adverise with khmeread 5b1253df 0f13 4183 884b e2a13a7381a1

ស្លាប់​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ខណៈ​មេឃ​កំពុង​ភ្លៀង

       ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ក្នុងនោះ​មាន​ម្នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​ស្លាប់ ក្រោយពេល​កើតហេតុ​បាន​១​ម៉ោង ព្រោះ​រថយន្ត​គ្លីនិក​ឯកជន​មក​មិន​ព្រម​ជួយ​ដឹក​ទៅ​សង្គ្រោះ ដោយ​និយាយថា​របួសធ្ងន់​ធ្ង​រ​ពេក មិន​សង្ឃឹម​រស់​នោះទេ។


      ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរអោយ​រន្ធត់​នោះ កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា​ម៉ោង ១០​និង ១០​នាទី​យប់​ថ្ងៃទី ២៤ ឧសភា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​យានដ្ឋាន​ទូច សុភាព ស្ថិត​ក្នុងភូមិ អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ រិ​ទ្ធ គឹម ជៀង អាយុ ២៧ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ និង​ទី​២​ឈ្មោះ អៀង ឈុន​ណាត អាយុ ១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល ឃុំ​ទួល ស្រុក​ស្វាយ​រំពារ ខេត្តកំពង់ស្ពឺ ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា ហើយ​ត្រូវជា​សាច់ថ្លៃ​នឹង​គ្នា។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ខណៈពេល​មេឃ​កំពុង​ភ្លៀង​ដំបូង​គេ​ឃើញ ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-3267 បើក​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    លុះ​មកដល់​ចំណុចកើតហេតុ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​នៅខាងមុខ ដោយ​ល្បឿន​លឿន​លាយឡំ​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​មើលផ្លូវ​មិន​ច្បាស់ បាន​បើក​មក​ជ្រុល​ចូល​ចំណែក​ផ្លូវ​ខាងឆ្វេង​ដៃ។ ខណៈនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក Zoomer-X មិន​ចាំ​ស្លាក​លេខ​មក​ទិសដៅ​ច្រាស់​គ្នា ពី​លិចទៅ​កើត បាន​បុក​គ្នា​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​នៃ​ម៉ូតូ​ជនរងគ្រោះ បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ទាំង​២​នាក់​ដួល​បោក​ក្បាលថ្នល់​អូស​ទៅ​ជាង​៥០​ម៉ែត្រ រីឯ​ម៉ូតូ Zoomer-X ជិះ​ម្នាក់ឯង​របួសស្រាល​បាន​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់ទៅ​។​

    ប្រភព​បន្តថា ក្នុង​ហេតុការណ៍​នេះ​បណ្តាលឱ្យ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ បាក់ជើង​ខាងស្តាំ បី​កំណាត់ និង​បែកក្បាល​ពី​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ។​

    ចំណែក​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ បែកក្បាល​ហូរឈាម​ធ្ងន់ធ្ងរ ភា្ល​ម​នោះ​ទៀត​ក៏មាន​ម៉ូតូ MSX មួយគ្រឿង​ទៀត​បើក​មកពី លិចទៅ​កើត​មើលមិនឃើញ​ជនរងគ្រោះ​ដេក​នៅ​ថ្នល់​បានមក​បុក​និង​កិន​ពីលើ​បន្ថែមទៀត ហើយ​ជិះ​ទៅ​បាត់​មួយទៀត​។​

    បន្ទាប់ពី​កើតហេតុ​ការណ៍នេះ បាន​បន្តិច​ក៏មាន​រថយន្ត​ក្លីនិក​ឯកជន​មួយ​មកពី​ម្តុំ​ផ្សារ​ដេប៉ូ មកដល់​កន្លែងកើតហេតុ បម្រុង​ដឹក​ជនរងគ្រោះ​ម្នាក់​ដែល​នៅមាន​ដង្ហើម តែ​មើលទៅ​សភាព​មិនសូវ​ស្រួល​និង​ខ្លាច​ពេល​ដឹក​ទៅ​ស្លាប់​លើ​រថយន្ត​ទៀត​នោះ ទើប​នាំគ្នា​ឡើង​រថយន្ត​វិញ​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​គ្មាន​ចិត្ត​ជួយសង្គ្រោះ​ក្នុង​នាមខ្លួន​ជា​វិជ្ជាជីវៈ​ពេទ្យ​ទាល់តែសោះ។​

    ជាក់ស្តែង​នៅ​កន្លែងកើតហេតុ ប្រជាពលរដ្ឋ​បាន​ប្រតិកម្ម​និង​រិះគន់ ជេរ​យ៉ាងខ្លាំងៗ​ចំពោះ​រថយន្ត​គ្លីនិក​ឯក​មួយ​នេះ​យ៉ាង​កប់ៗ​មាត់​តែម្តង ដែល​បណ្តែត​បណ្តោយឱ្យ​មនុស្ស​ស្លាប់​ម្នាក់ទៀត​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទៅ​សម្រួល​ចរាចរណ៍ និង​ទាក់ទង​ទៅ​ជំនាញ មក​វាស់វែង ធ្វើ​កំណត់​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​ជនរងគ្រោះ​ដឹក​ទៅ​ស្រុកកំណើត​រៀងខ្លួន​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់