adverise with khmeread 1

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

​    ​ក្នុង​សតវត្សរ៍​ទី ១៣ កងទ័ព​ដ៏​មហិមា​របស់​ម៉ុង​ហ្គោល​បាន​លុកលុយ​ទូទាំង​អាស៊ី​កណ្តាល មុនពេល​វាយលុក​ចូល​អឺរ៉ុប​តាមរយៈ​ការលើក​ក្បួនទ័ព​ឆ្លងកាត់​ទន្លេ​ដា​នូ​បេ (Danube River) ក្នុងប្រទេស​ហុង​គ្រី​។ 

​    ​ប៉ុន្តែ​កូនចៅ​របស់​ព្រះ​ចៅ​អធិរាជ សង់​ស៊ី ខាន់ (Genghis Khan) និង​ទាហាន​របស់​ទ្រង់​ស្រាប់តែ​ដកទ័ព​ចេញពី​ហុង​គ្រី​ក្នុង​ឆ្នាំ ១២៤២ ដោយ​ឆ្លងកាត់​ប្រទេស​សែ​ប៊ី និង​ប៊ុលហ្គារី​តាមផ្លូវ​ឆ្ពោះទៅ​រុស្ស៊ី​វិញ​។ 

​    ​ឥឡូវ​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញ​ពន្លឺ​នៃ​ការដកថយ​របស់​ម៉ុង​ហ្គោល និង​បាន​លើកឡើងថា កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​ព្រះ​ចៅ​អធិរាជ​សង់​ស៊ី​ខាន់​បាន​បង្ខំចិត្ត​ដកថយ​មិនមែន​ដោយសារ​កម្លាំង​ទ័ព​របស់​ហុង​គ្រី​ទេ តែដោយសារ​អាកាសធាតុ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែឧសភា ឆ្នាំ​២០១៦​។ 

​    ​ការសិក្សា​នោះបាន​ចង្អុល​បង្ហាញថា អាកាសធាតុ​នៅ​រង្វង់​ពេល​នោះបាន​ប្រែល​ជា​អាក្រក់ ដែល​អាច​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀង ក៏ដូចជា​បង្ក​ការលំបាក​សម្រាប់​ទាហាន​ក្នុង​ការធ្វើ​បំលាស់​ទី​។ 

​    ​កំណត់ត្រា​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​រ៉ាយរ៉ាប់​លម្អិត​អំពី​របៀប​ដែល​ព្រះ​ចៅ​អធិរាជ​សង់​ស៊ី ខាន់​ឈ្នះ​គ្រប់​សមរភូមិ​ក្នុង​សតវត្សរ៍​ទី ១២ និង ១៣ ហើយ​បន្ត​វាតទី​ចូលដល់​ទ្វីបអឺរ៉ុប​។ 

​    ​ខណៈ​កងទ័ព​ម៉ុង​ហ្គោល​ទៅដល់​ហុង​គ្រី​ក្នុង​ឆ្នាំ ១២៤២ ពួកគេ​បាន​ដកថយ​វិញ​នៅ​ពីរ​បី​ខែក្រោយ​។ 

​    ​នៅ​រង្វង់​ចុង​សតវត្សរ៍​ទី ១២ និង ដើម​សតវត្សរ៍​ទី ១៣ មាន​វាលស្មៅ​ដុះ​លាតសន្ធឹង​ចេញពី​អាស៊ី​មកដល់​ហុង​គ្រី​។ ទាហាន​របស់​សង់​ស៊ី ខាន់ និង​កងទ័ព​សេះ​របស់​ពួកគេ​បានធ្វើ​ដំណើរ​តាម​វាលស្មៅ​ដុះ​នេះ​ដើម្បី​កម្ចាត់​សត្រូវ​ទាំងឡាយ​នៅ​ចំពោះមុខ និង​កាន់កាប់​ទឹកដី​ដែល​បាន​ទៅដល់​។ 

​     អ្នកប្រវត្តិសាស្ត្រ​ជឿថា ក្នុង​ប៉ុន្មាន​ខែ​មុន​ឈានដល់​ការដក​ទ័ព​ម៉ុង​ហ្គោល ទាហាន​ពីរ​ក្រុម​របស់​ម៉ុង​ហ្គោល​បាន​ច្បាំង​ឈ្នះ​នៅ​សមរភូមិ​ក្នុងប្រទេស​ប៉ូឡូញ និង​នៅ Mohi ក្នុងប្រទេស​ហុង​គ្រី មុនពេល​ប្រមូល​កម្លាំង​គ្នា​ឡើងវិញ និង​រួម​ជា​ធ្លុង​មួយ​ឆ្ពោះទៅ​ទន្លេ​ដា​នូ​បេ​។ 

​    ​ប៉ុន្តែ​ការវិភាគ​លើ​ស្នាម​គួច​លើ​គល់ឈើ និង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ​ចន្លោះ​ឆ្នាំ ១២៣០ និង ១២៤៥ បានចង្អុលបង្ហាញ​អំពី​អាកាសធាតុ​អាក្រក់ ដែល​ទំនង​បាន​បង្ក​ឱ្យ​ស្មៅ​ក្នុង​តំបន់​ប្រែ​ទៅជា​វាលភក់​។  

​    ​កងទ័ព​ម៉ុង​ហ្គោល​អាច​នឹង​បរាជ័យ ដោយសារ​មិនអាច​ឆ្ពោះទៅមុខ​ដោយ​ងាយស្រួល​ឆ្លងកាត់​សណ្ឋាន​ដី​ពោរពេញ​ទៅដោយ​ភក់​ល្បប់ និង​អាច​ពន្យឺតដំណើរ​របស់​ទ័ព​សេះ​គួរឱ្យខ្លាច​របស់ខ្លួន ជាហេតុ​អាច​បណ្តាលឱ្យ​ថយ​ប្រសិទ្ធភាព​ប្រយុទ្ធ និង​បាត់បង់​ប្រៀប​ឈ្នះ​របស់ខ្លួន​។ 

​    ​អ្នកស្រាវជ្រាវ​ជឿថា ស្ថានភាព​អាកាសធាតុ​ទាំងនេះ​បានធ្វើឱ្យ​ប្រែប្រួល​ស្ថានការណ៍ និង​ជាហេតុ​ធ្វើឱ្យ​ទ័ព​ដ៏​អង់អាច​របស់​ម៉ុង​ហ្គោល​ដកថយ​ទៅ​រុស្ស៊ី​វិញ​។ កុំ​អី​មិនដឹង​ជា​ទ្វីបអឺរ៉ុប​ទាំងមូល​នឹង​ប្រែ​ទៅជា​សភាព​បែបណា​នោះឡើយ​៕

គួរបញ្ជាក់ថា យោងតាមប្រភពដេលីមែល ព្រះចៅអធិរាជសង់ស៊ីខាន់ បានចូលទិវង្គត់ក្នុងឆ្នាំ ១២២៧ នៅជន្មាយុ ៦៥ វស្សា ហើយគេមិនបានបញ្ជាក់ថាតើកូនចៅស្នងរាជអង្គណាទេ ដែលបានវាយដល់ហុងគ្រីនៅឆ្នាំ ១២៤២៕ 

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់