adverise with khmeread 10 excuses

ឈប់​ដោះសារ​រឿង​ដដែលៗ​ទាំង ១០ នេះ វា​គ្រាន់តែ​ជាការ​កុហក​ប៉ុណ្ណោះ​

​ការយក​លេស​ដោះសារ​គឺជា​រឿង​ឥតប្រយោជន៍​ទេ​។ គ្មាន​នរណាម្នាក់​អាច​សម្រេចបាន​អ្វីមួយ​ដ៏​អស្ចារ្យ​ដោយសារតែ​ការ​ដោះសារ​នោះឡើយ​។ ជួនកាល​សូម្បី​ពេលដែល​លេស​នោះ​ហាក់ដូច​ជាមាន​សុពលភាព ក៏​អ្នក​មិនគួរ​ជ្រើសរើស​ប្រើ​វារ​ហូត​នោះដែរ​។ គ្មាន​ហេតុផល​អ្វី​ត្រូវធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​ស្ទាក់ស្ទើរ​ទៅមុខ​មិន​រួច​ថយក្រោយ​ក៏​មិន​រួច​នោះទេ​។ យើង​គួរតែ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ល្អប្រសើរ និង​ធ្វើ​នូវ​អ្វីដែល​គួរ​ធ្វើ​។ ត្រូវ​ចាំ​ពាក្យដោះសារ​មិន​ខុស​អី្វ​ពី​ពាក្យ​កុហក​នោះឡើយ​។

១- "​វា​មិនអាច​ទៅរួច​ទេ​"
​ហេតុអ្វី​អ្នក​គិតថា​ទៅ​មិន​រួច​? បើ​ធ្វើ​ពីដំបូង​មិនកើត​ព្យាយាម​លើក​ក្រោយ​ក៏​មិន​ប្រាកដថា​ធ្វើ​មិន​រួច​ដូច​លើកដំបូង​នោះឡើយ​។ ការ​កុហក​បែបនេះ​បានត្រឹមតែ​បាំង​ខ្លួន​អ្នក​មិន​ឲ្យ​ឃើញ​រូបភាព​ធំ និង​លទ្ធភាព​ទទួលបាន​ជោគជ័យ​ប៉ុណ្ណោះ នៅពេល​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន​អ្នក​សុទ្ធតែ​រឿង​ដែល​អ្នក​គិតថា​បរាជ័យ ឬ​ធ្វើ​មិន​រួច​។ ត្រូវ​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​។

២- "​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាំងអស់​ពេល​គ្មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ​"
​លេស​ដោះសារ​មួយ​នេះ​គឺជា​រឿង​ឆ្កួត​ខ្លាំងណាស់​។ ហេតុអ្វី​វិនិច្ឆ័យ​ខ្លួនឯង​ជាមួយនឹង​ការដែល​គ្មាន​លទ្ធភាព​ឈោង​ចាប់​របស់​ទាំងនោះ​ខណៈដែល​អ្នក​អាច​ទទួលបាន​ជោគជ័យ​ដោយ​មិនចាំបាច់​មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ​នោះ​។ មនុស្ស​ជាច្រើន​ក្នុងសង្គម​របស់​យើង​ចាប់ផ្តើម​ពី​សូន្យ ហើយ​ក្លាយជា​មនុស្ស​ជោគជ័យ​ដោយ​គ្មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ​ផង​ទេ​។

៣- "​ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​ទេ​"
​ប្រហែល​អ្នក​មកពី​ក្រុម​ជនជាតិភាគតិច ឬ​អ្នក​ប្រហែលជា​អសមត្ថភាព​ទាំង​ផ្នែក​រាងកាយ និង​ហិរញ្ញវត្ថុ ប៉ុន្តែ​រឿងនេះ​មិនគួរ​ជាហេតុ​ផល​រារាំង​ក្តី​សុបិន​របស់​អ្នក និង​លទ្ធភាព​ទទួលបាន​ជោគជ័យ​ដែល​អ្នក​អាច​ទទួលបាន​នោះទេ​។ គ្មាន​នរណា​ល្អ​គ្រប់គ្រាន់​នោះទេ​ពីដំបូង វា​ត្រូវការ​ការអនុវត្ត​ច្រើន​ទម្រាំ​អ្នក​អាច​ក្លាយជា​មនុស្ស​ល្បី និង​ជោគជ័យ​។ ការ​ចាញ់​ប្រៀប​អ្វីៗ​សព្វបែបយ៉ាង​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ ព្រោះ​ពិភពលោក​ចូលចិត្ត​មនុស្ស​ដែល​គ្មានអ្វី​សោះ​ពី​ដើមទី​បែបនេះ​។   

៤- "​ខ្ញុំ​គ្មាន​លុយ​ដើម្បី​ធ្វើ​រឿងនេះ​ទេ​"
​ជាជាង​អង្គុយ​គិតថា​លុយ​គឺជា​បញ្ហា អ្នក​គួរ​ស្វែងរក​វិធី​ណា​ដែល​អ្នក​អាច​ផ្តល់​ជា​សេវា​ដល់​នរណាម្នាក់​ដើម្បី​បង្កើត​លុយ​ដែល​អ្នកត្រូវការ​។ លេស​មួយ​នេះ​គឺជា​ការ​កុហក​សុទ្ធសាធ ព្រោះ​បញ្ហា​មិនមែន​លុយ​ទេ តែ​ជា​ខ្លួន​អ្នក​តែម្តង​។

៥- "​តើ​មនុ​ស្សនឹង​និយាយ​យ៉ាងណា​ប្រសិនបើ​ខ្ញុំ​ធ្វើ​រឿងនេះ​?"
​ការពិត​គឺថា​គ្មាន​នរណាម្នាក់​ខ្វល់​ពី​អ្នក​នោះទេ​។ នេះ​គឺជា​រឿង​ពិត ព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​រវល់​រឿង​ផ្ទាល់ខ្លួន​របស់គេ ហើយ​អ្នក​មិនមែនជា​រឿង​សំខាន់​ដែល​គេ​ចង់​គិត​នោះទេ​។ ប្រសិនបើ​គេ​កត់សម្គាល់​លើ​អ្នកមួយ​ភ្លែត ក៏​នោះ​គ្រាន់តែ​ជាការ​គិត​មកលើ​អ្នក​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ត្រូវ​ផ្តោតលើ​ដំណោះស្រាយ​អចិន្ត្រៃយ៍​របស់​អ្នក​ជាជាង​ខ្វល់​ពី​ការរំខាន​បណ្តោះអាសន្ន​។

៦- "​ខ្ញុំ​គឺ​ខ្ញុំ ខ្ញុំ​មិនអាច​ផ្លាស់ប្តូរ​បានទេ​"
​ហេតុអ្វី​អ្នក​មិនអាច​ផ្លាស់ប្តូរ​បាន​? ការផ្លាស់ប្តូរ​គឺជា​រឿង​ដែល​កើតឡើង​ឥត​ឈប់​។ មនុស្ស​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​បត់បែន​តាម​កាលៈទេសៈ និង​ដើម្បី​រស់​។ ប្រសិនបើ​អ្នក​គិតថា​អ្នក​ត្រូវ​រហូត ហើយ​មិន​ព្រម​ផ្លាស់ប្តូរ​ទៅតាម​កាលៈទេសៈ​ដែល​បាន​ផ្លាស់ប្តូរ អ៊ីចឹង​អ្នកនឹង​បានតែ​ត្រឹម​កប់​ខ្លួនឯង​ដោយសារតែ​ការមិន​ចេះ​ផ្លាស់ប្តូរ​ប៉ុណ្ណោះ​។

៧- "​ខ្ញុំ​អាយុ​ច្រើន​ហើយ​មិនអាច​ធ្វើ​រឿងនេះ​កើត​ទេ​"
​លេស​នេះ​ស្តាប់ទៅ​មិន​សម​ហេតុផល​ទេ ព្រោះ​វ័យ​កាន់តែច្រើន​កាន់តែ​មាន​ផ្នត់​គំនិតល្អ​។ អ្នក​ត្រូវតែ​បោះបង់ចោល​គំនិត​ចាស់គំរិល​នេះ និង​ចាប់​ផ្តើមធ្វើ​អ្វីដែល​ត្រូវធ្វើ​។ លោក Colonel Sanders ចាប់ផ្តើម​បើកហាង KFC នៅ​អាយុ ៦២ ឆ្នាំ​។ ហេតុអ្វី​ត្រូវយក​អាយុ​មក​ធ្វើជា​លេស​? មិន​ថា​វា​ជា​សញ្ញាប័ត្រ​ដែល​អ្នក​ចង់​បាន ឬ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ចាប់ផ្តើម​នោះទេ គឺថា​អ្នក​មិនចេះ​យឺត​ពេល​ទេ​ក្នុងការ​សម្រេច​គោលបំណង​របស់ខ្លួន​។

៨- "​ខ្ញុំ​មិនមែនជា​មនុស្ស​មានសំណាង​"
​តើ​ពិភពលោក​កំណត់​ន័យ​ពាក្យ "​សំណាង​" យ៉ាងដូចម្តេច​? មនុស្ស​មានសំណាង​គឺជា​មនុស្ស​ដែល​ចេះ​ចាប់យក​ឱកាស​។ ជម្រើស​ដែល​អ្នក​ជ្រើសរើស​គឺជា​អ្វីមួយ​ដែលមាន​ឥទ្ធិពល​លើ "​សំណាង​" របស់​អ្នក ឬ​ឱកាស​ក្នុងការ​ក្លាយជា​អ្វីដែល​អ្នក​ចង់​ក្លាយ​។ មួយវិញទៀត ភាពជោគជ័យ​មិនមែន​ដូចជា​ការលេង​ល្បែង​ផ្សងសំណាង​នោះទេ​។ អ្នក​ត្រូវតែ​ស្វែងរក​ភាពជោគជ័យ ហើយ​សំណាង​អាច​កើតឡើង​បាន​ទាល់តែ​ពេលដែល​អ្នក​ចាប់ផ្តើម​ស្វែងរក​វា​។

៩- "​ខ្ញុំ​នឹងធ្វើ​រឿង​នោះ​បន្ទាប់ពី​រៀបការ​រួច​"
​ស្តាប់ទៅ​វា​មានន័យ​យ៉ាងច្បាស់​ថា​អ្នក​មិន​ចង់​ធ្វើ​រឿង​មួយ​ហ្នុ​ង​នោះទេ​។ អាពាហ៍ពិពាហ៍​គឺជា​រឿង​ដាច់ដោយឡែក​មួយ ដែល​នឹងមិន​ប៉ះពាល់​ដល់​អត្រា​នៃ​ភាពជោគជ័យ ឬ​បរាជ័យ​របស់​អ្នក​នោះទេ​។ អ្នក​ប្រហែលជា​ចង់បាន​គ្នីគ្នា​ដើម្បី​ជា​លេស​កុំ​ឲ្យ​ខ្លួនឯង​ទៅធ្វើ​រឿង​មួយ​ដែល​អ្នក​គិតថា​ធ្វើ​មិនបាន ឬ​អ្នក​កំពុង​ព្យាយាម​រៀបការ​ជាមួយ​អ្នកមាន​ដើម្បី​កើតមាន​ឆាប់​។ អ្នក​មិនគួរ​ពឹង​អាស្រ័យ​លើ​រឿង​ទាំងនេះ​ទេ​។ អ្នក​គួរតែ​សម្លឹងមើល​រូបភាព​ធំ និង​បង្កើត​កេរ្តិ៍ឈ្មោះ​ដើម្បី​អាពាហ៍ពិពាហ៍ មិនមែន​ទុក​ឲ្យ​អាពាហ៍ពិពាហ៍​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នោះទេ​។  

១០- "​ខ្ញុំ​រវល់​ណាស់​"
​គ្មាន​នរណាម្នាក់​រវល់​ខ្លាំង​ដល់​ថ្នាក់​រក​ពេល​ដកឃ្លា​មិនបាន​នោះទេ​។ អ្នក​គួរតែ​កំណត់​អាទិភាព​របស់ខ្លួន​ជាជាង​រអ៊ូរទាំ​ថា​អ្នក​រវល់​រក​ពេល​ឈប់​មិនបាន​។ ការដែល​រវល់​មិនអាច​ឆ្លើយ​ចំពោះ​សំណួរ​ដែល​ត្រូវបាន​នោះទេ​។ អ្នក​គួរតែ​ទុកពេល​ទំនេរ​សម្រាប់​រឿង​ដែល​សំខាន់​ពិតប្រាកដ ទើប​ជាការ​ប្រសើរ​៕

adverise with khmeread
ប្រភព៖ ​ឡាយ​ហ៊ែ​ក​

មតិយោបល់