534d0a96 f700 4c80 80c5 cb21a92062a3

គ្រាន់តែ​សង្ស័យថា​«​ចោរ​»​ត្រូវគេ​ដេញ​វាយ​ទ្រមខ្លួន​, គួរ​បញ្ឈប់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ដេញ​វាយ​ហូរ​បែក​ឈាម​ពេញ​ខ្លួន​ព្រោះតែ​គេ​ចោទថា​ជា​«​ចោរ​គាស់​ផ្ទះ »​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ទាំងយប់ នាំគ្នា​ដេញ​ស្ទាក់​ចាប់បាន​ព្រួត​គ្នា​វាយ​ដូច​បាវ​សាក់​ស្ទើរ​ស្លាប់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៣០ ​ខែឧសភា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ប្ញ​ស្សី​កែវ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឮ​សូរសំឡេង​មនុស្ស​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ដោយ​ស្រែកថា «​ចោរៗ »​។ លុះ​ពេលដែល​អ្នកភូមិ​ផ្អើល​ចេញមក​មើល​ក៏​ស្រាប់តែ​ឃើញ​មនុស្ស​៥​ទៅ​៦​នាក់​ទៀត វាយ​លើ​យុវជន​ម្នាក់​ហើយ​ដើរចេញ បន្សល់ទុក​យុវជន​រូបនោះ​រងរបួស​ឈាម​ស្រោច​ពេញ​ខ្លួន​ដួលសន្លប់ នៅជាប់​ផ្លូវ​រថភ្លើង។​

    ប្រភព​ដដែល​បាន​បន្តទៀតថា ពេលដែល​ធ្វើការ​សាកសួរ​យុវជន​ដែល​ត្រូវគេ​វាយ​នោះ បាន​និយាយ​ទាំង​សំឡេង​ខ្សាវៗ​ថា "​រូបគេ​ដើរ​រើស​អេតចាយ ក៏​ស្រាប់​តែមាន​មនុស្ស​មួយក្រុម​ចោទថា រូបគាត់​ជា​ចោរ​គាស់​ផ្ទះ ហើយក៏​ដេញតាម​វាយ​រូបគាត់​រហូតដល់​បែក​ឈាម​ហូរ​ពេញ​ខ្លួន​បែបនេះ​ទៅ​"។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះមក​អន្តរាគមន៍ ដោយ​ពឹង​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្តែង គ្មាន​ភស្តុតាង និង​ដើមបណ្តឹង ទើប​សមត្ថកិច្ច​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅតែពី​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ សម្តេចឪ ព្រោះ​ជនរងគ្រោះ​មាន​សភាព​របួស​ធ្ងន់ធ្ង​រណាស់៕


 

អ្នកនឹងចូលចិត្ត

មតិយោបល់