តារាចម្រៀងនិងតារាភាពយន្តកូរ៉េ Rain នឹងបង្ហាញមុខជាថ្មីក្នុងភាពយន្តភាគរបស់ទូរទស្សន៍ SBS នៅខែកុម្ភៈឆ្នាំ២០១៦។
ភាពយន្តភាគនេះ មានចំណងជើងថា “Come Back, Uncle” ជាចំណងជើងបណ្តោះអាសន្ន ហើយភាពយន្តនេះនឹងចាក់ផ្សាយនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។ វាមានរយៈពេលមួយឆ្នាំ និងបីខែ ចាប់តាំងពីតារាភាពយន្តរូបនេះបានសម្តែងក្នុងភាពយន្តភាគចុងក្រោយរបស់លោកគឺរឿង “She`s So Loveable” ។
រឿង “Come Back, Uncle” គឺផ្អែកលើសៀវភៅប្រលោមលោកជប៉ុនដែលមានចំណងជើងថា “Tsubakiyama Kacho no Nanoka-kan” ដែលបកប្រែថា “ប្រាំពីរថ្ងៃរបស់លោកនាយក សឺបាគីយ៉ាម៉ា” ។ វាជាភាពយន្តបែបកំប្លែងដែលចង់បកស្រាយសំណួរដែលថា “តើអ្នកនឹងធ្វើអ្វីប្រសិនបើអាចរស់ពីការស្លាប់បានមួយភ្លែតទៀតនោះ?”។
Rain សម្តែងជាតួអង្គនាយករូបសង្ហាឈ្មោះ Lee Hae Joon ជាបុរសវ័យកណ្តាលដែលបានស្លាប់ ប៉ុន្តែត្រូវបានផ្តល់ឱកាសឲ្យរស់ម្តងទៀត។ ភាពយន្តភាគនេះ នឹងបង្ហាញពីអត្ថន័យនៃស្នេហាពិតនិងសារៈសំខាន់របស់ជីវិត៕
