3dc26bdc 3281 416b bb1f e2285e419b94

កុមារីដ៏​កំសត់ម្នាក់​ លង់ទឹក​ស្លាប់ក្នុងរ​ណ្តៅ​ដី​

    កណ្ដាល ៖ មាន​ករណី​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​០២ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី នៅ​ចំណុច រណ្តៅ​ដី​បឹង​រា​ហ៊ូ​ក្រោយ វត្ត​បឹង​ជន្លេន ក្រោយ​ភូមិ​បឹង​ជន្លេន ​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ខេន សុខ​ជា ភេទ​ស្រី ​អាយុ ១៣ ឆ្នាំ​(​មាន​ជម្ងឺ​ស​សៃ​ប្រាសាទ​) បច្ចុប្បន្ន​ស្នាក់ នៅ​ឡឥដ្ឋ ព​ន្លឺ​ព្រះអាទិត្យ ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ​ខេត្តកណ្ដាល​។ ​ឪពុក​ឈ្មោះ​ ខុម ខេន ​អាយុ​៤២​ឆ្នាំ​,​ ម្តាយ​ឈ្មោះ​ ឃុន ស៊ុន​លី ​​អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅក្នុង​ឡឥដ្ឋ​ពន្លឺព្រះអាទិត្យ​ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល មុខរបរ​កម្មករ​ឡ​ឥដ្ឋ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​០៧​ព្រឹក​ឪពុកម្តាយ​ជនរងគ្រោះ បាន​ចេញពីផ្ទះ​ទៅធ្វើ ឥដ្ឋ ចំណែក​ជន​រង គ្រោះ​ដេក​នៅលើផ្ទះ​ម្នាក់ ឯង​។ លុះដល់​ម៉ោង​១១​ឪពុកម្តាយ​ជន រងគ្រោះ ឈប់​ធ្វើការ នាំគ្នា​មក​ផ្ទះ​ហូបបាយ។​

    ពេលនោះ​បាត់​ជនរងគ្រោះ ក៏ឆោឡោ​នាំគ្នា​ដើររក​ទើប​ដឹងថា​កូន​ដើរទៅ​ចំណុច​បឹង​រា​ហ៊ូ​ហើយ ក៏​ពឹងពាក់​បងប្អូន​ទៅរក​នៅ​ទីនោះ​ក៏​ឃើញ​ស្បែកជើង​មួយគូ​ពណ៌​លឿង និង​ចានដែក​ជ័រ​ពណ៌​ខ្មៅ ​០១ របស់​ជនរងគ្រោះ​នៅ​មាត់​ស្រះ។​

    ឃើញ​ដូច្នោះ​ឪពុកម្តាយ​ក៏មាន​ការសង្ស័យ​បាននាំគ្នា ចុះ​ទឹក​រាវរក​ជនរងគ្រោះ​ក៏​ប្រទះឃើញ​សព​កូន លង់ទឹក​ស្លាប់ នៅក្នុង​អណ្តូង ហើយ​ឪពុកម្តាយ ក៏​នាំគ្នា​ស្រង់​សព​កូន​មក​ដាក់​លើគោក។ បន្ទាប់មក​ក៏បាន​យក​សព មក​តម្កល់ទុក នៅ​វត្ត​ភូមិ​ក្អម នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

    នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១២ ​និង​៤៣​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍ឬ​ស្សី​ជ្រោយ បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ​ហើយ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឃើញថា នៅ​រន្ធ​ច្រមុះ​សព មាន​សំបោរ​ហូរ ចេញ មក​ក្រៅ​។ នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរកត់សំគាល់​ឡើយ​។​

    ការសន្និដ្ឋាន​ជនរងគ្រោះ​ឈ្មោះ ​ខេន សុខ​ជា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់