adverise with khmeread 2

​ខ្លា​កំណាចទាំង ៧ ​​រូបនេះ​នឹងធ្វើ​ឱ្យ Premier League រដូវ​កាល​ក្រោយ​កក្រើក​មិន​ធ្លាប់មាន​ពីមុនមក​

​    ​ក្របខ័ណ្ឌ Barclays Premier League ប្រហែលជា​មិនមាន Lionel Messi ឬក៏ Cristiano Ronaldo ប៉ុន្តែ​ពួកគេ​មាន​កំពូល​គ្រូបង្វឹក​បាល់ទាត់​ក្នុង​ពិភពលោក​ដែល​នឹង​ចាប់ផ្តើម​រជ្ជកាល​ថ្មី​នា​រដូវ​កាល​ក្រោយនេះ​។​

​    ​អ៊ីចឹង​តើ​ក្របខ័ណ្ឌ​នេះ​នឹងមាន​នរណា​ខ្លះ​ដែល​ធ្វើឱ្យ​ប្រិយមិត្ត​គាំទ្រ​ក្លឹប​របស់​អង់គ្លេស​កក្រើក​នោះ​? ពិតណាស់​ពួកគេ​នឹងមាន​លោក Mourinho, Guardiola, Klopp, Wenger, Pochettino, Conte និង​មនុស្ស​មិនអាច​បំភ្លេចបាន​គឺ​លោក Ranieri​។​

​    ​លោក Jose Mourinho គឺជា​លោក "The Special One" ដែល​ល្បី​ថា ពូកែ​វាយឫក សម្បូរ​រឿងចម្រូងចម្រាស និង​ពូកែ​ដុត​គូប្រកួត​នឹង​ប្រឈមមុខ​លោក Pep Guardiola ដែលជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន​។​

​    ​នៅឯ​ទឹកដី Anfield លោក Jurgen Klopp ត្រូវបាន​លើកសរសើរ​ថា ជា​គ្រូ​ជំនាន់​ថ្មី​ដែល​នឹង​ជួយ​ក្លឹប​ឱ្យទទួល​ជោគជ័យ​បន្ទាប់ពី​លោក Bill Shankly និង Kenny Dalglish​។​

​    ​ចំណែកឯ​ក្លឹប Arsenal ពួកគេ​មាន​វីរៈបុរស​ដ៏​គួរឱ្យ​គោរព​និង​មុខ​ក្រាស់​សម្រាប់​ប្រិយមិត្ត​មួយចំនួន​គឺ​លោក Arsene Wenger​។ បន្ទាប់ពី​មានការ​លើក​បដា "​លោក Wenger អើយ​ចាក​ចេញទៅ​" ឥឡូវ​អ្វីៗ​ហាក់ដូច​វិល​មក​សភាព​ដើម​វិញ ហើយ​ក្រុម​អ្នកគាំទ្រ​ចាប់ផ្តើម​គាំទ្រ​គ្រូបង្វឹក​របស់​ពួកគេ​វិញ​ដើម្បី​ចាប់ផ្តើម​ប្រកួតប្រជែង​ជាមួយ​ខ្លា​ដទៃទៀត​។​

​    ​បន្ទាប់មក​ក្របខ័ណ្ឌ​នេះ​មាន​គ្រូបង្វឹក​ពូកែ​ខាង​ដាក់​ក្បួន​សញ្ជាតិ​អ៊ីតាលី​ពីររូប​គឺ​លោក Antonio Conte និង Ranieri​។ យើង​បានដឹងហើយថា លោក Ranieri បាន​បង្កើត​អភិនីហារ​ជាមួយ Leicester កាលពី​រដូវ​កាល​មុន​ដោយបាន​ជួយ​ក្រុម​នេះ​លើក​ពាន Premier League ខណៈ​បាន​ចាយលុយ​មិន​ដល់ ៤០ លាន​ដុល្លារ​ផង​។

​    ​ស្របពេល​នេះដែរ គ្រូបង្វឹក​ជ្រើស​ជាតិ​អ៊ីតាលី​បច្ចុប្បន្ន​លោក Conte គឺ​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​គ្រូបង្វឹក​ដឹកនាំ​បែប​ផ្តាច់ការ និង​ផ្តោតទៅលើ​ប្រព័ន្ធ​ការពារ​ជាសំខាន់​។ ដូច្នេះ​មានការ​ជជែក​វែកញែក​ជាច្រើន​ថា តើ​កីឡាករ​ដែល​សម្បូរ​រឿងចម្រូងចម្រាស​ជាមួយ​លោក Mourinho កាលពី​រដូវ​កាល​មុន​គឺ Eden Hazard និង Diego Costa អាច​ទ្រាំទ្រ​ជាមួយ​កំហិត​ដែល​នឹងមាន​នា​រដូវ​កាល​ក្រោយ​ឬ​យ៉ាងណា​។​

​    ​ចំណែក​ក្រុម Spurs ក៏មាន​គ្រូបង្វឹក​លំដាប់ថ្នាក់​ពិភពលោក​វ័យក្មេង​ផងដែរ​គឺ​លោក Mauricio Pochettino​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ជួយ​ក្រុម​មាន់​ខ្នាយ​មាស​ឱ្យ​ឈានទៅដល់​ភាពរុងរឿង​បំផុត​ប្រចាំ​ក្លឹប​កាលពី​រដូវ​កាល​មុន ដោយ​ជួយ​ក្រុម​ឈរ​នៅ​លេខ​បី​និង​បាន​លេង​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល Champions League រដូវ​កាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។ គ្រូបង្វឹក​រូបនេះ​បាន​អភិវឌ្ឍ​កីឡាករ​ដូចជា Harry Kane, Eric Dier, Dele Alli, Danny Rose និង Kyle Walker ឱ្យមាន​មុខមាត់​កាលពី​រដូវ​កាល​មុន​។​

​    ​រឿង​តែមួយគត់​ដែល​យើង​ច្បាស់​នោះ​គឺ រដូវ​កាល​ក្រោយនេះ សង្គ្រាម​ក្នុង​បន្ទប់​សន្និសីទកាសែតរ​វាង​គ្រូបង្វឹក​នីមួយៗ​នឹង​កក្រើក ខណៈ​ពួកគេ​នឹង​និយាយ​ការពារ​ខ្លួន​និង​វាយប្រហារ​គូសត្រូវ​របស់ខ្លួន​។​

​    ​លោក Mourinho និង​លោក Wenger មាន​ប្រវត្តិ​ជូរចត់​ជាមួយគ្នា ខណៈ​អនាគត​គ្រូបង្វឹក Man Utd បាន​ហៅ​គ្រូ Arsenal ថា "​ជា​អ្នកជំនាញ​ខាង​បរាជ័យ​"​។ លោក Mourinho ក៏មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​លោក Guardiola កាលពី​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ផងដែរ​។​

​    ​ខាងក្រោម​នេះ​ជា​អ្វីដែល​គ្រូបង្វឹក​ទាំងនេះ​បាន​និយាយ​ពីគ្នា​!
​    ​- លោក Arsene Wenger បាន​រិះគន់​លោក Jose Mourinho បន្ទាប់ពី​ត្រូវបាន​ហៅថា​ជា​អ្នកជំនាញ​ខាង​បរាជ័យ​ថា "​ជា​មនុស្ស​ឆ្កួត​និង​ខ្វះ​ការគោរព​។ ប្រិយមិត្ត Chelsea គួរតែ​ខ្មាសអៀន​ជាង​ខ្ញុំ​"​។​
​    ​- លោក Jose Mourinho បាន​ថាឱ្យ​លោក Claudio Ranieri មុននឹង​គាត់​ចូល​ដឹកនាំ​ក្រុម Leicester ថា "​គាត់​ចាស់​ណាស់​មិនអាច​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់គាត់​បា​ន​ទេ​"​។​
​    ​- លោក Ranieri បាន​សរសើរ​លោក Conte បន្ទាប់ពី​ទទួល​ការងារ​នៅ Chelsea ថា "​គាត់​គឺជា​មនុស្ស​ហ្មត់ចត់​។ ខ្ញុំ​នឹង​រង់ចាំ​គាត់​នៅពេលដែល​គាត់​មកដល់​។ គាត់​នឹង​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​"​។​
​    ​- លោក Conte បាន​សរសើរ​លោក Pochettino កាលពី​ឆ្នាំ ២០១៥ ថា "​ភ្ញាក់ផ្អើល​គឺជា​ពាក្យ​ដែល​គួរ​ពណ៌នា​! Tottenham គឺជា​កន្លែង​ដ៏​ល្អ​ដើម្បី​អភិវឌ្ឍ​ថ្នាល​"​។​
​    ​- លោក Pochettino បាន​រិះគន់​ចំពោះ​ការប្រៀបធៀប​ថា គាត់​គឺជា​លោក Jurgen Klopp វគ្គ ២ "​អ្នក​មិនអាច​ប្រៀបធៀប​ស្ទីល​របស់​ពួកយើង​បានទេ​! យើង​ជា​ក្រុម​ខុសប្លែក​ពី​គេ​។ ខ្ញុំ​មិន​និយាយថា ក្រុម​របស់​យើង​ល្អ​ជាង​ក្រុម​ដទៃ​នោះទេ​"​។​
​    ​- លោក Klopp បាន​ព្រមាន​លោក Guardiola មុននឹង​ចូលរួម​ជាមួយ Man City ថា "​ទីនេះ​គឺជា​ការប្រកួតប្រជែង​ពិតៗ​! ខ្ញុំ​មិន​គិតថា​វា​នឹងមាន​ដូច​ស្ថានភាព​ដែល​គាត់​ដឹក​នាំនៅ​ប្រទេស​អេ​ស្ប៉ា​ញ​និង​អាល្លឺម៉ង់​នោះទេ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់