adverise with khmeread 304ec4c9 f697 47c5 ba9c 3105b856df72

ផ្ទុះ​បាតុកម្មហិង្សា​នៅ​រោងចក្រ​កាត់ដេរ​«​ដណ្តើម​ផលប្រយោជន៍​គ្នា​»

    ភ្នំពេញ ៖ សហជីព​ចំនួន​២ ដែល​ម្ខាង​បាន​ដឹកនាំ​កម្មករ​រោងចក្រ​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​រោងចក្រ​ និងម្ខាង​ទៀត​គាំទ្រ​ខាង​រោងចក្រ ហើយ​កើត​ជម្លោះ​រហូត​វាយតប់​គ្នា​បណ្តាលឱ្យមាន​របួស​ជាង​១០​នាក់ ក្នុងនោះ​របួសធ្ងន់​បែកក្បាល​៣​នាក់។​

    បាតុកម្មហិង្សា​រវាង​សាច់​ឯង​ខាងលើនេះ​កើតឡើង​នៅមុខ​រោងចក្រ​កាត់ដេរ​យ៉​ក​ម៉ាស (​ខេ​ម​បូ​ឌា​) ហ្គា​មេន អិ​ម​អេ​ហ្វ​ជី  នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    ប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃនេះ មាន​កម្មករ កម្មការិនី​ក្រុមហ៊ុន​ យ៉​ក​ម៉ាស (​ខេ​ម​បូ​ឌា​) ហ្គា​មេន អិ​ម​អេ​ហ្វ​ជី នៅ​សង្កាត់​កា​កាប​មាន​កម្មករ ប្រមាណ​ជិត​៣០០​នាក់ ក្នុងចំណោម​កម្មករ​ជាង​៧០០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា នៅ​ខាងក្រៅ​រោងចក្រ ដោយមាន​សង់រោង​ប្រក់​តង់​កៅស៊ូ​ផង  ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ដែល​ដឹកនាំ​ដោយ​សហជីព​អំណាច​យុវជន​កម្ពុជា របស់លោក​សៀង  រិទ្ធី។​

    លក្ខខណ្ឌ​នោះ​រួមមាន ទី​១- សុំ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​បន្ថែមចំនួន​៥​ដុល្លារ ទី​២- សុំ​ឲ្យ​ក្រុមហ៊ុន​កែប្រែ​ប្រធាន​ផ្នែក​ផលិតកម្ម ជនជាតិ​ចិន​នៅ​ផ្នែក​តុ​កាត់ មុនពេល​ធ្វើ​អ្វី​ចំពោះ​កម្មករ​ត្រូវមាន​ហេតុផល​សមរម្យ ទី​៣- សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​បាយ​ថែម​ម៉ោង​ថ្ងៃអាទិត្យ​ចំនួន​៦០០០​រៀល ទី​៤- សុំ​ឲ្យ​ក្រុមហ៊ុន​ចាត់វិធានការ តាម​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​ការងារ​ចំពោះ​តំណាង​សហជីព​ស្មារតី​កម្មករ​ខ្មែរ ចំនួន​៤​នាក់ ដែល​បាន​វាយ​កម្មករ​កន្លងមក​នៅក្នុង​រោងចក្រ និង​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត​។​

    ប្រភព​បន្តថា នៅពេលដែល​ក្រុមកម្មករ​ទាំងនេះ កំពុង​ធ្វើ​កូដកម្ម​នោះ ស្រាប់តែ​នៅពេល​ថ្ងៃត្រង់​មាន​ក្រុមកម្មករ ដឹកនាំ​ដោយ​មន្ត្រី​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​របស់លោក មុំ សៀក ជាង​៣០​នាក់ បានមក​អុកឡុក និង​វាយ​បង្ក្រាប​មកលើ​កម្មករ ដែល​កំពុង​ធ្វើ​កូដកម្ម នៅខាងមុខ​រោងចក្រ​ប​ណ្តា​ល​ឱ្យមាន​កម្ម​កររ​ង​របួសធ្ងន់​បែកក្បាល​ចំនួន​៣​នាក់ និង​រងរបួស​ស្រាល​ជាង​១០​នាក់ ត្រូវបាន​បញ្ជូនទៅ សម្រាក និង​ព្យាបាល​នៅ​គ្លី​នី​ក​ឯកជន​។ ក្រោយ​មាន​កើតហេតុ​ភ្លាមៗ ទាំង​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ទៅ​ជួយ​អន្តរាគមន៍​។​

    សូមបញ្ជាក់ថា សហជីព​របស់លោក​មុំ សៀក​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា ជារឿយៗ​តែង​ដើរ​បង្ក​ហិង្សា​វាយ​លើ​សហជីព​ដទៃ បណ្តាលឱ្យ​របួស  ហើយ​ភាគី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច។ សមត្ថកិច្ច​កោះហៅ​សមាជិក​ចំនួន​១២​នាក់​ចូលខ្លួន​២​លើក​មកហើយ តែ​មិនទាន់​ចូលខ្លួន​ដោះស្រាយ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់