ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារតែត្រូវរថយន្ដ បុកពេញទំហឹងបណ្ដាលឱ្យប៉ើងខ្ទាតជិត១០ម៉ែត្រកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AG-8490 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដទិសដៅពីត្បូងទៅជើង។
ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2351 បើកបរដោយបុរសជនជាតិកូរ៉េនិងរួមជាមួយនារីខ្មែរម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចយ៉ាងលឿនបំណងឆ្លងមហាវិថីព្រះនរោត្តមមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យម៉ូតូអូសជិ១០ម៉ែត្រ និងម្ចាស់ម៉ូតូរងរបួសបែកមុខបែកមាត់រងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះដល់ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមសងថ្លៃការខូចខាតនិងព្យាបាលរបួសទៅឲ្យភាគីរងគ្រោះចំនួន270$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងព្រោះមិនចង់មានរឿងវែងឆ្ងាយនិងមិនចង់រំខានដល់សមត្ថកិច្ចផងដែរ៕
