D680aa9e da12 42bf bd25 16e4d62a81a9

គយ​ច្រកទ្វារ​ជ្រៃ​ធំ បង្ក្រាប​សត្វ​អណ្តើក និង​ពស់​ជិត​១​ពាន់​ក្បាល​ ប៊ិះបានចូលទៅយួន

    កណ្ដាល ៖ មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ច្រក​ជ្រៃ​ធំ​ក្នុងស្រុក​កោះធំ​ខេត្តកណ្តាល​ជាប់​ព្រំដែន​វៀតណាម ពិសេស​ក្រុមមន្ត្រី​គយ​តែម្តង​ដែល​ចាប់​បង្ក្រាបបាន​សត្វ​អណ្តើក និង​ពស់​បាន​ជិត​១​ពាន់​តោន​នា​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុងភូមិ​បាក់​ណា​ម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប្រភពពី​សមត្ថ​កិច្ចកា​រពារ​ព្រំដែន​ឈរជើង​នៅ​តំបន់​នោះបាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដែល​ដឹក​សត្វ​អណ្តើក និង​ពស់​ជិត​១​តោន​ប្រុង​លោតឆ័ត្រ​ទៅ​វៀតណាម​នោះ​ចរចា​ជាមួយ​សមត្ថកិច្ច​ផ្សេងៗ​ត្រូវ​ថ្លៃ និង​បង់លុយ​ឱ្យអស់ នៅឡើយ​តែ​ក្រុម​ឈ្មួញ​និយាយ​ថ្លៃ​ចរចា​គ្នា​មិនត្រូវ​ជាមួយ​មន្ត្រី​គយ​ច្រក​ជ្រៃ​ធំ​ដែលមាន​លោក មួង ដា​រ៉ា ជា​ប្រធានការិយាល័យ​ច្រក។​

    ប្រភព​បាន​ទម្លាយ​ឱ្យដឹងទៀតថា មន្ត្រី​គយ​ច្រក​ជ្រៃ​ធំ​នោះ​ទារលុយ​ពី​ឈ្មួញ​ជួញ​សត្វព្រៃ​នោះ​យក​ថ្លៃ​កប់​ពពក​ពេក ពោល គឺ​ចង់​ស្មើនឹង​តម្លៃ​សត្វព្រៃ​ជិត​១​តោន​នោះ​ទៅហើយ ទើប​ឈ្មួញ​ខិតខំ​ចរចា​យ៉ាងយូរ រហូត​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​គយ​នោះ​ខឹង​ក៏​ចាប់​យកមក​ស្នាក់ការ​តែម្តង​។​

    ប្រភពពី​ក្រុមមន្ត្រី​ដដែល​នោះបាន​ប្រាប់ទៀតថា មន្ត្រី​គយ​ចាប់​យកតែ​សត្វ​អណ្តើក​និង​សត្វ​ពស់​តែប៉ុណ្ណោះ ឯ​ម្ចាស់​សត្វ​មិនបាន​ឃាត់ខ្លួន​នោះទេ​។​ការដែល​មន្ត្រី​គយ​ចាប់​យកតែ​សត្វ​នេះ គឺ​គេ​គ្រាន់តែ​ជាការ​ព្រមាន​ដល់​ម្ចាស់​សត្វ កុំ​ឲ្យ​លើក​ក្រោយៗ​ចរចា​គ្នា​មិនត្រូវ​ទៀត​នោះ​។​

    ប្រភព​បាន​ប្រាប់ទៀតថា ពួក​ឈ្មួញ​ជួញដូរ​សត្វព្រៃ​នោះ គឺជា​ម៉ូយ​របស់​មន្ត្រី​ប្រចាំ​នៅ​ច្រក​ជ្រៃ​ធំ​នោះ​តែម្តង​។ សត្វព្រៃ​ពួក​ឈ្មួញ​ដឹក​ចេញ​រាល់ៗ​យប់ ហើយ​រាល់​នាំ​ចេញទៅ​វៀតណាម​បាន​រាល់ៗ​លើក​នោះ គឺ​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ទៅ​មន្ត្រី​ច្រក​ជ្រៃ​ធំ​នោះ​គ្រប់​ទាំងអស់​។ តែ​លើកចុងក្រោយ​នេះ សត្វ​អណ្តើក និង​ពស់​មាន​ជិត​១​តោន ទើប​ក្រុមមន្ត្រី​គយ​ទាមទារ​ឲ្យ​បង់លុយ​ច្រើន​នោះ​។​

    ប្រភព​មន្ត្រី​ទាំង​នោះបាន​បញ្ជាក់ថា សត្វ​អណ្តើក និង​ពស់​ជិត​១​តោន នោះ​ត្រូវ​មន្ត្រី​គយ​ចាប់​យកមក​ស្នាក់ការ នា​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ចាប់​នៅ​ចំណុច​ក្នុងភូមិ​បាក់​ណា​ម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្រោយ​ការចាប់​ហើយ​ទើប​គេ​ហៅ​មន្ត្រី​ប្រឆាំង​បទល្មើស​សត្វព្រៃ​មក​ទទួលយក​។​

    ខ្មែរ​រីដ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​មួង ដា​រ៉ា ​ប្រធានការិយាល័យ​ច្រក បានឡើយ។ យ៉ាងណាក៏ដោយ​ក៏​សត្វព្រៃ​ខ្មែរ​មានសំណាង​រស់នៅ​ដី​ខ្មែរ​បន្តទៀត ព្រោះ​ពួកវា​មិន​ចង់​ឆ្លងដែន​ទៅ​រស់នៅ​ស្រុក​គេ​នោះទេ។​

    លោក សុខ មី ប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា សត្វព្រៃ​ដែល​បង្ក្រាបបាន​សរុប​ជិត​១​តោន ក្នុងនោះ​មាន សត្វ​អណ្តើក​៣៦៤​គីឡូក្រាម ជា​ប្រភេទ​អណ្តើក​ភ្នំ ពស់ថ្លាន់​១៦​គីឡូក្រាម និង​ពស់សង់សឿ​៤៣៣​គីឡូក្រាម។

​    លោក សុខ មី បន្ដថា សត្វ​ពស់​ទាំងអស់​យកទៅ​ព្រលែង​នៅ​កន្លែង​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ចំណែក​អណ្តើក​ត្រូវ​ទៅ​លែង​នៅ​ក្រុង​កំពង់សោម ប៉ុន្តែ​ត្រូវ​ថែរក្សា​សត្វ​ទាំងនេះ​មាន​កម្លាំង​សិន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់