adverise with khmeread 1

Simeone៖ Casemiro គឺជា​កីឡាករ​គ្រោះថ្នាក់​បំផុត​របស់ Real

​    ​ដោយ​នៅសល់តែ​ប្រហែល​ជាង ១២​ម៉ោង​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី អ្នកចាត់ការ​ទូទៅ​ក្រុម Atletico Madrid លោក Diego Simeone បាន​គូសបញ្ជាក់​ពី​ផលប៉ះពាល់​របស់ Casemiro ដែលមាន​ឥទ្ធិពល​ខ្លាំ​ក្លា​បំផុត​សម្រាប់ Real Madrid ។​

​    ​ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ទឹកដី Stadio San Siro នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ក្នុង​តំបន់​អ៊ឺរ៉ុប (​យប់​រំលងអធ្រាត្រ​នៅ​កម្ពុជា​) ខណៈដែល​ភាពភ័យខ្លាច​នៅតែ​តាម​អន្ទង​ពួកគេ​ជាមួយនឹង​ការបាត់បង់​ដ៏​គួរឱ្យ​សោកស្តាយ​របស់ Rojiblancos (Atletico Madrid) នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ពីរ​ឆ្នាំមុន ទោះបីជា​ក្រុម​របស់ Simeone មិនដែល​ស្គាល់​ពាក្យ​ថា​បរាជ័យ​នោះឡើយ​នៅក្នុង​ជំនួប ៦​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង Los Blancos (Real Madrid)​។​

​    ​Simeone បានធ្វើការ​លើកឡើង​ពី​ចំណុច​សំខាន់​នៅក្នុង​ក្រុម Real Madrid ចាប់តាំងពី​ដៃគូ​បដិបក្ខ​របស់ខ្លួន​លោក Zinedine Zidane បានដាក់​កីឡាករ​ជម្រើសជាតិ​ប្រ​ស៊ី​ល Casemiro ចូលទៅក្នុង​ជម្រើស​១១​នាក់​របស់គាត់​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​វា​ពិតជា​អស្ចារ្យ​ជាមួយនឹង​ការងារ​ដែល Zidane បានធ្វើ គាត់​បានសម្រេច​ចិត្ត​ពឹងផ្អែក​ទៅលើ Casemiro ដែល​បាន​ផ្លាស់ប្តូរ​ក្រុម​ទាំងស្រុង​។ គាត់​មិន​អនុញ្ញាតឱ្យ​អតីតកាល​របស់​ក្លឹប​មក​ប៉ះពាល់​លើ​គាត់​នោះឡើយ ទាំងនោះ​ហើយ​ដែល​បានធ្វើឱ្យ​គាត់​ក្លាយទៅជា​គ្រូបង្វឹក​ដ៏​សំខាន់​ម្នាក់​"​។​

​    ​លោក​បន្តថា "​សម្រាប់​តុល្យភាព​នៃ​ក្រុម​មួយ​នេះ Casemiro គឺជា​កីឡាករ​សំខាន់បំផុត​របស់​ពួកគេ គឺជា​ការពិត​។ គាត់​បាន​អនុញ្ញាតឱ្យ​ពួកគេ​មានការ​រៀបចំ​ក្រុម​ឱ្យ​ល្អប្រសើរ​ឡើងវិញ ប្រសិនបើ​ពួកគេ​បាត់បង់​បាល់​និង​រក្សា​សក្តានុពល​វាយលុក​រប​ស់​ពួកគេ​"​។​

​    ​ដោយ​ផ្លាស់ប្តូរ​ប្រធានបទ​ទៅកាន់​យុទ្ធសាស្ត្រ​លេង Simeone បាន​បញ្ជាក់ថា​ក្រុម​ទាំងពីរ​មាន​ទម្រង់​ស្រដៀង​គ្នា ហើយ​យើង​មិនអាច​យល់ច្បាស់​ច្រើន​ទៀតឡើយ​រវាង​ក្រុម​ទាំងពីរ​នេះ​។​

​    ​ជា​ចុងក្រោយ Simeone បាន​ផ្ញើ​សារ​ដ៏​សាមញ្ញ​មួយ​ថា "​មានតែ​ឈ្នះ​ប៉ុណ្ណោះ​ទើប​ធ្វើឱ្យ​យើង​រីករាយ​។ គឺ​តែ​ប៉ុន​ហ្នឹងឯង​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់