1

អ្នក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ហា​វើត​និយាយថា​មនុស្ស​វិនិច្ឆ័យ​អ្នក​ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​ចំនួន ២ ពេល​ជួប​មុខ​គ្នា​ដំបូង​

​    ​មនុស្ស​ប៉ាន់​ស្មានដឹង​អត្ត​ច​រិ​ក​អ្នក​ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ប៉ុន្តែ​តើ​ពួកគេ​វាយតម្លៃ​ផ្អែកលើ​អ្វី​ខ្លះទៅ​? 

​    ​សាស្ត្រាចារ្យ​សាលា Harvard Business School លោកស្រី Amy Cuddy បាន​សិក្សា​អំពី​ចំណាប់អារម្មណ៍​ដំបូង​របស់​មនុស្ស​រួមជាមួយ​អ្នក​ចិត្តសាស្ត្រ​ពីរ​នាក់​ទៀត គឺ​លោកស្រី Susan Fiske និង លោក Peter Glick អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មកហើយ និង​បាន​រកឃើញ​របៀប​ក្នុងការ​វាយតម្លៃ​ទំនាក់ទំនង​របស់​មនុស្ស​។ 

​    ​ក្នុង​សៀវភៅ​ថ្មី​របស់​លោកស្រី ចំណងជើង​ថា "Presence" លោកស្រី Cuddy និយាយថា មនុស្ស​ឆ្លើយ​នូវ​សំណួរ​ពីរ​យ៉ាង​លឿន នៅពេល​ពួកគេ​ជួប​អ្នកជា​លើកដំបូង​៖

​    ​១. តើ​ខ្ញុំ​អាច​ទុកចិត្ត​មនុស្ស​ម្នាក់នេះ​ទេ​?
​    ​២. តើ​ខ្ញុំ​អាច​គោរព​មនុស្ស​ម្នាក់នេះ​ទេ​?

​    ​អ្នក​ចិត្តសាស្ត្រ​ទាំងបី​រូប​ចង់​សំដៅលើ "​ភាពកក់ក្តៅ និង សមត្ថភាព​" ហើយ​ជាទូទៅ​អ្នក​ចង់​ឱ្យគេ​មើល​មក​អ្នកជា​មនុស្ស​ដែលមាន​លក្ខណៈសម្បត្តិ​ទាំងពីរ​ចំណុច​នេះ ទើប​មនុស្ស​អាច​ទុកចិត្ត និង​គោរ​អ្នក​។ 

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា លោកស្រី Cuddy និយាយថា មនុស្ស​ភាគច្រើន​ក្នុង​បរិបទ​ការងារ ជឿថា សមត្ថភាព​គឺជា​កត្តា​សំខាន់​ជាងគេ​។ ពួកគេ​នឹង​គោរព​អ្នក​ប្រសិនបើ​អ្នកជា​មនុស្ស​មាន​សមត្ថ​ភាព​។ 

​    ​ប៉ុន្តែ​ធាតុពិត ភាពកក់ក្តៅ ឬ ភាព​គួរឱ្យ​ទុកចិត្តបាន​គឺជា​កត្តា​សំខាន់បំផុត នៅពេល​មនុស្ស​វាយតម្លៃ​មកលើ​អ្នក​។ លោកស្រី Cuddy និយាយថា "​តាម​ទស្សនៈ​ថ្មី  វា​ជា​រឿង​សំខាន់​ណាស់​ចំពោះ​ជីវភាព​រស់នៅ​របស់​យើង​ក្នុងការ​ដឹងថា​តើ​មនុ​ស្សណា​ម្នាក់​ស័ក្តិសម​ទទួលបាន​ការទុកចិត្ត​ពី​យើង​ឬក៏​អត់​"​។ 

​    ​ការលើកឡើង​នេះ​គឺ​សម​ហេតុ​សម​ផល​។ នៅពេល​អ្នក​គិត​ទៅដល់​សម័យបុរាណ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ដឹងថា​តើ​មិត្តភក្តិ​របស់​អ្នកនឹង​សម្លាប់​អ្នក​រួច​យក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​អ្នក ជាជាង​វាយតម្លៃ​សមត្ថភាព​របស់​ពួកគេ​ក្នុង​បង្កាត់ភ្លើង​ដុត​ផ្ទះ​របស់​អ្នក​៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់