adverise with khmeread 3

ប្រតិភូក្រុមហ៊ុនកសិកម្មខេត្តជាំងស៊ូមកសិក្សា តំបន់អភិវឌ្ឍន៍កសិកម្មសុខសែនជ័យ

    ភ្នំពេញ ៖ ប្រតិភូក្រុមហ៊ុនផលិតស្រូវដ៏ធំរបស់ខេត្តជាំងស៊ូនៃប្រទេសចិនកាលពីថ្ងៃទី២២ធ្នូកន្លងទៅនេះ បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រនិងអំពីរបៀបដាំស្រូវក្រអូបប្រកបដោយធម្មជាតិពិតៗមិនប្រើគីមីសម្រាប់នាំចេញ ទៅទីផ្សារក្រៅប្រទេស។ទីតាំងដំណាំស្រូវដែលផលិតស្រូវក្រអូបធម្មជាតិរបស់កម្ពុជានោះគឺនៅតំបន់អភិវឌ្ឍន៍កសិកម្មសុខសែនជ័យស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
    លោកKong Xiang Jun អគ្គនាយកក្រុមហ៊ុនលៀនហ្វា ដែលជាក្រុមហ៊ុនកសិកម្មដ៏ធំនៅខេត្តជាំងស៊ូនៃប្រទេសចិនមានប្រសាសន៍ថា លោកបានដឹកនាំគណ:ប្រតិភូមួយក្រុមមកតំបន់អភិវឌ្ឍន៍កសិកម្មសុខសែនជ័យនាពេលនេះដើម្បីសិក្សាស្វែងយល់អំពីការរៀបចំប្រព័ន្ធធារាសាស្ត្រនិងដកស្រង់បទពិសោធន៍អំពីរបៀបដាំស្រូវក្រអូបធម្មជាតិដែលមានតម្លៃខ្ពស់សម្រាប់នាំចេញទៅបរទេស ពិសេសប្រទេសចិន។
    លោកKong Xiang Junមានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោកមកសិក្សានាពេលនេះ ព្រោះមានបំណងមកបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មជាពិសេសដំណាំស្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាដែលផលិតផលស្រូវមិនប្រើប្រាស់ជាតិគីមី។
   លោក តាំង សុខឃី តំណាងក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍កសិកម្ម​សុខ​សែន​ជ័យបានបង្ហាញពីរបៀបរៀបចំប្រព័ន្ធធារាសាស្ត្របញ្ចេញបញ្ចូលទឹកពីស្រែមួយទៅស្រែមួយមានកម្ពស់ខុសគ្នាប្រមាណ៣សង់ទីម៉ែត្រ ដើម្បីងាយស្រួលបង្ហូរទឹកពីអាងស្តុកទឹក ចូលស្រែ ហើយបង្ហូរពីស្រែចូលក្នុងប្រព័ន្ធប្រឡាយវិញដោយមិនបាច់ប្រើម៉ាស៊ីនបូមទឹក។
    ទោះបីឆ្នាំនេះទឹកទន្លេតូច តែក្រុមហ៊ុនបានត្រៀមទឹករាប់លានម៉ែត្រគូបស្តុកក្នុងអាងទឹក១៤០ហិកតា សម្រាប់ធ្វើស្រែប្រាំង២ដងលើផ្ទៃដី ១៦៨០ហិកតា។ទឹកនេះក្រុមហ៊ុនអេងឌីប៉ូតែងតែធ្វើការផ្តល់ឲ្យពលរដ្ឋនៅតំបន់នេះប្រើជារៀងរាល់ឆ្នាំពេលជួបគ្រោះរាំងស្ងួតផងដែរដោយមិនគិតថ្លៃឡើយ។
     លោកតាំង សុខឃីបន្តថា អំពីរបៀបដាំស្រូវលោកបានបន្សុតពូជប្រភេទស្រូវក្រអូប សម្រាប់នាំចេញទៅលក់នៅលើទីផ្សារពិភពលោក ជាពិសេសទីផ្សារប្រទេសចិន ។ ការបន្សុតពូជគឺត្រូវការកម្លាំងកសិករជំនាញដើម្បីស្ទូង។ចំំណែក
ការធ្វើស្រូវវិញគឺព្រួសវាតែម្តងដោយប្រើបុគ្គលិកអណ្តែតជាង១០០នាក់។ក្នុងមួយហិកតាប្រើពូជពី២០០ទៅ២៥០គីឡូក្រាមហើយស្រូវមួយគ្រាប់អាចបែកគុម្ពបាន ៣៥ដើម ប្រសិនថែទាំឲ្យបានដិតដល់។លោកបន្តថាក្នុងមួយហិកតាទទួលបានផលពី៥ទៅ៦តោនដែលគិតពីថ្ងៃព្រោះដល់ពេលច្រូតកាត់១០០ថ្ងៃ។សម្រាប់ការច្រូត កាត់វិញគឺប្រើគ្រឿងចក្រទាំងអស់ដោយមានបុគ្គលិកពេញសិទ្ធិ៦០នាក់។
     ​គួររំលឹកថាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥មានគណ:ប្រតិភូខេត្តក្វាងស៊ី ដែលដឹកនាំដោយលោក Guan Yue Qing បានមកទស្សនកិច្ចនៅក្នុងតំបន់នេះ ហើយបានឯកភាពគ្នាថា ក្រុមហ៊ុនឯកជនមកពីខេត្តក្វាងស៊ីនៃប្រទេសចិនសហការជាមួយក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍កសិកម្ម​សុខ​សែន​ជ័យនៃប្រទេសកម្ពុជាដែលក្រៅពីការនាំអង្ករទៅកាន់ប្រទេសចិន ក្រុមហ៊ុនទាំងពីរគ្រោងនឹង ពង្រីកទីផ្សារនាំអង្ករមាសសទៅកាន់ទីផ្សារពិភពលោកបន្ថែមទៀតនៅពេលអនាគត ។
    ការតាំងចិត្តបែបនេះដោយមើលឃើញការអភិវឌ្ឍន៍ដំណាំស្រូវបែបធម្មជាតិពណ៌បៃតងស្រស់របស់ក្រុមហ៊ុន អេង ឌីប៉ូ ប្រកបដោយបច្ចេកទេសខ្ពស់ ជាកសិកម្មបែបទំនើបទាន់សម័យ ដែលអាចធានាដល់់ការនាំចេញប្រកបដោយនិរន្តរភាពស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕

adverise with khmeread

មតិយោបល់