ភ្នំពេញ ៖ ពួកចោរដាច់ដាបបានគាស់សោផ្ទះចូលលួចយកម៉ូតូហុងដា គុបជ្រុង មួយគ្រឿងនិងស្រាបៀរចំនួន៤កេសទៅបាត់ បន្ទាប់ពីម្ចាស់ ចាក់សោផ្ទះចោលរវល់តែទៅស្រុកត្រឡប់មកវិញទើបដឹងថាបាត់ រួចទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនរងគ្រោះ ជាដើមបណ្តឹង មានឈ្មោះ ប៉ែន ចន្ធូ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ភេសជ្ជៈ នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិកាប៉ាស់ ឃុំឈើតុង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែក សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះ អះអាងថាបាត់ ម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CU-1763 និងស្រាបៀរចំនួន៤កេសទៀត។
ស្ត្រីរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី០១ ខែមិថុនា ឆ្នាំ២០១៦ គាត់និងក្រុមគ្រួសារ បានចាក់សោផ្ទះចោល ដោយទុកដាក់ សម្ភារៈនៅក្នុងផ្ទះ ហើយចាកចេញទៅស្រុកកំណើត។
លុះ ពេលវិលមកវិញនៅល្ងាចថ្ងៃទី០២ ខែមិថុនា ពេលដែលចាក់សោចូលផ្ទះស្រាប់តែបាត់ម៉ូតូ និងស្រាបៀរតែម្តង។
ស្ត្រីរូបនោះបន្តថា ស្ថានភាព សោទ្វារផ្ទះ ឃើញនៅជាប់សោរធម្មតាទេ តែដល់ពេល ចាក់បើក ចូលទៅ បែរជាបាត់ បង់ទ្រព្យសម្បត្តិ មិនដឹងជនសង្ស័យ លួចធ្វើសកម្មភាពតាំងពីពេលណានោះទេ។
ក្រោយពីដឹងថា បាត់បង់ ម៉ូតូ ហើយនៅព្រឹកថ្ងៃទី០៣ នេះជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា៕
