង​ចៅប្រុស​ស្រី​បាន​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​កាំភ្លើងត្បាល់​១០៥​មី​លី​ម៉ែត្រ សល់​ពី​ជំនាន់​សង្គ្រាម​បណ្តាលមកពី​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​យក​គ្រាប់បែក​ដែល​រើស​បាន ទៅ​ដំ​ធ្វើ​ស្នឹងគោ​។​

    គ្រោះថ្នាក់​នេះ​បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

    លោក​ ម៉ែន ស៊ីន​ប៊​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​ថា ដំបូង​ជនរងគ្រោះ​បាន​រើសយក​គ្រាប់​១០៥​មី​លី​ម៉ែត្រ​នេះ ទៅ​ដំ​ធ្វើ​ស្នឹងគោ ស្រាប់តែ​ផ្ទុះ​បណ្ដាលឱ្យ​ស្លាប់​ទាំង​៣​នាក់​តែម្ដង​។​

    លោក​មេបញ្ជាការ​បន្ដថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ទេព ផល អាយុ​ជាង​៧០​ឆ្នាំ​(​ជីតា​) ទី​២​ឈ្មោះ ផល ណា​រី ភេទ​ស្រី អាយុ​១២​ឆ្នាំ (​ចៅ​)​ និង​ទី​៣​ឈ្មោះ ផល ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ចៅ​)​។ ជនរងគ្រោះ​ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

    ក្រោយ​ការពិនិត្យ​រួច​ពី​សមត្ថកិច្ច សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    លោក​មេបញ្ជាការ​អាវុធ​ហត្ថ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន នៅពេល​ប្រទះឃើញ​គ្រាប់​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម សូម​កុំទៅ​ប៉ះពាល់ ឲ្យ​សោះ​ពោល​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​នៅ​ជិត​បំផុត​ដើម្បី​ចុះទៅពិនិត្យ និង​យកមក​រក្សាទុក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់