adverise with khmeread 5150de56 c5c3 4907 8a46 d330cc6b2261

ឡាន​កូរ៉េ​ដឹក​កម្មករ​កិន​បុរស​ម្នាក់​ស្លាប់​ទាំង​ព្រឹក​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បន្ទាប់​យុវជន​ម្នាក់​បើក​ម៉ូតូ​វ៉ា​រថយន្ត​ប្រភេទ​កូរ៉េ (​ដឹក​កម្មករ​)​ មួយគ្រឿង រួច​ជ្រុល​បុក​ជាមួយ​រថយន្ត​ដឹក​កក​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​ដួល​ម៉ូតូ ក៏ត្រូវ​រថយន្ត​កូរ៉េ ដែល​វ៉ា​មុន​នោះ​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ។​

    គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៣ មិថុនា ២០១៦ ស្ថិតនៅ​ចំណុច​មុខ​បន្ទាយ​ទាហាន​ដើម​អំពិល​លើផ្លូវ​លេខ​១៥១ ក្នុង​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ជួន វុទ្ធី អាយុ​២២​ឆ្នាំ ជា​កម្មករសំណង់ មាន​ទី​លំ​ភូមិ​ស្វាយ ឃុំ​ឆ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ជិះ​ម៉ូតូ​ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពាក​ស្លាក​លេខ 1FN-9107។​

    ចំណែក​អ្នកបើករថយន្ត​ដឹក​ទឹកកក ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អាន សុខ​តារា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អន្ទង់​ពោះវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ចំណែក​ខាង​រថយន្ត​កូរ៉េ ដែល​កិន​ជនរងគ្រោះ បាន​បើក​គេច​បាត់។​

    ប៉ូលិស​បន្តថា ដំបូងគេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​លិចទៅ​កើត។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​កូរ៉េ​នោះ រួច​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្តាលឱ្យ​ដួល​ម៉ូតូ។​

    ភ្លាមនោះ​ស្រាប់តែ​រថយន្ត​ដឹក​កម្មករ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​កិន​ពីលើ​ជនរងគ្រោះ​បណ្តាលឱ្យ​បែក​ស្លាប់​តែម្តង។ បន្ទាប់ពី​ដឹងថា បាន​កិន​ជនរងគ្រោះ​ស្លាប់​ហើយ រថយន្ត​បាន​បើក​គេច​បាត់ទៅ។​

    បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​អ្នកបើករថយន្ត​ដឹក​កក​នោះបាន​និយាយ​អះអាងថា "​គាត់​ក៏​ជា​អ្នករងគ្រោះ​ដែរ"​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់