ពោធិ៍សាត់ ៖ បុរស ២នាក់ស្លាប់ (ម្នាក់ស្លាបភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវកៅស៊ូ ខាងជើងស្ពានប្រឡាយគោករំលង ស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប៉ូលិសស្រុកបាកាន បានឱ្យថា ករណីនេះបានកើតឡើង រវាងម៉ូតូ Honda Dream ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6740 បើកបរដោយឈ្មោះ បូរ សុផាត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអង្គការប្រាសាក់នៅតាលោរស់នៅភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ អ៊ុង សុភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឆ្នាល់ចាន់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន បានបុកជាមួយត្រាក់ទ័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។
ប៉ូលិសបន្តថា បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានដំបូងគេឮសំលេងត្រាក់ទ័រ តែមិនដឹងមកពីទិសណាទេ ភ្លាមនោះក៏ឭសំឡេងផាំងដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាចេញមកមើល ក៏ឃើញបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង បុរសម្នាក់ទៀតរបួសធ្ងន់ ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកានដាច់ខ្យល់ស្លាប់។
បច្ចុប្បន្នវត្ថុតាងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមផ្ទះរៀងៗខ្លួន៕
