adverise with khmeread Russian tanks

របាយការណ៍​វិភាគ​៖ ប្រសិនបើ​ផ្ទុះ​សង្គ្រាម រុស្ស៊ី​ប្រើពេល​តែ ៣៦ ទៅ ៦០ ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ចាត់ការ​អាមេរិក​និង​អឺរ៉ុប​

​    ​ការវិភាគ​ថ្មី​មួយ​បាន​បង្ហាញថា កងកម្លាំង​រុស្ស៊ី​អាច​ទៅដល់​ជាយក្រុង​នៅ​បណ្តា​រដ្ឋធានី​របស់​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក​ក្នុង​រយៈពេល​មិន​ដល់ ៦០ ម៉ោង​នោះឡើយ ព្រោះ​ណា​តូ​ខ្វះ​កងកម្លាំង​ការពារ​សមាជិក​ខ្លួន​នៅ​ចុង​ភាគ​ខាងកើត​។ 

​    ​យោងតាម​សេណា​រី​យ៉ូ​តាក់​ទិ​ក​សង្គ្រាម​រៀបចំ​ដោយ​ស្ថាប័ន​ផ្តល់​គំនិត (Think-Tank) មួយ​របស់​អាមេរិក កងវរសេនាតូច​រុស្ស៊ី​ប្រើពេល​តែ ៣៦ ទៅ ៦០ ម៉ោង​ប៉ុណ្ណោះ​នឹង​ក្តោប​ក្តាប់​រដ្ឋធានី Tallinn របស់​អេ​ស្តូ​នី និង រដ្ឋធានី Riga របស់​ឡេ​តូ​នី ឬ ឡេ​តវៀ (Latvia)​។ 

​    ​របាយការណ៍​នេះ​លើកឡើងថា នេះ​អាច​គូសបញ្ជាក់​បាន​ថា​តើ​កងកម្លាំង​ណា​តូ​ខ្សោយ​កម្រិតណា ព្រោះ​បើកាលណា​រុស្ស៊ី​វាយប្រហារ​ភ្លាមៗ ពួកគេ​នឹង​ចាញ់​ភ្លែត​ដោយសារ​ការត្រៀម​លក្ខណៈ​របស់​ណា​តូ​នៅ​ខ្សោយ​ណាស់​។ 

​    ​របាយការណ៍​នេះ​ធ្វើឡើង​ចំពេល​ទំនាក់ទំនង​រវាង​លោកពូ​ទីន និង​លោកខាងលិច​កាន់តែ​ចុះថយ​ទៅៗ​។ 

​    ​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​បាន​រាយការណ៍​ថា សប្តាហ៍​នេះ​ស៊ុយអែត​បានដាក់​ទាហាន​នៅ​មូលដ្ឋានទ័ព​សម័យ​សង្គ្រាម​ត្រជាក់​ឡើងវិញ​នៅលើ​កោះ Gotland ដើម្បី​ឆ្លើយតប​ចំពោះ​អ្វីដែល​ខ្លួន​ជឿថា​ជាការ​កើនឡើង​ការគំរាមកំហែង​ពី​រុស្ស៊ី​។ 

​    ​មេបញ្ជាការ​កំពូល​រប​ស់​ស៊ុយអែត លោក​ឧ​ត្ត​ម​សេនីយ៍ Micael Byden បាន​និយាយថា "​នេះ​គឺជា​ការ​ប្រឈម​ខ្លាំងក្លា​បំផុត​នាពេល​ឥឡូវនេះ​។ តើ​ពួកគេ​ចង់​ធ្វើ​អ្វី​? តើ​មូល​ហេតុអ្វី​បានជា​ពួកគេ​ធ្វើ​អ៊ីចឹង​?"​។ 

​    ​ការវិភាគ​មួយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​យោធា​អាមេរិក​ឈ្មោះថា Rand Corporation បាន​ទស្សន៍ទាយ​ថា រុស្ស៊ី​អាច​បើក​ការវាយប្រហារ​អូសបន្លាយ​ពេល​ចំនួន​ពីរ​ឆ្លងកាត់​ព្រំដែន​ឡេ​តូ​នី ដោយ​បញ្ជូន​កងវរសេនាតូច​ប្រដាប់អាវុធ​ធុន​ធ្ងន់​ក្នុង​ចលនា​បំលាស់​ទី​ទ័ព​ជា​រាង​ស្នែងក្របី​ឆ្ពោះ​ទី​រដ្ឋធានី Riga ដើម្បី​វាយ​ឡេ​តូ​នី និង កងវរសេនាតូច​រប​ស់ណា​តូ​។ 

​    ​នៅពេល​ក្តោប​ក្តាប់បាន​ឡេ​តូ​នី​ហើយ​នោះ កងវរសេនាតូច​សេសសល់​ចំនួន ២៧ ទៀត​របស់​រុស្ស៊ី​នឹង​ឆ្លង​ចូល​អេ​ស្តូ​នី​ដើម្បី​ដណ្តើមយក​តំបន់​ភាគ​ខាងកើត​ដែល​សម្បូរ​ជនជាតិភាគតិច​រុស្ស៊ី​រស់នៅ មុនពេល​តម្រង់​ទៅ​រដ្ឋធានី Tallinn​។​

​    ​របាយការណ៍​វិភាគ​ដែលមាន​កម្រាស់ ១៦ ទំព័រ ដែល​រៀបរៀងឡើង​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៥ នេះ​បាន​ព្រមាន​ថា សូម្បី​ទ័ព​អាមេរិក​ផ្គុំ​គ្នា​ជាមួយ​ទ័ព​ណា​តូ​នៅ​តំបន់​បាល់​ទិ​ក​ក៏​មិនអាច​បញ្ឈប់​ការ​រុលចូល​របស់​រុស្ស៊ី​បានដែរ ព្រោះ​កងកម្លាំង​ថ្មើរជើង​របស់​ណា​តូ​មិនអាច​ប្រៀបផ្ទឹម​ជាមួយ​កងវរសេនាតូច​របស់​រុស្ស៊ី​បានឡើយ​។​

​    ​ដើម្បី​ការពារ​ប្រឆាំង​ការគំរាមកំហែង​ពី​រុស្ស៊ី របាយការណ៍​នេះ​បាន​លើកឡើងថា ណា​តូ​ត្រូវតែ​បង្កើន​កម្លាំង​ទប់ស្កាត់​របស់ខ្លួន​ក្នុង​តំបន់​។ 

​    ​របាយការណ៍​អះអាងថា កងកម្លាំង​កាំភ្លើង​ធំ និង​ជើង​អាកាស​គាំទ្រ​ដោយ​កងពលតូច​ចំនួន ៧ ដោយ​បី​ក្នុងចំណោម​នោះ​ត្រូវ​បំពាក់​សព្វាវុធ​ធុន​ធ្ងន់ ទើប​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​រុស្ស៊ី​។ កម្លាំង​បែបនេះ​អាច​ចំណាយ​ប្រាក់​រហូតដល់​ទៅ ២,៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 

​    ​ការដាក់​ចូល​តំបន់​គ្រី​មេ​ធ្វើជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​កាលពី​ឆ្នាំ ២០១៤ បានធ្វើឱ្យ​អាមេរិក​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​លើកទឹកចិត្ត​អឺរ៉ុប ដោយ​លោក​ព្រមាន​ថា​រុស្ស៊ី​កំពុង​បង្ហាញ​កាយវិការ​ឈ្លានពាន​នៅក្បែរ​បណ្តា​ប្រទេស​របស់​សមាជិក​ណា​តូ​ហើយ​។ ហើយ​លោក​បាន​សន្យា​បង្កើន​ទ័ព​ជើង​អាកាស ជើងគោក និង​ជើង​ទឹក​បន្ថែម​មក​តំបន់​ដែល​រង​ការគំរាមកំហែង​ពី​រុស្ស៊ី ជាពិសេស​អឺរ៉ុប​ខាងកើត និង​អឺរ៉ុប​កណ្តាល​៕

​ប្រភព​៖ Independent 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់