កណ្តាល ៖ ចោរឆក់ពីរនាក់ត្រូវប៉ូលិសនិងប្រជាការពារក្រុងតាខ្មៅចាប់ក្របួចជាប់បន្ទាប់ពីធ្វើ សកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួននៅវេលាម៉ោង៩ និង២៥នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខហាង៩៩៩ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការប៉ូលិសក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ គិត តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកធ្វើសកម្មភាពឆក់យកកាបូបនិង ទី២-ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ២៥ឆ្នាំជាអ្នកបើកម៉ូតូ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិមិនពិតប្រាកដ។ មធ្យោបាយធ្វើសកម្មភាពម៉ូតូស្កូបពីគ្មានស្លាកលេខ។
ចំណែកជនរងគ្រោះឈ្មោះ គង់ ស្រីសៀង ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នុំពេញពុំមានបាត់បង់អ្វីទេ។
ស្ត្រីរងគ្រោះបានបំភ្លឺប្រាប់ប៉ូលិសថា នៅម៉ោង៩ និង២៥នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦គាត់បានជិះម៉ូតូស្កូបពីរម្នាក់ឯងក្នុងទិសដៅពីភ្នុំពេញមកតាខ្មៅ។ លុះមកដល់មុខភោជនីដ្ឋាន៩៩៩ សង្កាត់ដើមមៀនក្រុងតាខ្មៅស្រាប់តែឃើញម៉ូតូមួយគ្រៀងម៉ាកស្កូបពីដែរតែគ្មានស្លាកលេខជិះឌុបគ្នា២នាក់មកដល់ទន្ទឹមក៏ធ្វើសកម្មភាពឆក់យកកាបូបហើយជិះចូលតាមផ្លូវបេតុងក្នុង ភូមិព្រែកតាពៅ១គេចខ្លួន។ ពេលនោះកម្លាំងប្រជាការពារនិងប៉ូលិសក្រុងតាខ្មៅស្ទាក់ចាប់បានភ្លាមៗ។
ជនសង្ស័យទាំង ២រូបកំពុងត្រូវបានប៉ូលិសជំនាញសាកសួរចម្លើយកសាងសំណុំរឿងតាមនិតិវិធី៕
