ភ្នំពេញ ៖ នារីម្នាក់បើករថយន្តហាយប្រ៊ីដហើយរវល់តែនិយាយទូរស័ព្ទក៏ បានជ្រុលចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ រួចព្យាយាមបើករថយន្តគេចខ្លួនទាំងបែកកង់បានប្រមាណ ៣០០ ម៉ែត្រត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ីស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីនារីដែលជាអ្នកបើករថយន្តមិនប្រាប់ឈ្មោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានបើករថយន្តហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5756 បើកតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ីទិសដៅពីកើតទៅលិច។
ខណៈបើករថយន្តធ្វើដំណើរតាមដងផ្លូវស្រាប់តែមានអ្នកខលមកនាងក៏បានលើកទូរស័ព្ទ កំពុងតែនិយាយទូរស័ព្ទក៏បានរេចង្កូតបុកស្លាកសញ្ញាចរាចរណ៍បាក់តែម្តង។
បន្ទាប់ពីបង្កហេតុនារីបើករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងរថយន្តបែកកង់មុខខាងឆ្វេង ប៉ុន្តែបានប្រមាណ ៣០០ ម៉ែត្រក៏ត្រូវបានកម្លាំងល្បាតដេញឃាត់បានផងដែរ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕
