ខ្សែប្រយុទ្ធមុតស្រួច Cristiano Ronaldo បានដើរចេញពីការហ្វឹកហាត់មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បួនថ្ងៃបន្ទាប់ពីរងរបួសអំឡុងការហ្វឹកហាត់។
Ronaldo បានប៉ះទង្កិចគ្នាជាមួយអ្នកចាំទីបម្រុងរបស់ក្លឹប កីឡាករ Kike Casilla និងបានដួលខ្ពោកដោយគ្មានលំនឹងខ្លួន។ នៅពេលដែលគាត់មិនអាចងើបឈរបាន មិត្តរួមក្រុមនិងក្រុមគ្រូពេទ្យបានជួយលើកគាត់និងបានដើរចេញពីទីលានហ្វឹកហាត់ខណៈនៅសល់ ១០ នាទីមុននឹងបញ្ចប់។
ប៉ុន្តែកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ថា "ខ្ញុំព្រួយបារម្ភបន្តិចបន្តួច ប៉ុន្តែនៅប៉ុន្មានថ្ងៃទៀតខ្ញុំនឹងជាសះស្បើយវិញហើយ។ ខ្ញុំមានបញ្ហាបន្តិចបន្តួច ប៉ុន្តែនៅពេលដែលយើងជាកីឡាករដែលលេងច្រើនជាងគេ រឿងនេះបានក្លាយជារឿងធម្មតាទៅហើយ"។
ការប៉ះទង្កិចនេះហាក់មិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅពេលដែល Ronaldo ដើរចេញពីទីលាន គាត់បានគប់ដប់ទឹកនិងមើលទៅមិនរីករាយទាល់តែសោះខណៈគាត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។
ហេតុការណ៍នេះបានកើតឡើងអំឡុងការហ្វឹកហាត់ម្ខាង ១០ នាក់នៅក្នុងទីលានខ្នាតតូច។
ប្រភពពីក្លឹបអធិរាជសបានឱ្យដឹងថា បញ្ហារបួសលើកនេះគឺកើតឡើងនៅភ្លៅខាងឆ្វេងរបស់គាត់ហើយខណៈរបួសនេះមិនបានបញ្ជាក់ថាធ្ងន់ធ្ងរ ការត្រៀមខ្លួនរបស់គាត់សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ CL នឹងញាំញីដោយឧបសគ្គជាច្រើនជាក់ជាមិនខាន៕
