adverise with khmeread Hollywood

ក្រឡេកមើលរឿងរ៉ាវប្លែកៗទាំង១០ប្រចាំឆ្នាំ ២០១៥ នៅហូលីវូដ

១០. ពាក្យចចាមអារ៉ាម​ចែក​ផ្លូវគ្នា​រវាង វីល ស្មីត និងភរិយា ចាដា ភិនខេត

តារាភាព​យន្ត វីល ស្មីត (Will Smith) និង ចាដា ភិងខេត ស្មីត (Jada Pinkett Smith) វាយតបពាក្យ​ចចាមអារ៉ាម​លែង​លះ​ ហើយតួអង្គក្នុងរឿង “Fresh Prince” រូបនេះ ថែមទាំង​សរសេរ​តាមហ្វេសប៊ុក​រិះគន់ការលើកឡើងថា ពួកគេ​ទាំង​ពីរនាក់បានបញ្ចប់ចំណងស្នេហ៍ បន្ទាប់ពី​រួមរស់ជាប្តីប្រពន្ធ​១៧​ឆ្នាំ។ ស្មីត បាន​អះអាងថា “ខ្ញុំហ៊ាន​សន្យាជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំមិនដែល​សម្រេចចិត្ត​លែងលះ​ប្រពន្ធរបស់ខ្ញុំនោះទេ”។

៩.​ តារាភាព​យន្ត ឆាលី ស៊ីន សារភាព​ថា មាន​ផ្ទុក​មេរោគអេដស៍

នៅក្នុងបទសម្ភាសផ្សាយផ្ទាល់នាពេល​ថ្មីៗនេះ តារាភា​ពយន្តហូលីវូដ ឆាលី ស៊ីន (Charlie Sheen) បាន​បង្ហើបប្រាប់ថា លោកមានផ្ទុក​វីរុសហ៊ីវ​រយៈ​ពេល​បួន​ឆ្នាំហើយ។ លោកនិយាយថា “វាជា​អក្សរបីតួ​ដែលពិបាកនឹងទទួលយក” ដោយ​ហៅ​ការធ្វើរោគវិនិច្ឆ័យនេះថា ជា​ទណ្ឌកម្ម​ដ៏ធ្ងន់ធ្ងន់មួយចំពោះរូបលោក។

៨. រឿងអាស្រូវរបស់យុវជន ចូស ដាក់ហ្គា ធ្វើឲ្យ​ក្រុម​គ្រួសារបាត់បង់កម្មវិធី​ជជែក​កម្សាន្ត

        ការទម្លាយ​ព័ត៌​មាន​ថា យុវជន ចូស ដាក់ហ្គា (Josh Duggar) បាន​បៀត​បៀន​កេរ្តិ៍ភេទ​ក្មេងស្រីមិនទាន់គ្រប់អាយុ​ចំនួន​៥​នាក់ ដែលរួមទាំងបង​ប្អូន​ស្រី​របស់​គាត់បួន​នាក់ផងនោះ បណ្តាលឲ្យ TLC លុបចោល​កម្មវិធី​ “19 Kids and Counting” របស់គ្រួសារគាត់កាលពីខែ​កក្កដា។ ដាក់ហ្គា បានលាលែងពី​ការងារ​ ជា​អ្នកបញ្ចុះបញ្ចូលនិង​បានចូលសម្រាក​ព្យាបាល​នៅ​មណ្ឌល​ស្តានីតិសម្បទា ដែល​តាម​ព័ត៌មានថា ដោយសារតែ​បញ្ហាញៀននឹងសិច។

៧. បេន អាហ្វផ្លិក (Ben Affleck) និង ជេននីហ្វើ ហ្គាន័រ (Jennifer Garner) ប្រកាសលែងលះ

        កាលពីខែមិថុនា មួយថ្ងៃបន្ទាប់ពី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​រយៈ​ពេល​១០​ឆ្នាំ​របស់ខ្លួន ប្តីប្រពន្ធទាំងពីរ​បាន​សារភាពថា ពួកគេលែងលះ​គ្នាហើយ។ ក្រោយ​មក​មាន​ពាក្យចចាមអារ៉ាម​ថា តារាស្រីរូបនេះ​បាន​បោះបង់ស្វាមីរបស់នាងចោល​ បន្ទាប់ពី​ដឹងថា បេន អាហ្វផ្លិក លួចដេក​ជា​មួយ​ម៉ែដោះ​ថែកូនរបស់ខ្លួន។ អាហ្វផ្លិក​ បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយ​ ហ្គាន័រ មិនបានរងផល​ប៉ះពាល់​ដោយសារតែសេចក្តីរាយការណ៍ទាំងនេះទេ ហើយបាន​រាប់ជាមិត្ត​ធម្ម​តាវិញ។

៦. រូបភាពស៊ែហ្វ៊ីរបស់ចន ស្តាម៉ូសនៅមុខអគារ “Full House” ល្បីពេញអ៊ីនធឺណេត

        តារាសម្តែងអាមេរិកលោក ចន ស្តាម៉ូស (John Stamos) ជួបរឿងហេង និងរឿងស៊យច្រើនក្នុងឆ្នាំនេះ ដោយដំបូងគឺចាប់ផ្តើមចេញពីការថតស៊ែរហ្វ៊ី ដាក់លើអ៊ីស្តាក្រាម ដែលថតនៅមុខផ្ទះមួយដោយដាក់ឈ្មោះថា “Full House” ដោយធ្វើឲ្យល្បីខ្លាំងពេញអ៊ីនធឺណេត ប៉ុន្តែមួយខែក្រោយមកតារាក្នុងរឿង “Grandfathered” ក៏ត្រូវបានចាប់ខ្លួនពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយត្រូវបានបញ្ជូនទៅអប់រំនៅមជ្ឈមណ្ឌលស្តារនីតិសម្បទា។

៥. ដ្រេក ឆ្លើយតបនឹងការរិះគន់របស់​ មីក មីលល តាមបណ្តាញសង្គម

        តារាចម្រៀងរែប មីក មីល (Meek Mill) បានចាប់ផ្តើម​សង្គ្រាម​ពាក្យ​សម្តី​ដ៏​ខ្លាំងក្លាជា​មួយនឹង​តារាចម្រៀង​រែប​ដូចគ្នា កាលពីខែ​កក្កដា​ ដោយចោទប្រកាន់​ ដ្រេក តាមបណ្តាញសង្គមទ្វីតធើ​ថា បានឲ្យ​អ្នកផ្សេងជួយសរសេរ​ចម្រៀង​រែប​ឲ្យ។ ប៉ុន្តែដោយសារតែទ្រាំមិនបាន ដ្រេក (Drake) តារាចម្រៀងរែបបានរិះគន់​តបវិញ​ប៉ុន្មានថ្ងៃក្រោយ​ដោយប្រើពាក្យធ្ងន់ៗថា “Charged Up” ។ ដ្រេក បាន​បដិសេធ​ការចោទប្រកាន់របស់ មីល ហើយ​ចំអក​ថា មីល ងប់ងុលនឹងមិត្តស្រី​ នីគី មីណា (Nicki Minaj) ។

៤. បប់ប៊ី គ្រីស្ទីណា ប្រោន ស្លាប់ក្នុងវ័យ២២ឆ្នាំ

        បប់ប៊ី គ្រីស្ទីណា ប្រោន (Bbbi Kristina Brown) កូនស្រីតែម្នាក់គត់​របស់​លោក បប់ប៊ី ប្រោន (Bobby Brown) និង​អតីតតារាចម្រៀង វីតនី ហូស្តុន (Whitney Houston) ត្រូវបា​នរកឃើញដេកផ្កាប់មុខស្តូកស្តឹងក្នុង​អាងងូតទឹក​កាលពី​ថ្ងៃទី​៣១​ខែ​កក្កដា ដោយ​មិត្តប្រុសយូរអង្វែង នីក ហ្គ័រឌិន (Nick Gordon) ។ នាងសន្លប់​រហូតដល់​ថ្ងៃទី២៦ខែកក្ក នៅពេលនាងស្លាប់​ក្រោម​ការគាំពាររបស់​មន្ទីរពេទ្យ។ ដោយជឿថា ហ្គ័រឌិន ជា​អ្នក​ប្រព្រឹត្តិ ក្រុម​គ្រួសាររបស់នាងបាន​ហាម​ឃាត់​មិន​ឲ្យ​ ហ្គ័រឌិន ចូលរួម​ពិធីបុណ្យសពនិង​បានដាក់ពាក្យប្តឹងកាលពី​ខែ​សីហា​ផងដែរ។

៣. ឡាម៉ា អូដុម ដេកសន្លប់នៅក្បែរ​ផ្ទះបន

        ឡាម៉ា អូដុម ជើងឯក​ក្របខណ្ឌបាល់បោះ​ NBA ពីរ​សម័យកាលកំពុង​តែ​​ប្រសើរឡើងវិញហើយ បន្ទាប់ពី​ផឹកស្រានិងជក់ថ្នាំញៀន​ហួសកម្រិតនៅផ្ទះបន​មួយ​នៅ​រដ្ឋណេវ៉ាដាកាលពីថ្ងៃទី១៣​ខែតុលា។ ឡាម៉ា ដេកសន្លប់រយៈ​ពេល​បីថ្ងៃ  ប៉ះពាល់ខួរក្បាល ខូចសួត តម្រងនោមនិង​មានបញ្ហាដាច់សរសៃឈាម​ក្នុង​ខួរ​ក្បាល​ផងដែរ។ បច្ចុប្បន្ន លោកកំពុងទទួល​ការព្យាបាល​នៅ​ Cedars-Sinai Medical Center ហើយរៀន​ដើរ និយាយនិង​ទទួលទាន។

២. ចាស្ទីន ប៊ីបឺ បញ្ចេញភាព​អាក្រាត អំឡុងដំណើរកម្សាន្ត

        ចាស្ទីន ប៊ីបឺ (Justin Bieber) ម្ចាស់បទ “Sorry” ដើរស្រាតហាក់ដូចជាឥត​ខ្មាសអៀនអ្វីបន្តិចសោះ អំឡុង​ដំណើរកម្សាន្តនៅបូរ៉ាបូរ៉ា ជាមួយតារាបង្ហាញម៉ូត ជេដេ ភាស (Jayde Pierce) ។ រូបភាពដែល​ Daily News ទទួលបាន​កាល​ពី​ថ្ងៃ​ទី​៧​ ខែតុលា បង្ហាញថា ប៊ីបឺ ដើរ​លំហែនៅលើកោះសមុទ្រ​ប៉ាស៊ីហ្វិកទាំងអាក្រាត ហើ​យក្រោយមក រូបភាពនេះ បានលេចធ្លាយតាមបណ្តាញសង្គម​។

១. អតីតមេដាយមាសអូឡាំពិកកែភេទមកជាស្រីដាក់ឈ្មោះថាខេតលីន ជេន័រ

        អតីតអត្តពលិកអូឡាំពិកដ៏អស្ចារ្យលោក ព្រូស ជេន័រ (Bruce Jenner) អាយុ ៦៦ ឆ្នាំបានប្រកាសកែភេទមកជាស្រីដាក់ឈ្មោះថា នាង ខេតលីន ជេន័រ (Caitlyn Jenner) ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយពិធីការិនី Diane Sawyer ខែមេសា ដោយលោកបានប្រកាសថា ខ្លួនជាស្រីកែភេទទេ។ អ្នកនាងបន្ទាប់មកក៏បន្តក្លាយជាសកម្មជនការពារសិទ្ធិមនុស្សកែភេទដ៏ល្បីផងដែរ៕

adverise with khmeread
ប្រភព៖ ញូវយ៉កដេលីញូវស៍

មតិយោបល់