39834871

ឪពុក​អ្នកមាន​នាំ​កូន​ទៅ​មើល​ផ្ទះ​អ្នកក្រ អ្វីដែល​កូន​លើកឡើង​ធ្វើឱ្យ​ឪពុក​បាត់មាត់បាត់ក​

​    ​របស់​សំខាន់បំផុត​ក្នុង​ជីវិត​របស់​មនុស្ស​...

​    ​ថ្ងៃមួយ​ឪពុក​មាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ​ម្នាក់​បាន​យក​កូន​របស់គាត់ ធ្វើដំណើរ​ទៅ​ប្រទេសមួយ​ក្នុង​គោលបំណង​តែមួយគត់​គឺ​បង្ហាញ​កូន​គាត់​ឱ្យមើល​ថា​តើ​អ្នកក្រ​មាន​សភាព​បែបណា​។ ពួកគេ​បាន​ចំណាយពេល​បី​បួន​ថ្ងៃ​នៅ​កសិដ្ឋាន​របស់​គ្រួសារ​ក្រីក្រ​មួយ​។​

​    ​បន្ទាប់ពី​ត្រឡប់​ពី​ធ្វើដំណើរ​វិញ ឪពុក​បាន​សួរ​កូន​របស់គាត់​ថា​តើ​កូន​ចូលចិត្ត​ដំណើរ​កម្សាន្ត​នេះ​អត់​។ 

​    ​កូន​ឆ្លើ​តប​វិញ​ថា "​ដំណើរ​កម្សាន្ត​នោះ​ល្អ​ខ្លាំងណាស់​! ប៉ា​"​។​

​    ​ឪពុក​សួរ​ទៀតថា "​តើ​កូន​បានឃើញ​ថា​តើ​អ្នកក្រ​មាន​សភាព​បែបណា​?"

​    ​កូន​ឆ្លើយថា "​បាទ ប៉ា​ខ្ញុំ​បានឃើញ​!"​។​

​    ​ឪពុក​សួរ​កូន​ទៀតថា "​អ៊ីចឹង​តើ​កូន​បាន​រៀន​អ្វីខ្លះ​ពី​ដំណើរ​កម្សាន្ត​នោះ​"​។​

​    ​កូន​ឆ្លើយតប "​ខ្ញុំ​បាន​ឃើញថា​ ពួកគេ​មាន​ឆ្កែ​មួយ​មាន​ជើង​បួន ​ដូច​ឆ្កែ​យើង​ដែរ​។ យើង​មាន​អាង​ហែល​ទឹក​មួយ​ដែល​លាតសន្ធឹង​នៅ​កណ្តាល​សួនច្បារ​របស់​យើង ហើយ​ពួកគេ​មាន​ស្ទឹង​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​មួយ​។ យើង​មាន​អំពូល​បំភ្លឺ​ក្នុង​សួនច្បារ​របស់​យើង រីឯ​ពួកគេ​មាន​តារា​រះ​នៅលើ​មេឃ​ពេលយប់​។ កន្លែង​អង្គុយលេង​របស់​យើង​ស្ថិតនៅ​វ៉េ​រ៉ង់​ដា ហើយ​ពួកគេ​មាន​ជើងមេឃ​ទាំងមូល​ជា​កន្លែង​អង្គុយលេង​"​។​

​    ​"​យើង​មាន​ដី​តែមួយ​កន្លែង​ប៉ុណ្ណោះ​ដើម្បី​រស់នៅ ហើយ​ពួកគេ​មាន​វាលស្រែ​ដែល​មើលទៅ​ដាច់​កន្ទុយភ្នែក​។ យើង​មាន​អ្នកបម្រើ​ជាច្រើន​នាក់ ប៉ុន្ដែ​ពួកគេ​បម្រើ​អ្នកដទៃ​"​។​

​    ​"​យើង​ទិញ​អាហារ​គេ​ទទួលទាន ប៉ុន្ដែ​ពួកគេ​ផលិត​អាហារ​ទទួលទាន​ដោយ​ខ្លួនឯង​។ យើង​មាន​ជញ្ជាំង​ថ្ម​ជុំវិញ​ពួកយើង​ដើម្បី​ការពារ ពួកគេ​មាន​មិត្តភក្តិ​ដើម្បី​ការពារ​ពួកគេ​"​។​

​    ​ឪពុក​របស់​ក្មេង​នោះបាន​បាត់មាត់ឈឹង បន្ទាប់មក​កូន​គាត់​បន្ថែមទៀតថា "​ទាំងនេះ​បង្ហាញថា​យើង​ពិតជា​ក្រ​ណាស់​ប៉ា​"​។​

​    ​ជាច្រើនលើក​ច្រើនសា យើង​បាន​ភ្លេច​នូវ​អ្វី​ដែ​យើង​មាន​និង​ផ្ដោតលើ​អ្វីដែល​យើង​អត់​មាន​។ របស់​ខ្លះ​មិនមែនជា​របស់​មានតម្លៃ​របស់​អ្នកមាន​ទេ​តែ​វា​ជា​របស់​សំខាន់បំផុត​នៅក្នុង​ជីវិត​របស់​អ្នកផ្សេង (​អ្នកក្រ​)​។ អ្វីៗ​គឺ​ផ្អែកលើ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ​។ អ្នកមាន​អ្នកក្រ​មិនអាច​សំអាង​លើ​របស់ទ្រព្យ​ជាប់​ខ្លួន​នោះទេ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់