ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមទាំងនារីៗ២នាក់ទៀតរួមដំណើរជាមួយបានបើករថយន្តឡិចស៊ីសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តកាមរីឆ្លាមបណ្តាលឱ្យដាច់កង់ម្ខាងទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2J -1339 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើត។
ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ស ពាក់លេខភ្នំពេញ 2AJ-0994 បើកបរដោយបុរសជនជាតិចិនម្នាក់ និងនារី២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនលឿនហើយបានបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរថយន្តឡិចស៊ីសដាច់កង់ខាងឆ្វេង។ ចំណែករថយន្តកាមរីឆ្លាមរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុបុរសជនជាតិចិនបានចុះពីរថយន្តគេចខ្លួនបាត់ដោយបន្សល់ទុកនារី២នាក់នៅកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់។ យ៉ាងណាក៏ដោយប៉ូលិសនៅមិនទាន់ស្គាល់អត្តសញ្ញាណពួកគេនៅឡើយ៕
