1

ចុងភៅ​ល្បី​ប្រចាំ​ប៉ុស្តិ៍ CNN លោក Bourdain លាតត្រដាង "​ការពិត​៦​យ៉ាង​" អំពី​អាហារ​ពេល​ល្ងាច​ជាមួយ​លោក Obama នៅ​វៀតណាម​

​    ​ចុងភៅ​ល្បី​ប្រចាំ​ប៉ុស្តិ៍ CNN លោក Anthony Bourdain បាន​លាតត្រដាង​ការពិត​អំពី​អាហារ "​បាន់​ឆា​" (​សាច់ជ្រូក​អាំង​នំ​បញ្ចុក​) ជាមួយ​ប្រធានាធិបតី Barak Obama កាលពី​សប្តាហ៍​មុន​ដោយ​ចែករំលែក​នូវ​ដំណាល​រឿង​បន្ថែមទៀត​អំពី​ការជួបគ្នា​នៅ​ទីក្រុង​ហាណូយ​របស់​អ្នក​ទាំងពីរ​។ 

​    ​ក្នុង Post មួយ​ចំណងជើង​ថា "​ការពិត ៦ យ៉ាង​អំពី​អាហារ​ពេល​ល្ងាច​ជាមួយ Obama" នៅលើ The List App ជាទី​ដែល​គាត់​ឧស្សាហ៍​ផុស​នូវ​គំនិត​ដ៏​ប្រុងប្រយ័ត្ន​របស់លោក បុរស​ចុងភៅ​វ័យ ៥៩ ឆ្នាំ​រូបនេះ​បាន​រ៉ាយរ៉ាប់​លម្អិត​អំពី​អ្វីដែល​បានកើត​ឡើង​នៅពេល​អ្នក​ទាំងពីរ​អង្គុយ​ពិសា​អាហារ​ជាមួយគ្នា​នៅ​ហាង​សាមញ្ញ​មួយ​។​

​    ​លោក Bourdain បាន​លាតត្រដាង​ថា ពួក​ភ្នាក់ងារ​ស៊ើបការណ៍ "​ពិតជា​រក្សា​ចិត្ត​ត្រជាក់​មែនទែន​" អំពី​លោក Obama ចូលរួម​អាហារ​ពេល​ល្ងាច​ក្នុង "​កន្លែង​ទទួលទាន​អាហារ​លំដាប់​វណ្ណៈ​កម្មករ​" នៅ​សង្កាត់​ចំណាស់​មួយ​របស់​ក្រុង​ហាណូយ​។ 

​     ខាងក្រោម​នេះ​ជាការ​សង្កេត​ចំនួន ៦ ចំណុច​អំពី​លោក Obama៖
​    ​
​    ​១. កាន់​ចង្កឹះ​យ៉ាង​ស្ទាត់ជំនាញ​
​    ​លោក Obama កាន់​ចង្កឹះ​យ៉ាង​ស្ទាត់ជំនាញ និង​កម្រ​ចាប់​ឱ្យ​របូត​នំ​បញ្ចុក​ណាស់ ហើយ​គាត់​ពេញចិត្ត​អាហារ​វៀតណាម​រហូតដល់​ថ្នាក់​ហៅ​មក​មួយ​ចាន​ថែមទៀត​។ 

​    ​២. ចូលចិត្ត​មកលេង​អាស៊ី​
​    ​ដោយ​ពណ៌នា​លោក Obama ថា "Asiaphile" (​អ្នក​ចូលចិត្ត​អ្វីៗ​គ្រប់យ៉ាង​របស់​អាស៊ី​) លោក Bourdain បាន​និយាយថា លោក​បាន​និយាយ​អំពី​ពេលវេលា​ល្អៗ​នៅ​ឥណ្ឌូនេស៊ី និង​ប្រាប់ថា​គាត់​នឹក​អាហារ​តាម​ចិ​ញ្ចើ​ថ្នល់​សឹង​ដាច់ខ្យល់​នៅ​ទីនោះ​។ 

​    ​៣. កៅអី​ជ័រ​? គ្មាន​បញ្ហា​
​    ​លោក Bourdain អះអាងថា លោក Obama ចូលចិត្ត​អង្គុយ​លើ​កៅអី​ជ័រ​ពណ៌​ខៀវ​ណាស់​។ លោក Bourdain សរសេរថា "​ចំពោះ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​ដូចជា​គិតថា​រាត្រី​នោះ​មានតែ​គាត់​ម្នាក់ឯង​អ៊ីចឹង ទោះបី​ភ្នាក់ងារ​សម្ងាត់​ឈរ​មើល​ក្បែរ​នោះ​ព្រោងព្រាត​ក៏ដោយ​"​។ 

​    ​៤. ប្រជាជន​វៀតណាម​នាំគ្នា​លាន់មាត់​ថា Obama ពិសា​អាហារ​នៅទីនេះ 
​    ​លោក Bourdain និយាយថា គ្រាន់តែ​ឥទ្ធិពល​នៃ​ទស្សនកិច្ច​របស់ Obama ទៅ​ហាង​អាហារ​សាមញ្ញ​មួយ​បាន​រីក​រាលដាល​ពេញ​ផ្លូវ​ទាំង​អស់នៃ​ទីក្រុង​ហាណូយ​។ 

​    ​លោក​បាន​បន្ថែមថា "​ប្រជាជន​យំ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​រ៉ាយរ៉ាប់​ប្រាប់​ខ្ញុំ​អំពី​ការភ្ញាក់ផ្អើល និង​មោទនភាព​របស់​ពួកគេ ព្រមទាំង​ប្រតិកម្ម​របស់​អ្នកជិតខាង​ចំពោះ​ជម្រើស​ពិសា​អាហារ និង​ទីកន្លែង​ដែល​មិន​រំពឹងទុក​នេះ​"​។ 

​    ​៥. ប្រធានាធិបតី​របស់​ប្រជាជន​
​    ​តាម​បទពិសោធន៍​ថត​រាប់​ឆ្នាំ​មកនេះ លោក Bourdain មាន​អារម្មណ៍​រំភើប​ឥតឧបមា​ចំពោះ​ការ​ខ្វាយខ្វល់​របស់លោក Obama ចំពោះ​សមាជិក​ថត​វីដេអូ ដោយបាន​សួរថា​តើ​អ្នក​ថត​ទាំងនោះ​អាចមក​ទទួលទាន​អាហារ​ជាមួយ​បានទេ​។ 

​    ​Obama ថែមទាំង​ឆ្លៀត​ចេញទៅ​ថតរូប​ជា​អនុ​វស្សា​វ​រី​យ៍​ជាមួយ​អ្នក​ថត​វីដេអូ​ទាំងអស់នោះ​ថែមទៀត​ផង​។ 

​    ​៦. នរណា​មិន​ចូលចិត្ត​ស្រា​បៀរ​?
​    ​ទិដ្ឋភាព​លោក​អូ​បា​ម៉ា​ជល់​ដប​ស្រា​បៀរ​យ៉ាង​រីករាយ​បង្ហាញ​អត្ថន័យ​តែមួយគត់​គឺ គាត់​ចូលចិត្ត​ស្រា​បៀរ​មួយ​នោះ​ខ្លាំងណាស់​៕

​ប្រភព​៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់