បន្ទាយមានជ័យ ៖ ឪពុក និងកូនប្រសារបានទៅភ្ជួរស្រែស្រាប់តែមានភ្លៀងរលឹម ក៏នាំគ្នាចូលជ្រកក្រោមដើមឈើ និងដូរកង់គោយន្ត ដើម្បីត្រឡប់មកផ្ទះ ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ទាំង ២ នាក់។
គ្រោះថ្នាក់ធម្មជាតិនេះ កើតឡើងកាលពីវេលាម៉ោង១៥ និង៤៥នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចវាលគោកទិលខាងលិចភូមិ ចម្ងាយប្រមាណ ២km ក្នុងភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អ៊ុក សុផាត អធិការប៉ូលិសស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ យង់ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ និងទី២.ឈ្មោះ គឿ ផល ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនប្រសា រស់នៅភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក បានទៅភ្ជួរស្រែនៅចំណុចវាលគោកទិល ខាងលិចភូមិចម្ងាយប្រមាណ ២km។
ពេលភ្លៀងរលឹមបានបណ្ដើរគោយន្តទៅឈប់ក្បែរដើមចំបក់ នាំគ្នាដោះប្ដូរកង់ដែក ដាក់កង់កៅស៊ូ ដើម្បីបើកត្រឡប់មកផ្ទះវិញ ស្រាប់តែមានរន្ទះបាញ់ចំដើមចំបក់ ដែលជនរងគ្រោះនៅពីក្រោម បណ្ដាលឲ្យស្លាប់ទាំង ២ នាក់តែម្តង។
ក្រោយ កើតហេតុ សមត្ថកិច្ច បានចុះទៅត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែរន្ទះបាញ់ពិតមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
