Madonna 1

ជីវប្រវត្តិសង្ខេបរបស់តារាចម្រៀងប៉ប់ ម៉ាដូនណា

            ជា​តារាចម្រៀងស្រីដ៏អស្ចារ្យ​​ប្រកបដោយមហិច្ឆតា​ និងតែងតែមាន​គំនិត​ច្នៃប្រឌិតជានិច្ច ម៉ាដូនណា (Madonna) គឺជាជ័យលាភី​ពាន Grammy Award ប្រាំពីរលើក ហើយតារាចម្រៀងស្រីរូបនេះលក់​អាល់ប៊ុម​និង​ស៊ីឌី​ចម្រៀង​បាន​ជាង​៣០០លាន​បន្ទះ ដើម្បី​បំពេរអារម្មណ៍​របស់​អ្នកគាំទ្រ​ទូទាំងពិភព​លោក។

        ទោះបីជា​យ៉ាងណា អាជីពក្នុងវិស័យ​ភាព​យន្ត​គឺជារឿងមួយផ្សេងទៀត។ ​ការសម្តែង​របស់នាង​ទទួលរងការរិះគន់ជា​បន្តបន្ទាប់​ឬសើចចំអក​ពីក្រុម​អ្នក​ត្រួត​ពិនិត្យ​ភាព​យន្ត​ ហើយ​ភាព​យន្តទៀតសោត​មិនសូវជា​ទទួលបានជោគជ័យដែរ​។

            ម៉ាដូនណា មានឈ្មោះដើម ម៉ាដូនណា ល្វីស ស៊ីកូណេ (Madonna Louise Ciccone) កើតនៅ​ថ្ងៃទី១៦​ខែសីហាឆ្នាំ​១៩៥៨ នៅ​រដ្ឋមីឈីហ្គែន​ សហរដ្ឋអាមេ​រិក។ ម៉ាដូនណា មាន​ម្តាយឈ្មោះ ម៉ាដូនណា ល្វីស ហ្វ័រទីន និងលោក ស៊ីលវីយ៉ូ ស៊ីកូណេ ជា​អ្នករចនាម៉ូតសម្រាប់​ក្រុម​ហ៊ុនរថយន្តមួយ។ ឪពុក​របស់ ម៉ាដូនណា មាន​ខ្សែស្រឡាយជនជាតិអ៊ីតាលី ចំណែកម្តាយរបស់គាត់មាន​ដូនតាកូន​កាត់​បា​រាំង​កាណាដា។

            ម៉ាដូនណា បាន​ផ្លាស់ទៅរស់នៅ​ក្រុងញូវយ៉ក​នៅក្នុងឆ្នាំ​១៩៧៨ ហើយ​បានរៀនសូត្រជាមួយនឹង​គ្រួបង្ហាត់រាំដ៏ល្បី​ឈ្មោះ អាលវីន អៃលី (Alvin Ailey) ។ ទសវត្សរ៍ឆ្នាំ​១៩៨០ គឺជា​ទសវត្សរ៍ដ៏រុងរឿងបំផុត​របស់ ម៉ាដូនណា ហើយ​តារា​ចម្រៀងរូបនេះបានគ្របដណ្តប់តារាងចាត់ថ្នាក់បទចម្រៀងដោយសារតែជោគជ័យ​នៃការលក់​អាល់ប៊ុម​រាប់លាន​បន្ទះហើយ​ឥទ្ធិលផ្នែក​ចម្រៀង​​​និង​ភាព​ស៊ីវី​ល័យ​របស់​ ម៉ាដូនណា កើតមាន​លើ​ស្ត្រីវ័យក្មេងទូទាំងពិភពលោក។

        ដំបូងឡើយ ម៉ាដូនណា បាន​ចាប់ផ្តើម​អាជីព​ចម្រៀង​ជាមួយក្រុមចម្រៀង Breakfast Club និងក្រុម Emmy ហើយ​បាន​បន្តចុះកិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន​ថត​​បទចម្រៀង Sire Records នៅឆ្នាំ​១៩៨២ និង​បាន​ចេញផ្សាយ​អាល់ប៊ុម​ដែល​ដាក់ឈ្មោះខ្លួនឯងផ្ទាល់នៅឆ្នាំបន្ទាប់។ បន្ទាប់មកទៀត​ ម៉ាដូនណា បានចេញ​ផ្សាយ​អាល់ប៊ុម​ដែលទទួលបានជោគជ័យ​បន្តបន្ទាប់ដោយ​ទទួលបាន​ពាន Grammy Award សម្រាប់អាល់ប៊ុមដែលមានចំណងជើងថា Ray of Light ឆ្នាំ​១៩៩៨ និង​ confessions on a Dance Floor ឆ្នាំ​២០០៥។

            ពេញមួយអាជីព​ ម៉ាដូនណា បានសរសេរនិងផលិតបទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ស្ទើរតែ​ទាំងអស់ ដោយ​បទចម្រៀង​ភាគច្រើន​បាន​ឈរនៅចំណាត់ថ្នាក់លេខ​១​នៃតារាងចាត់ថ្នាក់រួមមានបទ “Like a Virgin” បទ “Into the Groove” បទ “Papa Don`t Preach” បទ “Like a Prayer” បទ “Vogue” បទ “Frozen” បទ “Music” បទ “Hung Up” និងបទ “4 Minutes” ។

            ម៉ាដូនណា ល្បីល្បាញដោយសារតែ​គំនិតច្ឆៃប្រឌិតទាំង​លើ​វិស័យចម្រៀង​​សម្រស់ និង​ការរក្សាស្វយ័តភាព​របស់តារាចម្រៀងរូបនេះ​ក្នុងឧស្សាហកម្ម​ផលិត​អាល់​ប៊ុម​ចម្រៀង។ អ្នកវាយតម្លៃលើបទចម្រៀងបាន​កោតសរសើរ​ការផលិត​ចម្រៀង​របស់ ម៉ាដូនណា។ ជារឿយៗនាងត្រូវបានគេផ្តល់ងារថា “Queen of Pop” ហើយសិល្ប​​​​ករ​ផ្សេងទៀតទូទាំងពិភព​លោក​បាន​និយាយថា ម៉ាដូនណា​ គឺជាមនុស្សដែល​មាន​ឥទ្ធិពលបំផុត។

            ប្រជាប្រិយភាព​របស់ ម៉ាដូនណា បានកើនឡើងបន្ថែមទៀតតាមរយៈ​ការ​សម្តែង​ក្នុងភាព​យន្ត រួមទាំងរឿង Desperately Seeking Susan ឆ្នាំ​១៩៨៥ រឿង Dick Tracy ឆ្នាំ​១៩៩០ និងរឿង Evita ឆ្នាំ​១៩៩៦។ រឿង Evita នេះហើយបាន​ជួយ​ឲ្យ ម៉ាដូនណា ទទួលបាន​ពាន Golden Globe Awards សម្រាប់​តារាស្រី​ឆ្នើម​​​ដាច់គេ។ ទោះបីជា​យ៉ាងណា ភាពយន្តផ្សេងទៀតរបស់​ ម៉ាដូនណា មិនសូវ​ទទួល​បាន​ជោគជ័យទេ។

            គម្រោងរកស៊ីផ្សេងទៀតរបស់ ម៉ាដូនណា មានដូចជា​​ការរចនាម៉ូត​សម្លៀក​បំ​ពាក់ សរសេរសៀវភៅសម្រាប់​កុមារ និងការថតភាព​យន្ត។ ម៉ាដូនណា ត្រូវបាន​កោតសរសើរ​ថាជា​ស្ត្រីអ្នកជំនួញ ជាពិសេស​បន្ទាប់ពី​ ម៉ាដូនណា បាន​បង្កើត​ក្រុម​ហ៊ុន​ផលិតកម្មវិធីកម្សាន្ត​ឈ្មោះ Maverick។ នៅឆ្នាំ​២០០៧ ម៉ាដូនណា បាន​ចុះ​ហត្ថលេខា​ដែល​មាន​ទឹកប្រាក់​១២០​លាន​ដុល្លារ​មិនធ្លាប់មាន​ជាមួយ​ក្រុម​ហ៊ុន Live Nation ។

            ដោយលក់អាល់ប៊ុម​បាន​ជាង៣០០​លាន​បន្ទះទូទាំងពិភពលោក ម៉ាដូនណា ត្រូវបានទទួលស្គាល់ថា ជា​តារាចម្រៀងដែលលក់អាល់ប៊ុម​ដាច់​ជា​ងគេបំផុតដោយ​សៀវភៅកំណត់ត្រាពិភពលោក Guinness World Records ៕

មតិយោបល់