adverise with khmeread 582971c7 d6ee 4d62 b1e7 48f88d6647ab

អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ប្លន់​វាយយក​ម៉ូតូ​

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ក្រុម​លួច​ដោយ​ប្រើ​ហិង្សា វាយយក​ម៉ូតូ​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៤ ​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ជិត​ផ្សារ​កាណាឌីយ៉ា ឋិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ 

    ដោយឡែក​បក្ខពួក​២​នាក់​ទៀត​ត្រូវបាន​គេចខ្លួនបាត់ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ កាលពី​វេលា​ម៉ោង​ប្រហែល​១​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ដោយ​យកបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៩។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​ក្រវាត់ចោល​នៅ​ជិត​កន្លែង​លក់​ទឹកត្នោតជូ ម្តុំ​ទួល​ពង្រ ទើប​ឈានដល់​ក្តាប់​មុខសញ្ញា​ឃាត់ខ្លួន​បាន​ម្នាក់​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា កន្លងមក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​បាន​មួយគ្រឿង​ម្តង​ដែរ​នៅ​ម្តុំ​ដី​ថ្មី ខណ្ឌមានជ័យ​ក្នុងអំឡុង​ឆ្នាំ​២០១៤ គឺ​ម៉ូតូ​ម៉ាក​ឃ្លី​ក និង​បាន​យកទៅលក់​នៅ​ម្តុំ​ទួល​ពង្រ​បាន​លុយ​៣០០​ដុល្លារ និង​វាយ​អ្នកដំណើរ​យក​ទូរស័ព្ទ​បាន​២​ដង​នៅ​ម្តុំ​កាណាឌីយ៉ា​។​

    សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ទើប​ចេញពី​ពន្ធនាគារ​បាន​ជាង​មួយខែ ដោយ​ធ្លាប់​ជាប់​រយៈពេល​២​ឆ្នាំ ពីបទ ចែកចាយ​គ្រឿងញៀន​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ដើម្បី​បន្ត​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់