Christmastime

ធ្វើតាមវិធីទាំង ៧ នេះក្នុងឱកាសបុណ្យណូអែលមិនត្រឹមចំណាយអស់តិចតែថែមទាំងបង្កើនអនុស្សាវរីយ៍ទៀត

សម្រាប់អ្នកកាន់សាសនាគ្រឹស្ត ឱកាសបុណ្យណូអែល ឬបុណ្យគ្រីស្មាសគឺជាការអបអរថ្ងៃកំណើតរបស់ព្រះយ៉េស៊ូ។ ហើយតាមប្រពៃណីអឺរ៉ុប ការប្រារព្ធពិធីបុណ្យនេះគឺត្រូវទាក់ទងនឹងការទិញរបស់របរជាច្រើន រួមទាំងការដោះដូរកាដូគ្នាទៅវិញទៅមក នេះមិននិយាយរឿងតុបតែងផ្ទះ​ តអំពូលលំអរ ពូនព្រិល ដូចបណ្តាបស្ចិមប្រទេសផង។

ជាការពិត បុណ្យណូអែលមិនមែនប្រារព្ធឡើងតែក្នុងប្រទេសលោកខាងលិចនោះទេ ប្រទេសផ្សេងទៀតលើពិភពលោកក៏ប្រារព្ធពិធីបុណ្យមួយនេះដែរ ហើយរៀងរាល់ឆ្នាំបុណ្យនេះបានបង្កើនចំណូលសេដ្ឋកិច្ចក្នុងស្រុកយ៉ាងច្រើនតាមរយៈការលក់រាយនូវវត្ថុអនុវស្សារីយ៍កាដូជាដើម។ ជាក់ស្តែងគ្រាន់តែក្នុងឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិក ឧស្សាហកម្មលក់រាយបានបង្កើតប្រាក់ចំណូលជាង ៣ ទ្រីលានដុល្លាររៀងរាល់ឱកាសបុណ្យណូអែលម្តងៗ។

ទោះបីការផ្តល់និងទទួលកាដូបានបង្កបរិយាកាសរីករាយ ប៉ុន្តែការអបអរបុណ្យណូអែលនឹងរឹតតែពិសេសប្រសិនបើពុំចំណាយអស់លុយច្រើន។ ខាងក្រោមនេះគឺជាគំនិតមួយចំនួនដើម្បីធ្វើឲ្យបុណ្យណូអែលកាន់តែចងចាំក្នុងចិត្តបានយូរ និងថែមទាំងចំណាយលុយអស់តិចលើកាដូថែមទៀត។  

១. ផ្ញើសំបុត្រដ៏មានអត្ថន័យ
ជួនកាល កាដូល្អបំផុតគឺពាក្យសម្តី។ លោកអ្នកអាចសាកល្បងអង្គុយចុះរួចសរសេរសំបុត្រដ៏រំភើបចិត្តមួយផ្ញើទៅកាន់គ្រួសារឬមិត្តភក្តិ។ នៅពេលអ្នកបង្ហាញនូវការដឹងគុណ និងសេចក្តីស្រឡាញ់ វានឹងរឹតតែធ្វើឲ្យថ្ងៃបុណ្យរបស់ពួកគេសប្បាយរីករាយ ហើយក៏ធ្វើឲ្យអ្នកមានអារម្មណ៍ល្អផងដែរ។

២. នាំមិត្តភក្តិនិងគ្រួសារឬអ្នកជិតខាងច្រៀងកម្សាន្ត
ប្រមូលសមាជិកគ្រួសារ និងមិត្តភក្តិ ចេញទៅច្រៀងនៅថ្ងៃបុណ្យណូអែល អ្នកអាចបបួលអ្នកជិតខាងជិតស្និទ្ធណាដែលមើលទៅស្ងាត់ពេកឲ្យចេញមកច្រៀងលេងទាំងអស់គ្នា។ ធ្វើបែបនេះអ្នកនឹងបង្កើនអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ។  

៣. អញ្ជើញភ្ញៀវថ្មីឲ្យមកលេងផ្ទះ
ទោះថ្ងៃបុណ្យណូអែពោរពេញទៅដោយក្តីសប្បាយរីករាយតែវាក៏អាចជាពេលហ្មងសៅរបស់មនុស្សមួយចំនួនដែរ។ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលនៅម្នាក់ឯងនៅថ្ងៃបុណ្យណូអែល ឬសាច់ញាតិគេទើបស្លាប់ អ្នកអាចបបួលរូបគេមកចូលរួមអបអរបុណ្យជាមួយអ្នកបានផងដែរ។ ធ្វើបែបនេះនឹងមិនប៉ះពាល់អារម្មណ៍ពួកគេទេ តែវាជាកាយវិការជម្រុញទឹកចិត្តមួយដល់ពួកគេឲ្យរីករាយទៅវិញទេ។  

៤. ធ្វើអាហារពិសេសនៅផ្ទះបាយ
ការធ្វើអាហារពិសេសជាមួយមនុស្សជាទីស្រឡាញ់នៅផ្ទះបាយជាមួយគ្នាគឺជារឿងមួយដែលនឹងធ្វើឲ្យអ្នកចងចាំមិនភ្លេចឡើយ ជាពិសេក្នុងឱកាសអបអរបុណ្យណូអែល។ បើអ្នកមានគូស្នេហ៍គួរសាកល្បងធ្វើរឿងនេះសាកល៎មើលនឹងឃើញលទ្ធផលល្អជាមិនខាន។

៥. ធ្វើការដូស្បែកជើងដល់ក្មេងក្រខ្សត់
នៅពេលអ្នកប្រគល់កាដូជាស្បែកជើងដល់ក្មេងក្រខ្សត់ វាហាក់បីដូចជាអ្នកបានផ្តល់ក្តីសង្ឃឹមដល់ពួកគេ ហើយថែមទាំងជួយពួកគេឲ្យរីករាយនឹងឱកាសបុណ្យដ៏ពិសេសនេះទៀតផង។

៦. អញ្ជើញអ្នកជិតខាងផឹកស៊ីតិចតួច
អ្នកអាចអញ្ជើញអ្នកជិតខាងឲ្យមកផឹកស៊ីបន្តិចបន្តួចជាមួយគ្នា ដោយវាមិនចាំបាច់ទាល់តែជាពិធីធំដុំអ្វីនោះទេ ត្រឹមតែអាហារឆ្ងាញ់និងស្រាបៀរតិចតួចគឺសមរម្យពេកហើយ។   

៧. លេងល្បែងកម្សាន្ត
ក្នុងឱកាសបុណ្យណូអែល ក្មេងៗច្បាស់ជាចូលចិត្តប្រលែងគ្នាលេង ដូច្នេះនៅពេលពួកគេជួបជុំគ្នា អ្នកគួររៀបចំល្បែងកម្សាន្តណាមួយឲ្យក្មេងៗបានលេងសប្បាយជាមួយគ្នា។ វិធីនេះក៏នឹងមិនចំណាយលុយអស់ច្រើនដែរ ហើយថែមទាំងបង្កើនអនុស្សាវរយ៍ទៀត៕

ប្រភព៖ ឡាយហ៊ែក

មតិយោបល់