adverise with khmeread Japan 3

ក្មេងប្រុសដែលម៉ែឪទុកចោលក្នុងព្រៃត្រូវបានរកឃើញទាំងនៅរស់យ៉ាងអព្ភូតហេតុ!

​    ​មន្ត្រីជប៉ុន​បាន​និយាយកាលពីថ្ងៃសុក្រម្សិលមិញថា ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ដែល​បាត់​ខ្លួន​តាំងពី​ម្តាយ​ឪពុក​របស់ខ្លួន​បោះបង់ចោល​ក្នុងព្រៃ​ខ្លាឃ្មុំ​នៅ​ជប៉ុន​ភាគ​ខាងជើង​សម្រាប់​ជាការ​ដាក់ពិន័យ​កាលពី​ជិត​មួយ​សប្តាហ៍​មុន​ត្រូវបាន​រកឃើញ​ទាំង​នៅរស់​នៅព្រឹក​ថ្ងៃ​សុក្រ ទី ៣ មិថុនា​នេះ។ នេះបើតាមវេបសាយសិង្ហបុរី ឆានែលញូវស៍អេស៊ាចេញផ្សាយថ្ងៃសុក្រនេះ។ 

​    ​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​និយាយថា ក្មេងប្រុស​ដែល​មើលទៅ​ពុំមាន​គ្រោះថ្នាក់​និង​ស្ថិតក្នុង​ស្ថានភាព​សុខ​ភាពល្អ​ម្នាក់នេះ ត្រូវបាន​រកឃើញ​នៅក្នុង​មូលដ្ឋាន​យោធា​មួយ​នៅ​ម៉ោង​ប្រហែល ៧.៥០ នាទី​ព្រឹក​។ អ្នកនាំពាក្យ​ដដែល​បន្តថា "​មន្ត្រី​កងកម្លាំង​ស្វ័យការពារ​មួយរូប​ដែល​កំពុង​ហាត់​សមបាន​រកឃើញ​ក្មេងប្រុស​ម្នាក់​អាយុ​ប្រហែល ៧ ឆ្នាំ​"​។ 

​    ​អ្នកនាំពាក្យ​និយាយទៀតថា "​គ្មាន​របួស​រូបរាង​ខាងក្រៅ​នោះទេ ហើយ​ក្មេង​នោះបាន​ប្រាប់​ឈ្មោះ​ខ្លួនឯង​ថា យ៉ាម៉ា​តុ តា​នូ​កា (Yamato Tanooka)"​។ 

​    ​លោក ម៉ា​ណា​ប៊ូ តា​កេ​ហា​រ៉ា (Manabu Takehara) អ្នកនាំពាក្យ​ឱ្យ​កងកម្លាំង​ស្វ័យការពារ ក៏បាន​ប្រកាស​ដែរ​ថា ក្មេងប្រុស​នេះ​ត្រូវបាន​រកឃើញ​ហើយ​។ លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​គាត់​មើលទៅ​មាន​សុខ​ភាពល្អ ប៉ុន្តែ​គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​តាមរយៈ​ឧទ្ធម្ភាគចក្រ​មន្ទីរពេទ្យ​" សម្រាប់​ពិនិត្យ​សុខភាព​ហើយ​។ 

​    ​ក្មេងប្រុស​ម្នាក់នេះ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​ឪពុកម្តាយ​និយាយថា ពួកគេ​បានឱ្យ​កូន​គាត់​ចុះ​ពី​ឡាន​នៅ​ផ្លូវ​លើ​ភ្នំ​ Nanae កោះហុងកៃដូ ​ទុកជា​ការដាក់ពិន័យ​សម្រាប់​ឥរិយាបថ​ឆ្គាំឆ្គង​។ តាម​ដឹង ក្មេង​នេះ​ពុំបាន​ផឹកទឹក និង​ទទួលទាន​ចំណីអាហារ​ទេ​។ 

​    ​ឪពុកម្តាយ​នេះ​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​ប៉ូលិស​ថា​កូន​របស់​ពួកគាត់​វង្វេងផ្លូវ ខណៈ​កំពុង​ឡើង​ភ្នំ​បេះ​បន្លែ​ព្រៃ ប៉ុន្តែ​ក្រោយមក​បាន​សារភាពថា ពួកគេ​ខឹង​ពេក​និង​ព្យាយាម​ដាក់ពិន័យ​កូន​ម្នាក់​នោះ ព្រោះ​វា​បាន​គប់​ដុំ​ថ្មដា​ក់ឡាន និង​មនុស្ស​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់