adverise with khmeread Van

លោក Van Gaal ខឹង​ញ័រ​សាច់​ដើរ​ចេញពី​សន្និសីទកាសែត​បន្ទាប់ពី​សម្ភាសន៍​ទើបបាន ៥ នាទី​

​លោក Louis van Gaal បាន​ចាក​ចេញពី​សន្និសីទកាសែត​ទាំង​ក្តៅស្លឹកត្រចៀក​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ជាការ​តវ៉ា​នឹង​ពាក្យ​ចចាមអារ៉ាម​ថា លោក​អាច​នឹងត្រូវ​ជំនួស​ដោយ​លោក Jose Mourinho នៅ​ក្រុម​បិសាច​ក្រហម Manchester United​។ 

​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កំពុងស្ថិត​ក្រោម​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា​ចំពេល​ដែលមាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​អាច​នឹងត្រូវ​បណ្តេញចេញ​នៅ​អំឡុង​បុណ្យ​គ្រី​ស​ស្មាស់​ខណៈដែល Man Utd កំពុង​ត្រៀមខ្លួន​ប្រឈម​នឹង​ក្រុម Sunderland និង Chelsea​។ 

​ស្ថានភាព​របស់លោក Van Gaal កាន់តែ​ស្រពិចស្រពិល​ខ្លាំង​ឡើងៗ ដោយសារតែ​លោក Mourinho ឥឡូវ​នៅ​ទំនេរ​បន្ទាប់​ត្រូវ Chelsea បណ្តេញចេញ​នាពេល​ថ្មីៗ​នេះ​។ 

​លោក Arsene Wenger បាន​ពណ៌នា​ពាក្យ​ចចាមអារ៉ាម​នេះ​ថា "​ខ្វះ​ការគោរព​"​។ ហើយ​នៅពេល​អ្នកកាសែត​សួរ​លោក Van Gaal អំពី​ការអត្ថាធិប្បាយ​របស់លោក Wenger លោក​ក៏បាន​និយាយ​ទាំង​កំហឹង​រួច​ក៏​ដើរ​ចេញពី​សន្និសីទកាសែត​ភ្លាម​តែម្តង​។ សន្និសីទកាសែត​នោះ​ដំណើរការបាន ៤ នាទី និង ៥៨ វិនាទី​ប៉ុណ្ណោះ​។ 

​ក្នុង​ទឹកមុខ​ពោរពេញ​ដោយ​កំហឹង​ពុះកញ្ជ្រោល លោក Van Gaal បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា "​តើ​គ្មាន​នរណាម្នាក់​ចង់​និយាយ​សុំទោស​ខ្ញុំ​ទេ មែន​ទេ​? នេះ​ជា​សំណួរ​ដែល​ខ្ញុំ​កំពុង​ឆ្ងល់​។ ខ្ញុំ​គិតថា​ខ្ញុំ​ត្រូវបាន​បណ្តេញចេញ​បាត់ទៅហើយ​នៅពេល​អស់លោក​សួរ​បែបនេះ​។ អឺ ខ្ញុំ​ត្រូវគេ​បណ្តេញ​ហើយ​។ សហការី​ខ្ញុំ (Mourinho) បាន​មកដល់​ទីនេះ​រួចហើយ​"​។​

វីដេអូ៖

​លោក​បាន​បន្តទៀតថា "​តើ​ពួក​អស់លោក​គិតថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​ភរិយា​ខ្ញុំ ឬ​កូន​របស់ខ្ញុំ​? ឬ​ចៅ​របស់ខ្ញុំ​? ឬ អ្នកគាំទ្រ Man Utd? ឬ មិត្តភក្តិ​របស់ខ្ញុំ​? តើ​អស់លោក​គិត​បែបណា​? ពួកគេ​បាន​តេ​សួរ​ខ្ញុំ​សឹង​គ្រប់ពេល​ទាំងអស់ ហើយ​ឥឡូវ​មក​ចេញ​លោក Arsene Wenger និយាយ​អំពី​រឿងនេះ​ទៀត​។ ដូច្នេះ​អស់លោក​គិតថា ខ្ញុំ​ហ្នឹង​ចង់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ណាស់​? ខ្ញុំ​នៅទីនេះ​ក៏​ព្រោះតែ​ច្បាប់​របស់ Premier League តម្រូវ​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​និយាយ​ជាមួយ​អស់លោក​។ ប៉ុន្តែ​ខ្ញុំ​នឹង​មើល​អត្ថបទ​អស់លោក​ទាល់តែ​ពេលណា​អស់លោក​សរសេរ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នៅក្នុង​បរិបទ​អស់លោក​។ ហើយ​ឥឡូវ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា ខ្ញុំ​បាន​ព្យាយាម​លើកកម្ពស់​ភាពជឿជាក់​ដ​ល់​កីឡាករ​របស់ខ្ញុំ​។ ខ្ញុំ​បានធ្វើ​គ្រប់​អ្វីៗ​ទាំងអស់​នៅ​សប្តាហ៍​នេះ​"​។ 

​លោក​បាន​បន្ត​ទាំង​ទឹកមុខ​ខឹង​ទៀតថា "​ខ្ញុំ​បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​កីឡាករ​របស់ខ្ញុំ ជាមួយ​បុគ្គលិក​របស់ខ្ញុំ​។ ខ្ញុំ​បានរៀបចំ​អាហារ​បុណ្យ​ណូអែល​។ ខ្ញុំ​បានធ្វើ​សន្ទរកថា​មួយ​ថែមទៀត​។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ទទួលបាន​ភាព​កក់ក្តៅ និង​ការគាំទ្រ​ពី​មនុស្ស​គ្រប់គ្នា​នៅ​ទីលាន​ហ្វឹកហាត់​នៅ Carrington​។ ប៉ុន្តែ​ខ្ញុំ​មិន​ដែលមាន​អារម្មណ៍​អ៊ីចឹង​សោះ​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​។ មែន ឥឡូវ​យើង​នៅ​ចំណាត់ថ្នាក់​មិនល្អ​ទេ ប៉ុន្តែ​កាលពី​បួន​សប្តាហ៍​មុន​យើង​ឈរ​លេខ ១ នៅ PL ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត យើង​ច្បាស់​ជា​អាច​ឡើងមក​លេខ ១ វិញ​ជាមិនខាន​"​។  

​នៅពេល​សួរថា​តើ​ពាក្យ​ចចាមអារ៉ាម​គឺជា​រឿង​ជៀស​មិន​ផុត​នៅ​ក្លឹប​ធំៗ​ដូចជា United ឬ​យ៉ាងណា លោក Van Gaal បាន​ឆ្លើយ​ប្រាប់ថា លោក​បានទទួល​ទូរស័ព្ទ​គាំទ្រ​ពី​លោក Sir Alex Ferguson អតីត​នាយក​ប្រតិបត្តិ​លោក David Gill និង​អនុប្រធាន​ប្រតិបត្តិ លោក Ed Woodward ។  

​នៅពេល​សួរដេញដោល​សាំ​ត្រប៉ែ​ពេក លោក​ក៏បាន​ដើរ​ចេញពី​សន្និសីទកាសែត​នោះ​តែម្តង​៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់