adverise with khmeread Your life

របស់ ៨ យ៉ាង ត្រូវមានមោទនភាពដែលមានវាក្នុងជីវិត

តើអ្នកមានបានដឹងខ្លួនថាអ្នកមានសំណាងទេដែលអ្នកមានអ្វីៗអស្ចារ្យបំផុតជាច្រើនក្នុងជីវិតរបស់អ្នក? សព្វថ្ងៃ មនុស្សភាគច្រើនចាប់អារម្មណ៍ទៅលើទ្រព្យសម្បត្តិក្រៅខ្លួន ហើយឧស្សាហ៍ភ្លេចអំពីរឿងមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលពួកគេក៏មានវាក្នុងជីវិតរបស់ពួកគេផងដែរ។ អ្នកអាចមានអារម្មណ៍ដូចជាមនុស្សបរាជ័យអ៊ីចឹងបើគ្មានលុយច្រើន ប៉ុន្តែគ្រប់គ្នាគួរដឹងថាមានរឿងមួយ ដែលសំខាន់ជាងលុយទៅទៀត ហើយវាមិនអាចយកអ្វីទៅទិញបាននោះទេ។ អ្នកគួរតែមានមោទនភាពដែលមានរបស់ទាំងអស់នោះ។ ទ្រព្យសម្បត្តិនោះគឺមានក្នុងខ្លួនរបស់អ្នក ដោយវាជាអ្វីមួយដែលអ្នកមិនអាចប៉ះបាន ស្គាល់ពីរសជាតិ ឬដឹងក្លិនបានទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ដឹងពីវា។ ទ្រព្យទាំងនោះដឹងពីខ្លួនអ្នករៀងរាល់យប់ថ្ងៃ ហើយវាល្អប្រសើរជាងមាសប្រាក់ទៅទៀត។ ខាងក្រោមនេះគឺជារបស់ទាំង ៨ យ៉ាង ត្រូវមានមោទនភាពដែលមានវាក្នុងជីវិត។ 

១- លទ្ធភាព
អ្នកអាចមានអារម្មណ៍ចង់សម្រេចឲ្យបានគោលដៅមួយក្នុងជីវិត តែវាគួរឲ្យសោកស្តាយណាស់ប្រសិនបើអ្នកគ្មានលទ្ធភាពដើម្បីសម្រេចគោលដៅនោះ។ ទោះយ៉ាងណា នេះគឺជារឿងពិត ព្រោះសព្វថ្ងៃមនុស្សគ្រប់គ្នាមានលទ្ធភាពច្រើនណាស់។ ពិភពលោកទំនើបនេះបានផ្តល់ឱកាសជាច្រើនដល់ស្ត្រីក្នុងការធ្វើដំណើរ អភិវឌ្ឍខ្លួនឯង ជួបមនុស្សម្នាថ្មីៗប្លែកមុខ ស្វែងរកព័ត៌មានដែលនាងត្រូវការ និងមានភាពរីករាយក្នុងជីវិតជាទូទៅ។ល។ មានតែមនុស្សខ្ជិលទេដែលនិយាយថាពួកគេគ្មានជម្រើស។ មានឱកាស ជម្រើស និងកោលានុវត្តភាពច្រើនណាស់ ដែលយើងមាន។ នេះគឺជារឿងមួយទៀត ត្រូវមានមោទនាភាព ដែលមានវានៅក្នុងជីវិតរបស់អ្នក។ 

២- ក្តីស្រឡាញ់
អ្នកអាចនឹងពុំទាន់មានទំនាក់ទំនងស្នេហានោះទេ ប៉ុន្តែអ្នកអាចនឹងនៅតែស្រឡាញ់នរណាម្នាក់ ឬអ្វីមួយមិនយូរមិនឆាប់នោះឡើយ បើទោះបីជាអ្នកពុំមានដៃគូក៏ដោយ។ ក្តីស្រឡាញ់មានគ្រប់ទីកន្លែង ហើយអ្នកគួរតែរៀនមើលឲ្យឃើញវា ឬបង្កើតវា ហើយបន្ទាប់មកត្រូវពង្រីកវាឲ្យកាន់តែធំ។ សេចក្តីស្រឡាញ់មាននៅក្នុងចិត្តរបស់អ្នកដូច្នេះត្រូវដឹងពីវា និងចែករំលែកវាជាមួយអ្នក ដែលត្រូវការវា។ អ្នកមានគ្រួសារ និងមិត្តភក្តិ។ តើនេះមិនមែនជាក្តីស្រឡាញ់ទេឬ? ប្រាកដណាស់ នេះគឺជាក្តីស្រឡាញ់ ហើយនេះគឺជារឿងប្រពៃណាស់ដែលយើងត្រូវមានមោទនភាពដែលមានវានៅក្នុងជីវិតរបស់យើង! 

៣- សុវត្ថិភាព
យើងរស់នៅក្នុងទីក្រុងដ៏មានសុវត្ថិភាពនៃប្រទេសដ៏សុខសាន្ត ហើយនេះគឺជារឿងដ៏ល្អឥតខ្ចោះ ដែលត្រូវមានមោទនភាពចំពោះវា។ មនុស្សជាច្រើនពុំមានឱកាសល្អបែបនេះផង តែទោះយ៉ាងណាវាមិនមែនជាហេតុផលដែលត្រូវបន្ទោសខ្លួនឯងនោះទេ។ វាមិនមែនជាកំហុសរបស់អ្នកនោះទេ ដែលអ្នករងទុក្ខវេទនាពីហានិភ័យនៃសង្គ្រាម និងគ្រោះធម្មជាតិជាអចិន្ត្រៃយ៍។ អ្នកគួរតែអរគុណ និងមានអារម្មណ៍រីករាយចំពោះពេលវេលា និងទីកន្លែងសុវត្ថិភាព ដែលអ្នកកំពុងរស់នៅ។ 

៤- សម្រស់របស់ពិភពលោក
សម្រស់គឺជាផ្នែកដ៏សំខាន់នៃជីវិតរបស់យើង ហើយវាមិនអាចមានអ្វីមកជំនួសបាននោះឡើយ។ ប្រសិនបើអ្នកគិតថាមិនមានភាពទាក់ទាញគ្រប់គ្រាន់ អ៊ីចឹងរង់ចាំដល់អ្នកមានវ័យ ៦០ នោះអ្នកនឹងដឹងថាអ្នកពិតជាខុស។ ទោះបីជាអ្នកមិនអាចឲ្យតម្លៃលើរូបរាងពិសេសផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏នៅតែមានអ្វីៗដែលស្អាតជាច្រើនផ្សេងទៀតនៅផ្នែកមួយនៃផែនដីនេះដើម្បីឲ្យអ្នករីករាយដែរ។ អ្នកគួរតែអរគុណចំពោះមាតាធម្មជាតិ និងអរគុណចំពោះលទ្ធភាពរបស់អ្នក ដែលបានឃើញសម្រស់ធម្មជាតិទាំងអស់នោះ។   

៥-​ មិត្តភក្តិ
មនុស្សដែលមានមិត្តភាពពិតប្រាកដក្នុងជីវិតរបស់ពួកគេគឺពិតជាមនុស្សសំណាងណាស់។ បើទោះបីជាយើងមិនអាចជ្រើសរើសគ្រួសាររបស់យើង ក៏យើងនៅតែអាចជ្រើសរើសមិត្តភក្តិរបស់យើងបានដែរ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តជាមួយនឹងបងប្អូនរបស់អ្នក អ៊ីចឹងអ្នកច្បាស់ជាមានអារម្មណ៍រីករាយជាមួយនឹងមិត្តសំណព្វរបស់អ្នក។ យើងត្រូវការមនុស្ស ដែលនឹងចាំគាំទ្រ និងអបអរយើងពេលដែលជួបគ្រាលំបាក។ យើងត្រូវការមនុស្សដើម្បីចែករំលែកសូម្បីតែរឿងសំងាត់បំផុត។ ជាចុងបញ្ចប់ យើងត្រូវការស្មារបស់នរណាម្នាក់ដើម្បីយើងយំពីលើ ហើយមិត្តពិតប្រាកដនឹងតែងតែនៅទីនោះសម្រាប់អ្នក។ 

៦- ចំណេះដឹង
ក្មេងៗមិនចង់ទៅសាលារៀននោះទេ ហើយសិស្សទាំងឡាយចូលចិត្តរអ៊ូរទាំថា ពួកគេត្រូវខកពិធីដោយសារតែការប្រលង។ ប៉ុន្តែឥឡូវអ្នកច្បាស់ជាបានដឹងថា វាពិតជាអស្ចារ្យដែលមានចំណេះដឹងពេញខ្លួន។ សូម្បីក្នុងសតវត្សរ៍ទី ២១ នេះហើយក៏ដោយ ក៏នៅតែមានក្មេងៗជាច្រើនដែលប្រាថ្នាចង់បានការអប់រំតែមិនអាចទទួលបានដូចបំណង ព្រោះពួកគេមានបញ្ហាស្មុគ្រស្មាញដ៏ធំក្នុងជីវិតរបស់ពួកគេ។ អ្នកគួរតែអរគុណឪពុកម្តាយរបស់អ្នកសម្រាប់លទ្ធភាពក្នុងការទទួលបានការអប់រំ។ ដូចគ្រប់គ្នាបានដឹងហើយ "ចំណេះដឹងគឺជាកម្លាំងអានុភាព"។ ប្រាកដណាស់ ឪពុកម្តាយរបស់អ្នកគឺជាមនុស្សដែលផ្តល់ឲ្យអ្នកនូវរាល់កម្លាំងអនុភាពទាំងអស់នោះហើយ។ 

៧- គ្រួសារ
មិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតនោះទេ អ្នកមិនគួរភ្លេចគ្រួសាររបស់អ្នកឡើយ។ ដំបូន្មានរបស់ម្តាយ និងការការពាររបស់ឪពុកគឺមានតម្លៃខ្លាំងណាស់ក្នុងជីវិតរបស់អ្នក។ គួរឲ្យស្តាយ មិនមែនគ្រប់គ្នាសុទ្ធតែមានទំនាក់ទំនងដ៏រីករាយជាមួយគ្រួសាររបស់ពួកគេនោះទេ ហេតុដូច្នេះហើយប្រសិនបើអ្នកមាន អ្នកគួរតែមានមោទនភាពដែលមានវា ហើយរីករាយដែលអ្នកនឹងមិននៅឯកាក្នុងពិភពលោកដ៏ឃោរឃៅបច្ចុប្បន្ននេះទេ។ 

៨- សុខភាព
មនុស្សមួយចំនួនមិនបានអរគុណទេដែលពួកគេមានសុខភាពល្អ និងថែមទាំងមិនរវីរវល់មើលថែវាទៀត។ ប្រសិនបើអ្នកមិនស្ថិតក្នុងចំណោមពួកគេទេ វាពិតជាអស្ចារ្យណាស់សម្រាប់អ្នក។ យើងមានរាងកាយតែមួយទេ ដូច្នេះយើងគួរតែអរគុណទៅដែលមានរាងកាយដែលមានសុខភាពល្អ។ ប្រសិនបើអ្នកកើតទុក្ខដោយសារអត់ទាន់មានឡានជិះនៅអាយុខ្ទង់ ២០ ឆ្នាំ សូមគិតទៅដល់មនុស្សពិការសតិ នោះអ្នកនឹងដឹងថាខ្លួនអ្នកវាប្រសើរជាងអ្នកទាំងនោះកម្រិតណា។ ពួកគេរងទុក្ខវេទនា តែលោកអ្នកវិញបែរជាមានភាពរីករាយ ដូច្នេះត្រូវចេះយកចិត្តទុកដាក់ពីរាងកាយរបស់អ្នកផង ដោយទទួលទានរាល់ចំណីដែលល្អដល់សុខភាព និងចៀសវាងទម្លាប់អាក្រក់ៗ។   

មនុស្សមានអ្វីៗដែលមានតម្លៃច្រើនណាស់ក្នុងជីវិតរបស់ពួកគេ ដែលវាសំខាន់ជាងការដែលមានលុយកាក់ទៅទៀត។ អ្នកពិតជាសំណាងណាស់ដែលមានរបស់ទាំងអស់នោះក្នុងជីវិត ហើយអ្នកគួរតែកុំព្យាយាមបំភ្លេចពីរឿងទាំងនេះ។ ត្រូវមានមោទនភាពដែលមានអ្វីៗទាំងអស់នេះ ហើយត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីថែរក្សា និងធ្វើឲ្យវាល្អប្រសើរឡើងតាមដែលអាចធ្វើទៅបាន៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់