adverise with khmeread 1

ក្រោយ​ចាញ់ Real Madrid លោក Simeone និយាយថា លោក​នឹង​គិតពី​អនាគត​របស់គាត់​

​    ​លោក Diego Simeone បាន​សារភាព​កាលពី​យប់មិញ​ថា គាត់​នឹង​ពិចារណា​ពី​អនាគត​របស់គាត់​ក្នុងនាម​ជា​គ្រូបង្វឹក Atletico Madrid បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាញ់ Real Madrid ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​

​    ​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន ដែល​បាន​ចូល​ដឹកនាំ​ក្រុម​កាលពី​ឆ្នាំ ២០១១ រូបនេះ បាន​និយាយ​ក្រោយ​បរាជ័យ​ថា គាត់​មិនដឹងថា​គាត់​ចង់​បន្តការងារ​នេះ​ទៀត​ឬ​យ៉ាងណា​។​

​    ​លោក​បាន​សារភាពថា "​នេះ​គឺជា​ពេលវេលា​សម្រាប់​ខ្ញុំ​ដើម្បី​ពិចារណា​អំពី​រឿង​ទាំងឡាយ​។ នៅពេលដែល​អ្នកផ្តល់​អ្វីៗ​ទាំងអស់​ហើយ​វា​នៅតែ​មិន​គ្រប់គ្រាន់ វា​ពិតជា​ពិបាក​ណាស់​ខ្លាំងណាស់​។ វា​ពិតជា​ពិសេស​នាពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​យប់​នេះ​ខ្ញុំ​មិន​រីករាយ​នោះទេ​។ ខ្ញុំ​មិនដឹងថា មួយណា​វា​ឈឺចាប់​ជាងគេ​! វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ឬក៏​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​នោះ (២០១៤)​។ ខ្ញុំ​យល់​ពី​អារម្មណ៍​អ្នកគាំទ្រ​ដែល​បានមក​ទស្សនា​ពួកយើង​"​។

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​បាន​ពិចារណា​ពី​អនាគត​របស់គាត់ លោក Simone និយាយថា "​ខ្ញុំ​នឹង​គិតពី​រឿងនេះ​"​។ គាត់​បាន​បន្តថា "​ខ្ញុំ​មិន​ជឿ​លើ​រឿង​អយុត្តិធម៌​ក្នុង​បាល់ទាត់​នោះទេ​។ Real Madrid បាន​លេង​ល្អ​ជាង​យើង ព្រមទាំង​វគ្គ​ប៉េ​ណា​ល់​ទី​ទៀតផង​។ កីឡាករ​ពួកយើង​បានធ្វើ​បាន​យ៉ាង​ល្អ​។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​មិនឱ្យ​យំ​បន្ទាប់ពី​ការប្រកួត ព្រោះ​នៅពេលដែល​អ្នក​ផ្តល់នូវ​អ្វីៗ​ទាំងអស់ អ្នក​មិនត្រូវ​ស្រក់​ទឹកភ្នែក​នោះទេ​។ យើង​ត្រូវតែ​អបអរ Real Madrid​។ យើង​មិនបាន​ចាប់ផ្តើម​ការប្រកួត​បានល្អ​នោះទេ ប៉ុន្តែ​នៅ​ចុងការ​ប្រកួត​ក្រុម​ទាំងពីរ​អស់កម្លាំង​ដូចគ្នា​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ចងចាំ​ក្រុម​ដែល​ចាញ់​នោះទេ ហើយ​បរាជ័យ​នេះ​គឺជា​ផ្លូវ​តែមួយគត់​ដែល​យើង​ត្រូវ​រៀន​ពី​វា​។ ខ្ញុំ​ត្រូវការ​ត្រឡប់ទៅផ្ទះ​និង​គិត (​ពី​អនាគត​)"៕

 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់