adverise with khmeread 6df014e6 43e3 4342 a723 bb4ca148dfc5

ត្រង់​ពេក​អស់​ម៉ូតូ​មួយគ្រឿង​

    ភ្នំពេញ ៖ បុរស​ម្នាក់​ចាញ់ល្បិច​ជនសង្ស័យ​គ្នា​៣​នាក់ ពឹង​ឲ្យ​ឌុប​កូនក្មេង ទៅដល់​កន្លែង​ស្ងាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ដោយ​មិនបាន​ដក​សោ​ម៉ូតូ ត្រូវបាន​ជនសង្ស័យ​បើក​យកទៅ​បាត់ ហើយ​រត់​មកប្តឹង​ប៉ូលិស​ឱ្យជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ផ្សារ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ ជិះ​យកទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-3071។​

    រឹម ពិសិដ្ឋ ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា មុន​កើតហេតុ​ខ្លួន​បាន​ឌុប​ជូន​បងប្អូន មកពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ម្តុំ​ផ្សារ​កាណាឌីយ៉ា ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ។ ពេលដែល​ទៅដល់​ហើយ ក៏បាន​ជិះ​ម៉ូតូ​វិលត្រឡប់​មកវិញ​។ ជិះ​បាន​បន្តិច​ស្រាប់តែ មាន​មនុស្ស​៣​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​ហៅ ពឹង​ឲ្យ​ឌុប​ក្មេងប្រុស​ម្នាក់​អាយុ​ប្រហែល​១០​ឆ្នាំ ទៅ​ដាក់​នៅមុខ​ផ្សារ​ចោមចៅ ហើយ​ចាំ​គេ​ឲ្យ​លុយ​ឈ្នួល។    

    ជនរងគ្រោះ​បន្តទៀត ពេលដែល​ឌុប​ក្មេង​តូច​មកដល់​គោលដៅ​ហើយ គ្រាន់តែ​ក្មេង​នោះ​ចុះ ខ្លួន​ក៏​ចុះ​ពីលើ​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ធុន​ធំ គ្នា​៣​នាក់​ដែល​បាន​ពឹង​ឱ្យ​ឌុប​នោះមក​ដល់​ល្មម ហើយ​មាន​គ្នា​វា​ម្នាក់ ហក់​ឡើង​ជិះ​ម៉ូតូ​ខ្លួន​ចេញទៅ​បាត់ ក្មេង​តូច​នោះ​ក៏​គេចខ្លួន ជនសង្ស័យ​២​នាក់ ទៀត​ជិះ​ម៉ូតូ​ធុន​ធំ​ក៏​ជិះ​រត់គេច​ទៅ​បាត់ សល់​តែ​ជនរងគ្រោះ ស្រឡាំងកាំង រត់​ឆ្លេឆ្លា ប្រាប់​ឲ្យ​គេ​ជួយ​តែ​ជនសង្ស័យ​គេចខ្លួនបាត់​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់