adverise with khmeread B0d63ece 12f9 4771 bb93 c86a4dbe896c

ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់​ចូល​ប្លន់​ផ្ទះ​ថៅកែ​ដេប៉ូ​ឈើ​យកលុយ​អស់ខ្ទេច

    ត្បូងឃ្មុំ ៖ ក្រុមចោរប្លន់​៤​នាក់ ប្រដាប់​ដោយ​អាវុធ​កាំភ្លើង​វែង ១​ដើម និង​ខ្លី ៣​ដើម បានធ្វើ​សកម្មភាព​សម្រុកចូល ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយកន្លែង ហើយ​ចោរ​បាន​ប្រមូល​យកលុយ​ដុល្លារ​ប្រមាណ ៣​ម៉ឺន​ដុល្លារ លុយ​ខ្មែរ ៤០​លាន​រៀល និង​គ្រឿងអលង្ការ ព្រមទាំង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន។​

    អំពើ​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៧​យប់​ជាង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅផ្ទះ​ជនរងគ្រោះ​ក្នុង ភូមិ​ស្រែ​ស្ពឺ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

    មន្ត្រីប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ម្ចាស់​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​ឈ្មោះ ស្រ៊ី សុផល ជា​ប្តី និង​ប្រពន្ធ ឈ្មោះ ស៊ុយ វាន់​នី រស់នៅ ភូមិ​-​ឃុំ​កើតហេតុ។​

    មន្ត្រី​ដដែល​ថា ផ្អែក​តាម​តាម​ការរៀបរាប់​របស់​គ្រួសារ​រងគ្រោះ ក្រុមចោរ​មាន​គ្នា ៤​នាក់ ប្រដាប់​ដោយ អាវុធ​វែង ១​ដើម​និង​ខ្លី ៣​ដើម ហើយ​បាន​សម្រុក​មក​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ចាប់​ម្ចាស់ផ្ទះ​ប្រុសៗ​៤​នាក់​ចង​នឹង ខ្សែលួស។​

    ចំណែក​ស្រីៗ​២​នាក់​មិនបាន​ចង​ទេ ហើយ​បាន​ប្រើ​កន្ត្រៃ​កាត់​យក​គ្រឿងអលង្ការ​ព្រមទាំង​ប្រើ​ញញួរ​ធំ​វាយ​បំបែក​ទូដែក រួច​ប្រមូលយក​មាសប្រាក់​និង​ទ្រព្យសម្បត្តិ​មានតម្លៃ​យក​ទាំងអស់​រួច​គេចខ្លួនបាត់​តែម្តង។​

    នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត​និង​លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុន​ណុន ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ និង​ស្វែងរក​ភស្តុតាង​ដែល​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ដើម្បី​កំណត់​មុខសញ្ញា​និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់