adverise with khmeread 479c0f8a b1b9 411b 856b 0cb6c717f7d3

មេចោរ​ប្លន់​ប្រើ​កាំភ្លើង AK ដែល​ធ្លាប់​វាយ​ម្ចាស់ផ្ទះ​របួសធ្ងន់​ប្លន់​យក​ទ្រព្យ​ក្រោយ​ចេញពី​គុក មេចោរ​ប្លន់​ល្បីឈ្មោះ គំរាម​សម្លាប់​មន្ត្រីប៉ូលិស ២​រូប​

    បន្ទាយមានជ័យ ៖ មេចោរ​ប្លន់​ប្រើ​កាំភ្លើង AK ដែល​ធ្លាប់​វាយ​ម្ចាស់ផ្ទះ ឲ្យ​របួសធ្ងន់ ហើយ​ប្លន់​យក​ទ្រព្យ នៅ​ភូមិ​រំដួល ស្រុក​ព្រះនេត្រព្រះ កន្លងមក ក្រោយពី​តុលាការ​ដោះ​លេង ឲ្យ​មាន​សេរីភាព​វិញ​កាល ពី​ពេល​ថ្មីៗ​នេះ ឥឡូវ បាន​គំរាម​សម្លាប់ មន្ត្រីប៉ូលិស​២​រូប ដែលជា​អ្នក​ធ្លាប់​ចាប់​រូបគេ​ផ្ទាល់ដៃ​។​

    នៅក្នុង​គណនី​បណ្តាញ​សង្គម​របស់លោក អាត់ ខែម ស្នងការ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ បានសរសេរថា “​មុខសញ្ញា​ឈ្មោះ ឡោ​ត លៀត (​លាត​) ឬ ភឹង លៀត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក​ដែល (​ប៉ូលិស​) ចាប់បាន​កាលពី​ថ្ងៃទី​៦ កញ្ញា​ឆ្នាំ​២០១៥  ជា​មេខ្លោង រៀប​គម្រោងការ​និង​ដឹកនាំ​ប្លន់​ប្រដាប់អាវុធ នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ក្រោយ​ស៊ើបអង្កេត លំបាក​ណាស់ ១​ខែ​ទើប​ចាប់បាន​”​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បន្តថា “​តែ​តុលាការ​បន្ទាយមានជ័យ ដោះលែង​ថ្ងៃទី​៦ ឧសភា​ឆ្នាំ​២០១៦ ចឹ​ង​សូម​បងប្អូន (​ពលរដ្ឋ​) ប្រយ័ត្ន ព្រោះ​នៅ​យប់​ថ្ងៃទី​២៣ ឧសភា ២០១៦ មាន​ប្លន់​នៅ​ស្រុក​ក្រឡាញ់ ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​។ ខ្ញុំ​នឹង​ប្រាប់​បន្ថែម​បក្ខពួក​៤​នាក់ ទៀត ដែល​ប្លន់​ប្រដាប់អាវុធ ដែលមាន​ដីកា​ឬ​ចាប់ខ្លួន តែ​ចាប់​មិនទាន់បាន​”​។​

    លោក សិទ្ធិ ឡោះ ស្នងការរង​ទទួល​ព្រហ្មទណ្ឌ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ រំលឹកថា អំពើ​ប្លន់​ប្រដាប់​កាំភ្លើង​AK​នោះ កើត​កាលពី វេលា​ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។​

    មេខ្លោង និង​បក្ខពួក​ចោរប្លន់ បាន​យក​កាំភ្លើង​ភ្ជង់ រួច​ចាប់​ម្ចាស់ផ្ទះ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ចងដៃ​ចងជើង​នឹង​ខ្សែ​។ ចោរ​ម្នាក់ បាន​ប្រើ​ដំបង វាយ​១​ដំបង ចំ​ចិញ្ចើម​បុរស​ជា​ប្តី បង្ក​ឱ្យ​របួសធ្ងន់ ហើយ​សន្លប់​បាត់ស្មារតី​។​

    ម្ចាស់ផ្ទះ មានឈ្មោះ ថោង ចុង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ ៥៤​ឆ្នាំ​។ បាន​យក ប្រាក់ ទូរ​សព្ទ័ ខ្សែដៃ​ផ្លាក​ទីន​២​ខ្សែ ក្រវិល​១​គូ ក្រវិល​មាស​១​គូ ម៉ូ​២​គ្រឿង​រួច​ក្រុមចោរ​បាននាំគ្នា​រត់គេច​ខ្លួន​អស់​។​

    លុះ​នៅ​ថ្ងៃទី​២៧ សីហា ២០១៥ សមត្ថកិច្ច​ក្រុមការងារ​ស៊ើបអង្កេត លើ​ករណីនេះ កំណត់​បាន​មុខសញ្ញា​សង្ស័យ ចំនួន​៤​នាក់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ បន្ទាប់​មកដល់​ថ្ងៃទី​៧​កញ្ញា ២០១៥ ក៏​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ ជា​មេខ្លោង ឈ្មោះ លួ​ន លាត ហៅ​លោត លៀត​, ឡោ​ត លៀត​, ភឹង លៀត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ​។ តែ​ធ្លាប់​មក​ស្នាក់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

    ឯមុខ​សញ្ញា​បក្ខពួក​ស​ង្ស័​យ ៣ នាក់​ទៀត​បាន​ប្រើ​កាំភ្លើង​AK ប្លន់​ជនរងគ្រោះ​បន្ត​គេចខ្លួន តែមាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ ជន​ទាំងនេះ​បានគេច​ខ្លួន ទៅធ្វើ​ពលករ​នៅ​ថៃ តែ​អាច​វិល​វិញ​ព្រោះ​មេខ្លោង​ចោរប្លន់​ប្រើ​កាំភ្លើង​AK របស់ខ្លួន​ក៏ត្រូវ​តុលាការខេត្ត​បន្ទាយមានជ័យ​ដោះលែង​ទៅហើយនោះ​។​

    ទន្ទឹមនេះ នាយការិយាល័យ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ និយាយថា “​អតីត​មេខ្លោង​ប្លន់​ប្រើ​កាំភ្លើង​AK ភឹង លាភ​ហៅ​ឡោ​ត លាប ក្រោយ​ការដោះលែង​នេះ បាន​គំរាម​សម្លាប់​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ ដែល​ធ្លាប់​ទៅ​ចាប់​គេ​កន្លងមក គឺ​គម្រាម​លោក​វរសេនីយ៍ ឡា​ច ញ៉ឹ​ប និង​លោក​វរសេនីយ៍ ភឿ ម៉ាន់​សឹង្ហ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ជាដើម​។​

    ករណីនេះ​សមត្ថកិច្ច​បានស្នើ​សុំ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក​អគ្គស្នងការ​ប៉ូលិស​ជាតិ ដើម្បី​ជ្រាប និង​អន្តរាគមន៍ ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផង​។​

    អាជ្ញាធរ សមត្ថកិច្ច​ខិតខំ​អនុវត្ត​ផែនការ​ភូមិ​ឃុំ មាន​សុ​វត្តិភាព​ណាស់ដែរ ហើយ​មិនដែល​សោះឡើយ​ហ៊ាន​លែងចោរ លែង​ជនល្មើស​បែបនេះ​។ ប៉ុន្តែ​អ្នក​ដោះលែង គឺ​ខាង​តុលាការ​ឯណោះ​ទេ មិនមែន​នគរបាល ឬ​អាវុធហត្ថ​ឡើយ​។​

    នៅ​យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ អ្នកកាសែត​មិនអាច​សុំ​ការពន្យល់​ពី​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ជា​អ្នកនាំពាក្យ​តុលាការ ខេត្តបន្ទាយមានជ័យ បានទេ ព្រោះ​ទូរ​សព្ទ័​ទាក់ទង​មិនបាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់