adverise with khmeread 1

សំដី​កុហក​របស់​បុរស​ឈឺ​ធ្ងន់​ជិត​ស្លាប់​ម្នាក់នេះ​បាន​ជួយ​កែប្រែ​ជីវិត​របស់​បុរស​ឈឺ​ធ្ងន់​ម្នាក់ទៀត​

​    ​ថ្ងៃមួយ​បុរស​ពីរ​នាក់​ដែល​ឈឺ​ធ្ងន់​ដូចគ្នា​បាន​សម្រាក​នៅ​បន្ទប់​មន្ទីរពេទ្យ​មួយ​ជាមួយគ្នា​។ បុរស​ម្នាក់​ដែល​ដេក​ក្បែរ​បង្អួច​បានទទួល​ការអនុញ្ញាតឱ្យ​អង្គុយ​លើ​គ្រែ​របស់គាត់​រាល់​មួយ​ម៉ោង​ម្ដង​នៅពេល​រសៀល ដើម្បី​បង្ហូរ​សារធាតុ​រាវ​ចេញពី​សួត​របស់គាត់​។ នៅ​ជិត​គ្រែ​របស់គាត់​មាន​បង្អួច​តែមួយ​ប៉ុណ្ណោះ​។ បុរស​ម្នាក់​ផ្សេងទៀត​មិនអាច​ក្រោក​អង្គុយ​បានទេ គឺ​ត្រូវ​ដេក​លើ​គ្រែ​រហូត​។​

​    ​ថ្ងៃមួយ​បុរស​ទាំង​ពីរបាន​ជជែក​គ្នា​អស់​មួយ​ម៉ោង​។ ពួកគេ​បាន​និយាយ​អំពី​ប្រពន្ធ គ្រួសារ ផ្ទះ ការងារ ការបម្រើ​កងទ័ព ។​ល​។​

​    ​រៀងរាល់​ពេល​រសៀល ពេលដែល​បុរស​ក្បែរ​បង្អួច​ក្រោក​អង្គុយ គាត់​បាន​រៀបរាប់​ប្រាប់​មិត្ត​រួម​បន្ទប់​របស់គាត់​នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​បានឃើញ​នៅ​មាត់​បង្អួច​។​

​    ​ពេល​ស្តាប់​នូវ​អ្វីដែល​អ្នកជំងឺ​ក្បែរ​បង្អួច​និយាយប្រាប់ បុរស​នៅ​គ្រែ​ម្ខាង​ទៀត​ចាប់ផ្តើម​មានសង្ឃឹម​ក្នុង​ជីវិត​ឡើងវិញ ដោយសារតែ​ការ​ពិពណ៌នា​អំពី​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ និង​សកម្មភាព​ដ៏​រស់​រវើក​នានា​នៅ​ខាងក្រៅ​រួមទាំង​ទេសភាព​ដ៏​ស្រស់បំព្រង​។​

​    ​បុរស​ក្បែរ​បង្អួច​នោះបាន​និយាយថា មើល​ពី​បង្អួច​ទៅ​គឺ​ឃើញ​សួន​ដ៏​ស្អាត​មួយ​ដែលមាន​បឹង​ដ៏​ធំ​នៅជាប់​ជាមួយ​។ សត្វ​ទានិ​ង​ក្ងាន​កំពុង​លេង​លើទឹក​យ៉ាង​សប្បាយ រីឯ​ក្មេងៗ​កំពុង​ជិះទូក​ក្ដោង​យ៉ាង​រីករាយ​។ គូស្នេហ៍​ក្មេងៗ​កំពុង​ដើរ​កាន់​ដៃ​គ្នា​យ៉ាង​ត្រសង​នៅក្នុង​សួន ដែល​ពោរពេញ​ទៅដោយ​ផ្កា​ចម្រុះ​ពណ៌​ជាមួយនឹង​ទេសភាព​ជើងមេឃ​ដ៏​គួរឱ្យ​គយគន់​។​

​    ​បុរស​នៅ​ជិត​បង្អួច​បាន​រ៉ាយរ៉ាប់​យ៉ាង​ក្បោះក្បាយ​នូវ​អ្វីដែល​គាត់​មើលឃើញ ខណៈ​បុរស​ដែល​នៅ​គ្រែ​ម្ខាង​ទៀត​បាន​ត្រឹម​បិទ​ភ្នែក​ស្រមើល​ស្រមៃ​ទិដ្ឋភាព​នោះ​ប៉ុណ្ណោះ ត្បិត​ខ្លួន​មិនអាច​ក្រោក​អង្គុយ​បាន​។​

​    ​នៅ​រសៀល​ដ៏​កក់ក្ដៅ​មួយ​បុរស​ដែល​នៅ​ជិត​បង្អួច​បាន​រៀបរាប់​ប្រាប់​អំពី​ក្បួនព្យុហយាត្រា​មួយ​កំពុង​ឆ្លងកាត់​មន្ទីរពេទ្យ​នោះ​។​

​    ​បើទោះជា​បុរស​ដេក​នៅ​គ្រែ​ម្ខាង​ទៀត​មិនអាច​ស្តាប់ឮ​សំឡេង​ព្យុហយាត្រា​នោះ ក៏ប៉ុន្ដែ​គាត់​អាច​ស្រមៃ​ឃើញ​វា​ក្នុង​ចិត្ត​គាត់​។​

​    ​* ជាច្រើន​ថ្ងៃជា​ច្រើន​អាទិត្យ​កន្លងផុតទៅ​។​

​    ​ព្រឹក​មួយ នៅពេល​កិ​លា​នុប្ប​ដ្ឋា​យិ​កា​បាន​មកដល់​ដើម្បី​យក​អ្នក​ទាំងពីរ​ទៅ​ងូតទឹក ស្រាប់តែ​ឃើញ​បុរស​ក្បែរ​បង្អួច​អង្គុយ​ស្លាប់​យ៉ាង​ស្ងប់​សុខ​។ នាង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​និង​បាន​ហៅ​អ្នកធ្វើការ​នៅ​មន្ទីរពេទ្យ​មក​យក​សាកសព​គាត់​ទៅ​រក្សាទុក​នៅ​សាល​ខ្មោច​។​

​    ​មិនយូរប៉ុន្មាន​បុរស​ដែល​ក្រោក​មិន​រួច​នោះ​ស្រាប់​តែមាន​អារម្មណ៍​ថា​អាច​ក្រោក​អង្គុយ​បាន​ខ្លះ និង​សុំ​ទៅ​អង្គុយ​ក្បែរ​បង្អួច​នោះ​។ កិ​លា​នុប្ប​ដ្ឋា​យិ​កា​យល់​ព្រមឱ្យ​គាត់​ទៅ​ដេក​នៅ​គ្រែ​ក្បែរ​បង្អួច​នោះ ហើយ​បន្ទាប់ពី​លើកដាក់​គាត់​ឱ្យ​អង្គុយ​លើ​គ្រែ​នោះ​ស្រួលបួល​ហើយ នាង​ក៏​ចាក​ចេញពី​បន្ទប់ ទុក​គាត់​ឱ្យនៅ​ម្នាក់ឯង​។​

​    ​គាត់​ខំប្រឹង​លើកដៃ​ដាក់​មាត់​បង្អួច​និង​អង្គុយ​មើល​ទេសភាព ដែល​បុរស​ស្លាប់ទៅ​រ៉ាយរ៉ាប់​ប្រាប់​គាត់​។​

​    ​បង្អួច​នោះ​តាមពិតទៅ​គឺ​ទល់មុខ​នឹង​ជញ្ជាំង​អគារ​មួយទៀត​ប៉ុណ្ណោះ​។ អ្នកជំងឺ​នោះ​ក៏បាន​សួរ​ទៅ​គិ​លា​នុប្ប​ដា្ឋ​យិ​កា​នោះ​ថា មូលហេតុ​អ្វី​ទៅ​ដែល​ជំរុញ​ឱ្យ​បុរស​ស្លាប់​ទៅនោះ​រ៉ាយរ៉ាប់​អំពី​ទេសភាព​ដ៏​អស្ចារ្យ​នេះ​ប្រាប់​គាត់​ទាំង​មាត់​បង្អួច​គ្មានទេ​សភាព​អ្វី​បន្តិច​សោះ​នោះ​? 

​    ​គិ​លា​នុប្ប​ដា្ឋ​យិ​កា​តប​វិញ​ថា បុរស​ម្នាក់​នោះ​គាត់​ពិការភ្នែក​ទេ និង​មិន​បានដឹង​សូម្បីតែ​បង្អួច​បែរមុខ​ទៅ​ទិស​ណា​ផង​។ 

​    ​នាង​ប្រាប់​ទៅ​គាត់​ថា "​ប្រហែល​គាត់​ចង់​លើកទឹកចិត្ត​លោក​ឱ្យ​ឆាប់​ជា​ពី​ជំងឺ​ហើយ​មើលទៅ​"​។ 

​    ​ចុងក្រោយ គ្មាន​ឱសថ​អ្វី​ល្អប្រសើរ​ជាង​ការលើកទឹកចិត្ត​នោះទេ​។ អ្នកជំងឺ​ទោះ​ឈឺ​ធ្ងន់​ប៉ុនណា​ក៏​គង់តែ​នៅមាន​សង្ឃឹមរ​ស់បាន ប្រសិនណាបើ​មាន​កម្លាំង​ជំរុញ​ពី​ខាងក្នុង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់