កណ្តាល ៖ បុរស២នាក់ដែលទើបចេញពីគុកត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួនពីបទរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ (ប្រភេទម៉ាទឹកកក)នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៥០នាទី ចំណុចភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង។
ប៉ូលិសនិយាយថា ជនសង្ស័យមាន ០២ នាក់គឺ១- ឈ្មោះ ឡាច ស៊ីដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ និង២- ឈ្មោះ ឡាច សុខុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិកំពុងព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍ស្រុក បានល្បាតនៅចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យជិះម៉ូតូ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនចំនួន ០១ កញ្ចប់តូច រួចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។
គួរបញ្ជាក់ថា ឈ្មោះ ឡាច ស៊ីដែន ធ្លាប់ជាប់ពន្ធនាគារនៅព្រៃស រយៈពេល៦ឆ្នាំ ករណីប្លន់ កាលពីឆ្នាំ២០០៤។ ឈ្មោះ ឡាច សុខុន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈ ១ឆ្នាំ ៦ខែ ករណីលួច កាលពីឆ្នាំ២០១៤៕
