ក្រុមមន្ត្រីសុខាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែឧសភាបានរាយការណ៍អំពីករណីទីមួយនៃអ្នកជំងឺម្នាក់ដែលមានមេរោគស៊ាំនឹងថ្នាំផ្សះគ្រប់ប្រភេទ (Antibiotics) ក្នុងប្រទេសរបស់ខ្លួន និងបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងថា កំពូលបាក់តេរីអាចនឹងបង្កគ្រោះថ្នាក់ខ្លាំង ប្រសិនបើវារាតត្បាត។
ដោយសំដៅលើស្ត្រីអ្នកជំងឺអាយុ ៤៩ ឆ្នាំមកពីរដ្ឋផេនស៊ីលវ៉ានៀ ដែលមិនបានធ្វើដំណើររយៈពេល ៥ ខែ លោក Thomas Frieden នាយកមជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រងនិងបង្ការជំងឺ បាននិយាយថា "យើងកំពុងប្រឈមហានិភ័យក្នុងការធ្លាក់ទៅក្នុងពិភពលោកក្រោយសម័យអត់ថ្នាំផ្សះហើយ"។
ថ្លែងទៅកាន់ពិធីទទួលទានអាហារថ្ងៃត្រង់របស់ក្លឹបអ្នកកាសែតជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោក Frieden បាននិយាយថា ជំងឺរបស់ស្ត្រីម្នាក់នោះមិនអាចគ្រប់គ្រងបានទេសូម្បីប្រើថ្នាំផ្សះ Colistin ជាថ្នាំផ្សះខ្លាំងជាងគេសម្រាប់ទុកប្រើប្រឆាំងនឹង "បាក់តេរីគួរឱ្យខ្លាចជាងគេ"។
មេរោគឆ្លងនេះត្រូវបានគេនិយាយថាឆ្លងចូល DNA តូចមួយហៅថា ប្លាស្មីត (plasmid) ដែលឆ្លងកាត់តាមរយៈហ្សែនមួយហៅថា mcr-1 ដែលធ្វើឱ្យស៊ាំនឹងថ្នាំផ្សះ Colistin។
លោកស្រីវេជ្ជបណ្ឌិត Gail Cassell អ្នកឯកទេសផ្នែកមីក្រុប និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាលាវេជ្ជសាស្ត្រហាវើត (Harvard Medical School) បាននិយាយថា "វាមានគ្រោះថ្នាក់ណាស់។ យើងអាចសន្និដ្ឋានថាវានឹងរីករាលដាលយ៉ាងឆាប់រហ័ស សូម្បីនៅក្នុងបរិវេណមន្ទីរពេទ្យក៏ដោយ ប្រសិនបើវាមិនអាចទប់ស្កាត់បានល្អនោះ"។
ប៉ុន្តែលោកស្រីបាននិយាយថា សក្តានុពលនៃល្បឿនរាលដាលរបស់មេរោគក្នុងខ្លួនអ្នកជំងឺនេះនៅមិនទាន់ដឹងទេដរាបណាគេសិក្សាបន្ថែមពីរបៀបដែលស្ត្រីនៅរដ្ឋផេនស៊ីលវ៉ានៀនេះឆ្លងមេរោគ និងត្រូវដឹងថាតើកំពូលបាក់តេរីស៊ាំថ្នាំផ្សះ Colistin មានវត្តមាននៅអាមេរិក និងសកលលោកយ៉ាងដូចម្តេច"។
ក្នុងសហរដ្ឋអាមេរិក ការស៊ាំថ្នាំផ្សះត្រូវបានស្តីបន្ទោសចំពោះការឆ្លងជំងឺចំនួនយ៉ាងតិច ២ លានករណី និងការស្លាប់ចំនួន ២៣.០០០ នាក់រៀងរាល់ឆ្នាំ៕
ប្រភព៖ រ៉យទ័រ
