adverise with khmeread 5cd4a10f 1a40 41cf 9ad9 a493fc383e67

បញ្ញើរ​ស្មើ​បំណុល! ម្ចាស់​រថយន្ត​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ឡើង​តុលាការ​

    ភ្នំពេញ ៖ ដោយ​ការទុកចិត្ត​យូរហើយ​ម្ចាស់​លុយ​បាន​ផ្ញើ​លុយ​ចំនួន ​២ ​ម៉ឺន​ដុល្លារ​ ​និង​មាស ២៩​ តម្លឹង​តាម​រថយន្តឈ្នួល​ត្រូវ​ចោរលួច​បាត់ ហើយ​ម្ចាស់​រថយន្ត​ក្លាយជា​ជនសង្ស័យ ត្រូ​វ​ប៉ូលិស​ឃាត់ខ្លួន​ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹកស្អែក​នេះ​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​និយាយថា បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​យកទៅ​សាក​សួរ​ភ្លាមៗ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែល​ប្តឹង​ថា«​បុរស​រូបនេះ​ទទួលបញ្ញើ​ប្រាក់ ​២​ ម៉ឺ​ន​ដុល្លារ និង​មាស ​២៩ ​តម្លឹង តាម​រថយន្ត​របស់ខ្លួន ហើយ​ត្រូវ​ចោរលួចបាត់​»។​

    ករណី​ឃាត់ខ្លួន​បុរស​ខាងលើនេះ​ប្រព្រឹត្ត ទៅ​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ មកម្ល៉េះ នៅ​បេន​រថយន្ត​ផ្សារ​អូរឫស្សី​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ទេព​ផន សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា ខណៈដែល​បុរស​រូបនេះ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​បាត់​កញ្ចប់​ប្រាក់ និង​មាស យ៉ាងច្រើន​សន្ធឹកសន្ធាប់។​

    ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​ហួរ សុខ​ឡេង អាយុ​៣០​ឆ្នាំ មុខរបរបើកបរ​រថយន្តឈ្នួល មាន​ទីលំនៅ​ភូមិ​ស្នោ ២ ភូមិ​សុពណ៌​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។​

    រីឯ​ដើមបណ្តឹង​ជា​ម្ចាស់​របស់ ឈ្មោះ​ លឹម សុខ​អេង ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់​មាស ប្តូរប្រាក់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

    យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ រូបគាត់​បាន ខ្ចប់​ប្រាក់​ចំនួន​ ២ ​ម៉ឺន​ដុល្លារ និង​មាស​ចំនួន ២៩​ តម្លឹង​ផ្ញើ​តាម​រថយន្តរ​បស់ជនស​ង្ស័​យ ខាងលើ​ទៅ​ឲ្យ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ។​

    លុះ​មកដល់​វេលា​ម៉ោង​១០​ និង​៣០​នាទី ថ្ងៃ​ដដែល រូបគាត់​បានទទួល​ទូរស័ព្ទ​ពី​ជន សង្ស័យ​ដែល​ទូរស័ព្ទ​ពី​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា «​កញ្ចប់​ដែល​រុំ​ស្កុ​តបិទ​ជិត​ដាក់​នៅ ក្នុងកា​បី​ន​រថយន្ត​ក្បែរ​កន្លែង​អ្នកបើកបរ (​ហួរ សុខ​ឡេង​) នោះត្រូវ​ចោរលួច​បាត់​ហើយ ខណៈដែល​ជនសង្ស័យ​រូបនេះ​ទុក រថយន្ត​ចោល​ឱ្យ​ព្រូ​រថយន្ត​ម្នាក់​នៅចាំ​មើល ហើយ​ខ្លួន​បាន​ដើរចូល​ផ្សារ​អូរឫស្សី​ដើម្បី​យក​ឥ​វ៉ាន់​ឲ្យ​ម៉ូយ​។​

    ជនរងគ្រោះ​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម គាត់​បាន​ទូរស័ព្ទ ប្រាប់​បងប្អូន​ឲ្យ​ទៅ​ជួប ​និង​ឃាត់​ជនសង្ស័យ បញ្ជូនទៅ​ប៉ូលិស​ប៉ុស្តិ៍​អូរឫស្សី​ទី​១ ដើម្បី ចាត់ការ​តាមច្បាប់។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ហួរ សុខ​ឡេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូប​ខ្លួន​ពិតជា​បានទទួល​កញ្ចប់​ទំនិញ ពី​ជនរងគ្រោះ​ខាងលើ​ប្រាកដ​មែន ប៉ុន្តែ​មិនដឹងថា​ក្នុង​កញ្ចប់​នោះ​មាន​អ្វីខ្លះ​នោះទេ។​

    ជនសង្ស័យ​សារភាព​ទៀតថា នៅពេលមកដល់​បេន​រថយន្ត​ផ្សារ​អូរឫស្សីខ្លួន​ទុក កញ្ចប់​នោះ​នៅក្នុង​កា​បី​ន​ខាងមុខ ជិត​ចង្កូត រថយន្ត ហើយ​បាន​ដើរចូល​ទៅក្នុង​ផ្សារ​អូរឫស្សី​យក​ឥ​វ៉ាន់​មួយចំនួន​ទៅ​ឲ្យ​ម៉ូយ ដោយ​ឱ្យ​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ ឡុ​ច សុគន្ធា នៅចាំមើល​រថយន្ត​។ លុះ​ត្រឡប់មកវិញ​ស្រាប់ តែ​បាត់​កញ្ចប់​លុ​យ និង​មាស​មិនដឹង​ចោរ លួច​ពី​ពេលណា​នោះឡើយ​។​

    ចំណែក​ព្រូ​រថយន្ត​ឈ្មោះ ឡុ​ច សុគន្ធា វិញ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា ក្រោយពីអ្នកបើកបរ​ចូលទៅ​ផ្សារ​អូរឫស្សី​បាត់ខ្លួន គេ​បាន​ទៅ​អង្គុយ​នៅក្រោយ​រថយន្ត ហើយមិនបាន​ដឹងថា ចោរ​ចូល​លួច​កញ្ចប់​លុយ ក្នុង​រថយន្ត​តាំងពី​ពេលណា​ដែរ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ​ហួរ សុខឡេង ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​នា​ព្រឹក​ថ្ងៃទី​២៩​ ឧសភា​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់