adverise with khmeread Body care

អត្ថប្រយោជន៍សុខភាពទាំង ៨ នៃការថែរក្សារាងកាយតាមបែបធម្មជាតិ

គ្រប់នារីទាំងអស់សុទ្ធតែមានផលិតផលថែរក្សាសម្រស់គរដូចភ្នំ។ ខណៈដែលផលិតផលទាំងនោះជួយឲ្យស្បែករបស់យើងរក្សាភាពទន់ល្មឿយ រលោង និងក្មេងជាងវ័យ ពួកវាក៏មានផលប៉ះពាល់ណាស់ដល់សុខភាពរបស់យើងផងដែរ នេះមិននិយាយពីការខ្ជះខ្ជាយពេលវេលាដែលបង្កឡើងដោយផលិតផលទាំងនោះផង។ វាមានភាពងាយស្រួលក្នុងការទិញម៉ាសបិទមុខ ផលិតផលថែរក្សាសក់ ឬផលិតផលរក្សាសំណើមជាងធ្វើផលិតផលនោះដោយខ្លួនឯង ប៉ុន្តែល្គឹកណាអ្នកបានដឹងពីរាល់អត្ថប្រយោជន៍នៃការថែរក្សារាងកាយតាមបែបធម្មជាតិហើយនោះ អ្នកនឹងប្តូរចិត្តឈប់ទិញផលិតផលទាំងនោះជាមិនខាន។ សូមគិតទៅដល់សត្វទាំងឡាយ ដែលងាប់រាល់នាទីដោយសារតែការធ្វើតេស្តដ៏គ្រោះថ្នាក់ និងសូមចៀសវាងសារធាតុគីមី ដែលប្រើក្នុងផលិតផលថែរក្សាសម្រស់ល្បីៗ ដែលអាចធ្វើឲ្យអ័រម៉ូនរបស់អ្នកប្រែប្រួល និងនាំឲ្យកើតជំងឺគ្រោះថ្នាក់ជាច្រើន។ ត្រូវងាកមកជ្រើសរើសការថែរក្សារាងកាយតាមបែបធម្មជាតិវិញ ព្រោះវាអាចជួយដល់សុខភាពបានដូចខាងក្រោមនេះ។ 

១- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុគីមីពុល Carcinogen នៅក្នុងផលិតផលថែរក្សាសម្រស់គឺជាមូលហេតុបង្កមេរោគមហារីកដ៏ចម្បងមួយ។ សារធាតុ Carcinogen ក៏ដូចជាសារធាតុរក្សាគុណភាពផលិតផលដែលគ្មានក្លិនជាច្រើនទៀតដែរ គឺអាចនាំទៅរកជំងឺធ្ងន់ធ្ងរជាច្រើន។ ប្រសិនបើអ្នកចង់មានសុខភាពល្អ និងរស់នៅបានយូរ សូមប្តូរទៅរកការថែរក្សារាងកាយតាមបែបធម្មជាតិចាប់ពីថ្ងៃនេះ។ 

២- ចៀសវាងបញ្ហាស្បែក
ប្រសិនបើអ្នកកើតមុនធ្ងន់ធ្ងរ វាប្រហែលមិនមែនបណ្តាលមកពីទម្លាប់ទទួលទានមិនល្អ ឬបញ្ហាអ័រម៉ូននោះទេ។ ផលិតផលថែរក្សាសម្ផស្ស និងរាងកាយជាច្រើនអាចបង្កឲ្យកើតមុន និងបញ្ហាស្បែកផងដែរ។ ការជ្រើសរើសការថែរក្សារាងកាយតាមបែបធម្មជាតិអាចជួយអ្នកដោះស្រាយនូវបញ្ហាស្បែក និងភ្លេចពីបញ្ហាទាំងអស់នេះជារៀងរហូត។ 

៣- ជួយធ្វើឲ្យសុខភាពបន្តពូជរបស់អ្នកល្អប្រសើរឡើង
ដូចដែលបាននិយាយខាងលើអ៊ីចឹង ផលិតផលថែរក្សាសម្រស់ពេញនិយមបំផុតគឺផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ដែលប៉ះពាល់ដល់សុខភាពបន្តពូជរបស់ស្ត្រី។ សារធាតុគីមីជាច្រើនដូចជា ផូស្វ័រ, ផារ៉ាប៊ីន (Paraben), ហ្វ័រម៉លដេហាយ (Formaldehyde) និងផ្ថាលេត (Phthalate) ដែលគេឧស្សាហ៍បន្ថែមទៅក្នុងផលិតផលថែរក្សារាងកាយ គឺស្ថិតក្នុងចំណោមជាតិគីមីដ៏គ្រោះថ្នាក់បំផុត ដែលអ្នកគួរចៀសវាងលាបវានៅលើរាងកាយជាដាច់ខាត។  

៤- បំបាក់ការឈឺក្បាល
តើអ្នកឧស្សាហ៍ឈឺក្បាលធ្ងន់ធ្ងរដែរឬទេ? តើអ្នកគិតថាវាបណ្តាមកតែពីស្ត្រេសន៍មួយមុខគត់មែនទេ? មិនមែននោះទេ នារីៗទាំងឡាយ។ ផលិតផលថែរក្សាសម្រស់ និងរាងកាយជាច្រើនមានក្លិនក្រអូបអស្ចារ្យណាស់ ប៉ុន្តែគ្រឿងក្រអូបទាំងនោះអាចបង្កឲ្យកើតអាការៈឈឺក្បាលធ្ងន់ធ្ងរសូម្បីនៅពេលដែលអ្នកមានអារម្មណ៍ស្ងប់ល្អក៏ដោយ។ 

៥- ចៀសវាងអង្គែ​ស្បែក​ក្បាល
មិនមែនមានតែបុរសទេដែលព្យាយាមកំចាត់អង្គែស្បែកក្បាល នារីៗក៏ងាយនឹងកើតអង្គែផងដែរ។ រាល់សាប៊ូ និងផលិតផលថែរក្សាសក់ ដែលគេថាអាចជួយអ្នកកំចាត់មូលហេតុបង្កអង្គែគឺរឹតតែធ្វើឲ្យកើតអង្គែ ដោយធ្វើឲ្យអ្នកចំណាយលុយកាន់តែច្រើនលើផលិតប្រឆាំងនឹងអង្គែដែលបង្កអង្គែកាន់តែច្រើនទាំងអស់នោះ។ ផ្ទុយមកវិញ វារឹតតែធ្វើឲ្យបញ្ហាអង្គែកាន់តែធ្ងន់ធ្ងរ និងបង្កឲ្យកើតផ្សិត​ដំបែលើស្បែកក្បាលកាន់តែច្រើន។ 

៦- ជួយរក្សាសក់របស់អ្នកមិនឲ្យជ្រុះ
ស្ត្រីជាច្រើនតែងរងគ្រោះពីការជ្រុះសក់ដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យសក់របស់ពួកគេជ្រុះច្រើននុះច្រើន។ មានមូលហេតុច្រើនណាស់ដែលបណ្តាលឲ្យសក់ជ្រុះ ក្នុងនោះរួមមានទាំងរបបអាហារមិនល្អផងដែរ។ ទោះយ៉ាងណា សាប៊ូថ្លៃៗ ផលិតផលលាបសក់ សក់ពាក់ និងផលិតផលលេងស្ទីលសក់ជាច្រើនទៀត ដែលគេសន្មតថាជួយរក្សាសក់ឲ្យមានសុខភាពល្អ និងស្រស់ស្អាតនោះ អាចនឹងធ្វើឲ្យសក់ខូចម្តងបន្តិចៗ។ 

៧- រក្សារាងឲ្យនៅស្វ៊ែល
វាស្តាប់ទៅរាងចម្លែកបន្តិចប៉ុន្តែផលិតផលថែរក្សារាងកាយមួយចំនួនពិតជាអាចបង្កផលប៉ះពាល់ដល់ទម្ងន់របស់អ្នក។ ជាតិគីមីជាក់លាក់មួយចំនួន ដែលគេស្គាល់ថា Obesogen ត្រូវគេបញ្ជាក់ថាជាមូលហេតុបង្កការឡើងទម្ងន់។ រឿងមួយគឺថា ជាតិគីមីនេះដែលរួមមានទាំង សារធាតុផ្ថាលេតផងនោះ  អាចបង្កផលប៉ះពាល់លើមុខងារក្រពេញទីរ៉ូអ៊ីតសម្រាប់រំលាយអាហាររបស់អ្នក និងថែមទាំងអាចបង្កការរំខានដល់អ័រម៉ូនទៀតផង។ អតុល្យភាពអ័រម៉ូនក៏អាចបំផ្លាញដល់ការស្រកទម្ងន់របស់អ្នកផងដែរ។   

៨- ចៀសផុតពីអាឡាក់ហ្ស៊ី
ខុសពីផលិតផលថែរក្សាសម្ផស្ស និងរាងកាយដែលផ្ទុកគីមី ផលិតផលថែរក្សារាងកាយបែបធម្មជាតិកម្របង្កអាឡាក់ហ្ស៊ីណាស់។ នៅពេលអ្នកលាបផលិតផលដែលពោរពេញទៅដោយជាតិគីមីគ្រោះថ្នាក់នៅលើស្បែកក្បាល និងស្បែករាងកាយរបស់អ្នក វានឹងជ្រាបចូលទៅក្នុងសរសៃឈាមក្នុងរយៈពេល ១៥ ទៅ ២០ នាទី ដោយបង្កឲ្យមានប្រតិកម្មអាឡាក់ហ្ស៊ី។ ហើយបន្ទាប់មកទៀត អ្នកនឹងចំណាយពេលដ៏មានតម្លៃរបស់អ្នកទៅជួបវេជ្ជបណ្ឌិតបីទៅបួនដងក្នុងមួយសប្តាហ៍ និងចំណាយលុយទិញថ្នាំថ្លៃៗថែមទៀត។ 

សូមឈប់ចំណាយលុយខ្ជះខ្ជាយលើផលិតផលថែរក្សាសម្រស់ ដែលអាចបំផ្លាញសុខភាពរបស់អ្នក និងប៉ះពាល់ដល់ការរស់នៅបានយូរអង្វែងរបស់អ្នក។ ប្តូរមកប្រើផលិតផលថែរក្សារាងកាយតាមបែបធម្មជាតិដើម្បីសុខភាពល្អនៅថ្ងៃស្អែកហើយអ្នកនឹងឃើញថាខ្លួនឯងមានអារម្មណ៍យ៉ាងណា។ ជួនកាលការផ្លាស់ប្តូរបន្តិចតែប៉ុណ្ណោះនឹងអាចដើរតួនាទីដ៏ធំមួយក្នុងរបៀបដែលអ្នករស់នៅ និងអារម្មណ៍របស់អ្នក។ តើអ្នកមានជួបពេលវេលាដ៏លំបាកណាមួយដោយសារតែប្រើផលិតផលថែរក្សាសម្រស់ដែរឬទេ? 

adverise with khmeread

មតិយោបល់