ព្រះសីហនុ ៖ យុវតីសិស្សពូកែកុយ អេងលីន ត្រូវជាប្អូន ដែលរថយន្តអេស្កាឡែតរបស់ថៅកែភោជនីយដ្ឋានឆ្នេរមាសបើកបុកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ នោះ បានស្លាប់នៅម៉ោងប្រមាណ ១១យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅមន្ទីរពេទ្យជោរីភ្នំពេញ បន្ទាប់យុវតីជាបងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រុមគ្រួសារយុវតីកុយ អេងលីន បានឲ្យដឹងថា នាងបានស្លាប់បន្ទាប់ពីព្យាយាមសង្គ្រោះមិនបានសម្រេច ហើយក្រុមគ្រួសារបានរៀបចំបែបបទនាំសពទៅកាន់ខេត្តព្រះសីហនុធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា កាលពីម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ យុវសិស្ស ២នាក់បងប្អូន ពេលជិះម៉ូតូឌុបគ្នាមកពីដង្ហែសពមិត្តភក្តិ ត្រូវបានរថយន្តអេស្កាឡែតរបស់ថៅកែភោជនីយ៍ដ្ឋានឆ្នេរមាសក្រុងព្រះសីហនុ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនៅភ្នំពេញ តែនាងត្រូវស្លាប់នៅម៉ោងជិត១១យប់ថ្ងៃទី២៤ ខែធ្នូ នេះ។
ប៉ូលិសនិយាយថា នៅម៉ោងកើតហេតុកាលពីថ្ងៃទី២២ ខែធ្នូ នៅតាមដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១២ -២១៣ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គេឃើញរថយន្ត ១គ្រឿងម៉ាកអេស្កាលែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6969 ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន បានបើកបុកយុវតីពីរនាក់បងប្អូនកំពុង ជិះម៉ូតូស្កុបពីឌុបគ្នា។
យុវតីជាបងឈ្មោះ កុយ អេងលី អាយុ ១៧ឆ្នាំ រីឯប្អូនឈ្មោះ កុយ អេងលីន ពួកគេទាំងពីរនាក់ជាសិស្សថ្នាក់ទី១០ សាលាអន្តរទ្វីប ពួកគេជាសិស្សពូកែប្រចាំសាលា៕
