adverise with khmeread High heels

ហេតុផល ៥ ដែលអ្នកមិនគួរពាក់ស្បែកជើងកែងចោត

ស្បែកជើងកែងចោតគឺជាគ្រឿងលេងស្ទីលជាយូរមកហើយក្នុងទូស្បែកជើងរបស់នារីៗនៅជុំវិញពិភពលោក។ គួរឲ្យសោកស្តាយ មានការសិក្សាជាច្រើនបានបង្ហាញពីផលប៉ះពាល់អវិជ្ជមានមួយចំនួន ដែលស្បែកជើងកែងចោតអាចបង្កលើជើងរបស់នារីៗ។ ប៉ុន្តែសំណាងល្អដែរ គឺមានស្បែកជើងកែងរាបស្មើជាច្រើន​ដែលជាជម្រើសពេញនិយម និងនៅតែមើលទៅមានស្តាយស្អាតទាន់សម័យ ហើយនឹងមិនធ្វើឲ្យអ្នកឈឺជើងនោះទេ។ 

១- ស្បែកជើងកែងចោតបង្កភាពអន្តរាយដល់កំភួនជើង និងសរសៃពួរសាច់ដុំកែងជើងរបស់អ្នក
យោងតាមការសិក្សាមួយធ្វើឡើងនៅសាកលវិទ្យាល័យ Manchester Metropolitan University ក្នុងប្រទេសអង់គ្លេស ការពាក់ស្បែកជើងកែងចោតធ្វើឲ្យថយចុះសរសៃសាច់ដុំក្នុងកំភួនជើង និងរួមចំណែកធ្វើឲ្យឈឺសរសៃពួរសាច់ដុំកែងជើង ដែលមានមុខងារសម្រាប់ភ្ជាប់សាច់ដុំកំភួនជើងទៅនឹងកែងជើង។ ផលប៉ះពាល់នេះទទួលខុសត្រូវចំពោះការថយចុះចលនាក្នុងកជើង។ ការសិក្សានេះត្រូវបានរៀបចំឡើងលើមនុស្សស្រីចំនួន ១១នាក់ ដែលពាក់ស្បែកជើងកែងចោត និង ៩នាក់ទៀតមិនបានពាក់ស្បែកជើងកែងចោតទេ។ ពួកអ្នកស្រាវជ្រាវបានចាប់ផ្តើមដោយស្កែនលើបណ្តុំសាច់ដុំកំភួនជើងរបស់ស្ត្រីទាំងនោះជាមួយនឹងម៉ាស៊ីន MRI និងបានកត់សម្គាល់ឃើញភាពខុសគ្នារវាងក្រុមស្ត្រីទាំងពីរក្រុមនេះ។ ប៉ុន្តែក្នុងការពិនិត្យតាមដានបន្ថែមទៀត ពួកគេបានកត់សម្គាល់ឃើញថា សរសៃសាច់ដុំរបស់ស្ត្រី ដែលពាក់ស្បែកជើងកែងចោតបានរួមខ្លីជាងមុន ១៣ភាគរយ និងមានសរសៃពួរសាច់ដុំកែងជើងរីកធំជាងមុន។ 

២- ស្បែកជើងកែងចោតអាចជាមូលហេតុបង្កឲ្យឈឺខ្នង
ជើងគឺជាគ្រឹះដ៏សំខាន់ ដែលរាងកាយរបស់អ្នកពឹងផ្អែកលើ។ ការពាក់ស្បែកជើងដែលមិនត្រូវជាមួយជើងអាចបង្កើតការឈឺចាប់មិនចាំបាច់ជាច្រើនកន្លែង រួមទាំងការឈឺខ្នងផងដែរ។ ការពាក់ស្បែកជើងកែងចោតក៏រួមចំណែកធ្វើឲ្យខូចដំណើរមាយាទផងដែរ និងបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើឆ្អឹងខ្នងរបស់អ្នក។ សូមព្យាយាមទិញតែស្បែកជើងកែងចោតណាដែលមានកម្ពស់ត្រឹម ១អ៊ីញចុះក្រោម ហើយអ្នកនឹងបានឃើញភាពខុសគ្នាដ៏ធំសម្បើមមួយ។ 

៣- ស្បែកជើងកែងចោតបានត្រឹមតែជួយលើកកម្ពស់គំនិតចាស់គំរិលដែលថាស្ត្រីទាល់តែពាក់ស្បែកជើងកែងចោតទើបមើលទៅសម
សូម្បីក្នុងសម័យទំនើបនេះទៅហើយក្តី ក៏ការពាក់ស្បែកជើងកែងចោតនៅតែត្រូវគេផ្សារភ្ជាប់ទៅនឹងភាពជាស្ត្រីពេញលក្ខណៈ។ ក្នុងឆ្នាំកន្លងទៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តក្រុងកានក្នុងប្រទេសបារាំង មានរឿងចម្រូងចម្រាស់មួយជុំវិញការហាមឃាត់ក្រុមនារី ដែលជ្រើសរើសពាក់ស្បែកជើងកែងរាបស្មើជំនួសឲ្យស្បែកជើងកែងចោត។ ផ្អែកតាមក្រិត្យក្រមដ៏តឹងរឹងនៃព្រឹត្តិការណ៍មួយនេះ ស្ត្រីទាំងអស់ត្រូវបានអនុញ្ញាតឲ្យពាក់តែស្បែកជើងកែងចោតតែប៉ុណ្ណោះ ទោះបីជាពួកគេមានបញ្ហាសុខភាពក៏ដោយ។ ទស្សនៈហួសសម័យអំពីសម្រស់របស់នារីតាមរយៈស្បែកជើងកែងចោតមិនត្រឹមតែនៅមានវត្តមានក្នុងសង្គមស៊ីវីល័យប៉ុណ្ណោះទេ តែថែមទាំងមាននៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃផងដែរ។ ត្រឹមតែហេតុផលសុខភាពមួយមុខ វាពិតជាសំខាន់ណាស់ដែលត្រូវគិតអំពីសារ ដែលអ្នកកំពុងបញ្ជូនចេញទៅក្រៅ (ចង់ឲ្យគេមើលទៅថាសមឬមិនសម) ប្រសិនបើអ្នកសម្រេចចិត្តពាក់ស្បែកជើងកែងចោត។ 

៤- ស្បែកជើងកែងចោតអាចបញ្ជូនសញ្ញាខុសមួយចំពោះក្រសែភ្នែកប្រុសៗ
ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលពាក់ស្បែកជើងកែងចោតត្រូវបានចាត់ទុកថាមានភាពទាក់ទាញខាងផ្លូវភេទ និងទទួលបានការចាប់អារម្មណ៍ជាង ពីសំណាក់មនុស្សទាំងពីរភេទ។ ការសិក្សាមួយរៀបចំឡើងដោយលោក Nicolas Gueguen ក្នុងឆ្នាំ ២០១៤ បានបង្ហាញថា ស្ត្រីដែលពាក់ស្បែកជើងកែងចោតមានឱកាសខ្ពស់ក្នុងការត្រូវបានមនុស្សប្រុសយល់ច្រឡំរហូតដល់ទៅ ៩៣% ធៀបនឹងស្ត្រីដែលពាក់ស្បែកជើងកែងរាបស្មើមានតែ ៦២% ប៉ុណ្ណោះ។ ក្នុងករណីខ្លះ ការទទួលបានការចាប់អារម្មណ៍ពេកមិនមែនជាអ្វីដែលអ្នកចង់បាននោះទេ។ ស្បែកជើងកែងចោតគឺសម្រាប់ធ្វើឲ្យជើងស្ត្រីមើលទៅវែង ហេតុនេះហើយវាធ្វើឲ្យគេច្រឡំស្មានថាជាអ្នកបង្ហាញម៉ូត។ ប្រសិនបើអ្នកមិនចង់ឲ្យគេមើលមកឃើញថាជាអ្នកត្រេកត្រអាលខាងផ្លូវភេទ អ៊ីចឹងវាដល់ពេលដែលត្រូវពិចារណាពាក់ស្បែកជើងរាបស្មើវិញហើយ។ 

៥- ស្បែកជើងកែងចោតធ្វើឲ្យធ្លាក់ចុះកិត្តនាមនៅកន្លែងធ្វើការ
យោងតាមអត្ថបទមួយក្នុងកាសែត The Atlantic ស្ត្រីដែលតស៊ូពុះពារដើម្បីឡើងដល់តំណែងកំពូលក្នុងអាជីពរបស់ខ្លួនគួរតែប្រកាន់ខ្ជាប់នឹងស្បែកជើងកែងចោត ដរាបណាពួកគេបានទៅដល់តំណែងដែលចង់បាន ជាពិសេសនៅក្នុងវិស័យការងារសម្រាប់តែមនុស្សប្រុស ដូចជាផ្នែកបច្ចេកវិទ្យាជាដើម។ ការពាក់ស្បែកជើងកែងចោតធ្វើមានការបែងចែកគ្នាកាន់តែខ្លាំងរវាងមនុស្សប្រុស និងមនុស្សស្រីនៅកន្លែងធ្វើការ ហើយវាក៏ជាការបង្ហាញចេញពីចរិកមាយាទនៃភាពជាស្ត្រីផងដែរ។ ហេតុដូច្នេះហើយ វាពិតជាសំខាន់ណាស់ដែលត្រូវចងចាំថានៅពេលណាដែលអ្នកត្រៀមឈុតពាក់ទៅធ្វើការ ត្រូវគិតឲ្យបានល្អិតល្អន់អំពីស្បែកជើងរបស់អ្នក និងគិតពីសារអ្វីដែលអ្នកចង់បង្ហាញចេញនៅការិយាល័យរបស់អ្នក៕  

adverise with khmeread

មតិយោបល់